ពី​​អ្នក​​ចិញ្ចឹម​ជ្រូក ក្លាយ​ជា​មហាសេដ្ឋី​​ផ្សារ​ទំនើបធំលំដាប់​​ទី​3​ នៅ​សិង្ហបុរី​ ក្នុង​សម័យ​COVID-19

ពី​​អ្នក​​ចិញ្ចឹម​ជ្រូក ក្លាយ​ជា​មហាសេដ្ឋី​​ផ្សារ​ទំនើបធំលំដាប់​​ទី​3​ នៅ​សិង្ហបុរី​ ក្នុង​សម័យ​COVID-19

ប្រាក់​ចំណូល​របស់​ផ្សារ​ទំនើប​នានា​នៅ​សិង្ហបុរី​ កើន​ឡើង​ខ្ពស់ នៅ​ពេល​បម្រាម​គោចរ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​នេះ​អនុវត្ត​។ ដោយ​សារ​មូលហេតុ​នេះ​ហើយ​ ទើប​បង​ប្អូន​ត្រកូល​ Lim ទាំង​3នាក់ រក​​ប្រាក់​បាន​ច្រើន​សន្ធឹក​ពី​ប្រព័ន្ធ​ផ្សារ​ទំនើប​​ធំជាង​គេ​លំដាប់​ទី​3​នៅ​ដែន​កោះ​មួយ​នេះ​។

កំពូល​អ្នក​ជំនួញ​ Lim Hock Chee និង​បងប្អូន​2​នាក់​ទៀត​​ គឺ​ Lim Hock Eng និង Lim Hock Leng មាន​ភាគ​ហ៊ុន​សរុប​ដល់​ទៅ​57​% នៅ​ក្នុង​បណ្ដាញ​ផ្សារ​ទំនើប​ធំជាង​គេ​ទី​3​របស់​សិង្ហបុរី ដែលមាន​ឈ្មោះថា Sheng Siong បន្ទាប់​ពីផ្សារ​ទំនើប​ ​NTUC Fairprice និង ផ្សារ​ទំនើប​ Dairy Farm International។

ភាគ​ហ៊ុន​របស់ Sheng Siong កើន​39​% ចាប់​ពី​ថ្ងៃទី​19​មីនា ឆ្នាំ​2020 បាន​ជួយ​ឱ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​បង​ប្អូន​ពួកគេ​ កើន​ដល់​1​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង​បង្អស់​។

នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស Hock Chee ក៏បាន​ទិញ​ភាគ​ហ៊ុន​​របស់​ក្រុម​ហ៊ុន​នេះ​បន្ថែម​ទៀត​កាល​ពី​ចុង​ខែ​មីនា​ ដើម្បី​​បាន​ក្លាយ​ជា​ CEO របស់​ប្រព័ន្ធ​ផ្សារ​ទំនើប​នេះ ក៏ដូច​ជា​ក្លាយ​ជា​តំណាង​របស់ ក្រុម​ហ៊ុន Sheng Siong នា​ពេល​ខាង​មុខ​។

Sheng Siong ដែលជា​ប្រព័ន្ធ​ផ្សារ​ទំនើប​មួយ មាន​ផ្សារ​ទំនើប​សរុប​61​នៅ​ពាស​ពេញ​ប្រទេស​សិង្ហបុរី​។ ដោយ​ដឹង​ច្បាស់​អំពី​តម្រូវ​ការ​ខ្ពស់​នៅ​ពេល​ COVID-19 កំពុង​តែ​ឆ្លង​រាល​ដាល​នៅ​ទូទាំង​ពិភពលោក Sheng Siong បាន​ប្រញាប់​ប្រញាល់​នាំ​ចូល​ និង​ដឹក​ជញ្ជូន​ទំនិញ​យ៉ាង​ច្រើន​សន្ធឹក​ ទៅ​​រក្សា​ទុក​ក្នុង​ឃ្លាំង​ចាប់​ពី​ដើម​ខែ​មីនា​2020។

ការ​លក់​សរុប​របស់​បណ្ដា​ផ្សារ​ទំនើប​នៅ​សិង្ហបុរី​ កើន​15.5​% បើ​ធៀប​នឹង​ឆ្នាំ​2019 និង​15.4​%បើ​ធៀប​នឹង​ខែ​កុម្ភៈ​ឆ្នាំ​2020 នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រកាស​ដំឡើង​​កម្រិត​អាសន្ន​នៃ​រោគ​រាត​ត្បាត​ COVID-19 ដល់​​ “​ពណ៌​ទឹក​ក្រូច” ពោល​គឺ​ស្មើ​នឹង​កម្រិត​អាសន្ន​នៃ​អាសន្ន​រោគ​ SARS ឆ្នាំ​2013។

ប្រព័ន្ធ​ផ្សារ​ទំនើប​ Sheng Siong បាន​ស្នើ​ឱ្យ​អតិថិជន​របស់​ខ្លួន ទិញ​ទំនិញ​តាម​អនឡាញ ដោយ​ប្រើ​ App របស់​ផ្សារ​ទំនើប​ Sheng Siong។

Juliana Cai ដែលជា​អ្នក​វិភាគ​ម្នាក់​របស់​ធនាគារ​ RHB បាន​ព្យាករ​ថា ប្រាក់​ចំណូល​របស់​ផ្សារ​ទំនើប​នានា​ នៅ​តែ​បន្ត​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ខែ​មេសា​ ហើយ​វា​ក៏នឹង​បន្ត​កើន​ឡើង​រហូត​ដល់​ក្រោយ​ថ្ងៃទី​4​ឧសភា​ទៀត​ផង បន្ទាប់​ពី​បម្រាម​គោចរ​អស់​សុពល​ភាព​។ អ្នក​ស្រី​ថ្លែង​ថា បើ​ទោះ​ជា​ប្រជាជន​នឹង​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​ទទួល​ទាន​អាហារ​ក្រោយ​បម្រាម​គោចរ​អស់​សុពល​ភាព​ តម្រូវ​ការ​ទិញ​ទំនិញ​របស់​អាហារ​ដ្ឋាន ភោជនីយដ្ឋាន​ផ្សេង​ៗ​នឹង​កើន​ខ្ពស់ ហើយ​វា​នឹង​ជួយ​រក្សា​លំនឹង​ដល់​ផ្សារ​ទំនើប​នានា​។

ក៏ប៉ុន្តែ អ្នក​ស្រី​ក៏បាន​ព្រមាន​ថា​ ផ្សារ​ទំនើប​នានា​នឹង​ជួប​លំបាក​នៅ​ពេល​បម្រាម​គោចរ​នឹង​ធ្វើ​ឱ្យ​តម្លៃ​នាំ​ចូលទំនិញ ​​ខ្ពស់​ជាង​ពេល​ធម្មតា។

ប្រាក់​ចំណូល​សរុប​របស់​ក្រុម​ហ៊ុន Sheng Siong ក្នុង​ឆ្នាំ​2019​ បាន​ឡើង​ដល់​737​លាន​ដុល្លារ​ ជាមួយ​នឹង​ប្រាក់​ចំណេញ​សរុប​ឡើង​ដល់​56​លាន​ដុល្លារ​អាមេរិក។

ពី​​អ្នក​​ចិញ្ចឹម​ជ្រូក ក្លាយ​ជា​មហាសេដ្ឋី​​ផ្សារ​ទំនើបធំលំដាប់​​ទី​3​ នៅ​សិង្ហបុរី​ ក្នុង​សម័យ​COVID-19ពី​កុមារ​ដែល​រស់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ក្លាយ​ជា​ថៅ​កែ​ផ្សារ​ទំនើប

Sheng Siong ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1985 ដោយ​បងប្អូន​ត្រកូល​ Lim ទាំង​3​នាក់​។ ពួក​គេ​រស់​នៅ​ និង​ធំឡើង​​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​នេសាទមួយ​នៅ​ភាគឦសាន​​ប្រទេស​សិង្ហបុរី ដែល​ទី​​នេះ​ ដើម​ឡើយ​គឺជា​តំបន់​ចិញ្ចឹមសត្វ ពិសេស​គឺ​​ជ្រូក​ ក៏ប៉ុន្តែ​ពេល​នេះ វា​ក្លាយ​ជា​តំបន់​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​យ៉ាង​ច្រើន​កុះករ។ បីនាក់​បង​ប្អូន​ត្រកូល​ Lim នេះ បានចាប់​ផ្ដើម​ងាក​មក​ធ្វើ​ជំនួញ​​ដោយ​បង្កើត​ផ្សារ​ទំនើប​ ក្រោយ​ពី​រដ្ឋាភិបាល​សិង្ហបុរី​ បាន​បំបាត់​ចោល​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​កាល​ពី​ទសវត្សរ៍​ឆ្នាំ​1980​។

នៅ​ពេល​មុខ​ជំនួញ​គ្រួសារ​នេះ​ត្រូវ​បាន​បង្កើតឡើង តួនាទី​ និង​កិច្ច​ការ​ក៏ត្រូវ​បាន​បែង​ចែក​យ៉ាង​ច្បាស់​លាស់​។ Hock Eng ដែល​ជា​បង​ប្រុស​ធំ​ ធ្វើ​ជា​អគ្គ​នាយក​ប្រតិបត្តិ​ គ្រប់​គ្រង់​ការ​បើក​ហាង​ថ្មី ចំណែក​ Hock Chee គ្រប់​គ្រង​តូប​លក់​សាច់​ ខណៈ​ដែល​ប្អូន​ពៅ​ Hock Leng ធ្វើ​ជា​នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក​ជំនួញ​ផ្នែក​ជលផល​។

ប្រពន្ធ​របស់​ពួកគេ​ក៏បាន​ចូល​រួម​ក្នុង​ការ​លក់​ដូរ​របស់​គ្រួសារ​ ដោយ​ប្រពន្ធ​របស់​ Hock Chee គឺ​អ្នកស្រី​ Lee Moi Hong ធ្វើជា​នាយិកា និង​ជា​អ្នក​គ្រប់​គ្រង​តូប​ទំនិញ​ស្ងួត​ ដែល​មាន​ភារ​កិច្ច​ក្នុង​ការ​គ្រប់​គ្រង​ការ​វេច​ខ្ចប់​ និង​ផ្គត់​ផ្គង់​ទំនិញ​គ្រប់​ប្រភេទ​ តាំង​ពី​នំ ​biscuit រហូត​ដល់​​ឱសថ​បុរាណ​ចិន​។ Tan Bee Loo ដែ​ល​ជា​ភរិយា​របស់​ Hock Eng ក៏ជា​នាយិកា​គ្រប់​គ្រង​ទំនិញ​ផ្នែក​បន្លែ​ ដែល​មាន​តួនាទី​នាំ​ចូល​ កំណត់​តម្លៃ រហូត​ដល់​គ្រប់​គ្រង​គុណ​ភាព​ទំនិញ​។

ក្រៅ​ពី​ការ​គ្រប់​គ្រង បច្ចុប្បន្ន គ្រួ​សារ​របស់​ពួកគេ​ក៏កំពុង​តែ​បណ្ដុះ​បណ្ដាល​អ្នក​ជំនាន់​ក្រោយ​ផងដែរ​៖ កូន​ស្រី​របស់​អគ្គនាយក​ Hock Eng គឺ​នាង​ Lin Ruiwen គឺ​ជា​នាយិកា​ប្រតិបត្តិ​។ កូនប្រុស​របស់ Hock Leng គឺ​លោក Nigel Lin Junlin ជា​ជំនួយ​ការ​របស់​ CEO Hock Chee ដែល​ជា​អ៊ំ​​របស់​ខ្លួន​។

នៅ​ក្នុង​ដំណាក់​កាល​ពង្រីក​ទីផ្សារ​ទៅ​ខាង​ក្រៅ​ប្រទេស​ជាលើក​ដំបូង ​ក្រុមហ៊ុន Sheng Siong បាន​បើក​ការិយា​ល័យ​និង​ផ្សារ​ទំនើប​1​កន្លង​នៅ​ប្រទេស​ចិន​កាល​ពីឆ្នាំ​2017 ហើយ​ក៏​បាន​បន្ត​បើក​ផ្សារ​ទំនើប​1ផ្សេង​ទៀត​​​ក្នុង​​ឆ្នាំ​2019។

ក្រៅ​ពី​ Sheng Siong គ្រួសារ​ត្រកូល​ Lim ក៏កំពុង​តែ​បង្ហាញ​អំពី​មហិច្ឆតា​របស់​ពួកគេ​ក្នុងវិស័យ​ផ្សេង​ទៀត​ផងដែរ​។ តាម​រយៈ​ Sheng Siong Holdings (ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​របស់​ Sheng Siong) ក្រុម​ហ៊ុន​របស់​ពួកគេ​ បាន​សុំ​លិខិត​អនុញ្ញាតបើក​​ដំណើរ​ការ​ធនាគារ​អេឡិច​ត្រូនិកមួយ​​​ ដោយ​មាន​ការ​ចូល​រួម​ធ្វើ​ជា​ទីប្រឹក្សា​ពី​សំណាក់សហ​ស្ថាបនិក​​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​លេង​ហ្គេម​ដ៏ល្បី​ល្បាញ​នៅ​សិង្ហបុរី​ គឺ​លោក Min-Liang Tan​៕

ប្រភព៖ Forbes

Advertisement