ទីក្រុង Wuhan ត្រៀម​បើកដំណើរការ​​ព្រលាន​យន្ត​ហោះ​ឡើង​វិញ​នៅ​ចុង​ខែ​ក្រោយ

ទីក្រុង Wuhan ត្រៀម​បើក​ព្រលាន​យន្ត​ហោះ​ឡើង​វិញ​នៅ​ចុង​ខែ​ក្រោយ

អាកាសយានដ្ឋានអន្តរជាតិ Wuhan Tianhe (Wuhan Tianhe International Airport) អាច​នឹង​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​នៅ​ចុង​ខែមីនា​ខាង​មុខ នៅ​ពេល​ដែល​បទ​បញ្ជា​រឹតត្បិត​ការ​ដើរ​ហើរ​ដើម្បីទប់ស្កាត់​ COVID-19 នៃទីក្រុង​នេះ​ ត្រូវ​បាន​ដកចេញ។

“យើង​កំពុង​ត្រៀម​ដើម្បី​បើក​ដំណើរការ​ព្រលាន​យន្ត​ហោះ​នេះ​ឡើង​វិញ។ បើ​តាម​គម្រោង​គឺ​នៅ​ចុង​ខែ​នេះ ប្រហែល​ជា​ក្រោយ​ថ្ងៃ​ទី​20មីនា។ យើង​មិន​ទាន់​ដឹង​អំពីពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ​ ហើយ​យើង​កំពុង​រង់​ចាំ​បញ្ជា​ពី​ក្រុម​មន្ត្រី​ខេត្ត​ Hubei” នេះ​ជា​ការ​អះអាង​របស់មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ដែល​គ្រប់​គ្រងអាកាស​យានដ្ឋាន Wuhan Tianhe។

Wuhan Tianhe ដែល​ជា​ព្រលាន​យន្ត​ហោះធំបំផុត​មួយ​របស់​ប្រទេស​ចិន ត្រូវ​បាន​ផ្អាកដំណើរ​ការ​នៅ​ពេល​ទីក្រុង​ធំ​របស់​ខេត្ត Hubeiនេះ ត្រូវ​បាន​ដាក់​បម្រាម​គោចរ​កាល​ពី​ចុង​ខែ​មករា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19។ បទ​បញ្ជា​បម្រាម​គោចរ​នៅ​ទី​រួម​ខេត្ត​ Hubei អាច​នឹង​ត្រូវ​ដក​ចេញ​វិញ បន្ទាប់​ពី​ស្ថាន​ភាព​សុខាភិបាល​បាន​ល្អ​ប្រសើរ​ឡើងវិញ​។

ទីក្រុង Wuhan ថ្ងៃ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ចំនួន​8ករណី ដែល​នេះ​គឺជា​កំណើន​ទាប​បំផុត​ ក្នុង​អំឡុង​ជិត​2ខែ​មកនេះ​។ មន្ត្រី​កំពូល​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​របស់​ប្រទេស​ចិន បាន​ព្យាករ​ថា ទីក្រុង Wuhan អាច​នឹង​លែង​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ ចាប់​ពីចុង​ខែ​មីនា​នេះ​។

“ថ្ងៃ​បើក​ដំណើរ​ការ​ឡើង​វិញ នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ នៅ​ពេល​យើង​ទទួល​បាន​បញ្ជា​ពី​នាយកដ្ឋាន​អាកាស​ចរណ៍។ បុគ្គលិក​របស់​យើងចំនួន 1/5 បាន​ត្រឡប់​មក​ធ្វើ​ការ​វិញ​ហើយ​” នេះ​បើ​តាម​អ្នក​គ្រប់​គ្រង​ព្រលាន​យន្ត​ហោះ​ Wuhan Tianhe។

ជើង​ហោះហើរ​ដំបូង​បំផុត​ពី​ព្រលាន​យន្ត​ហោះ​ Wuhan គឺរបស់​ក្រុម​ហ៊ុន Beijing Capital Airlines ដែល​នឹង​ចេញ​ដំណើរ​នៅវេលា​ម៉ោង 10:40នាទី ថ្ងៃទី​29មីនា ទៅកាន់​ទីក្រុង Qingdao ខេត្ត Shandong ប្រទេស​ចិន។ Beijing Capital Airlines ឱ្យ​ដឹង​ថា ម៉ោង​ចេញដំណើរ​នៃ​ជើង​ហោះ​ហើរ​ចេញ​ពី​ទីក្រុង Wuhanនេះ អាច​ប្រែប្រួល​ទៅតាម​តម្រូវ​ការ​របស់​អាជ្ញាធរ ដោយ​យោង​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​រោគ​រាត​ត្បាត​ COVID-19។

យោង​តាម​គេហទំព័រ​កក់សំបុត្រ​យន្ត​ហោះ​មួយ​ចំនួន​របស់​ប្រទេស​ចិន អ្នក​ដំណើរ​ពី​ទីក្រុង​ Wuhan អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង សៀងហៃ សិនជិន និង​ទីក្រុង​ផ្សេង​មួយ​ចំនួន​ទៀត​របស់​ប្រទេស​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement