អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ប្រភេទ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​ “ការ​ស្រេកឃ្លាន​” នៅ​សហរដ្ឋ​អាមេរិក

អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ដុំ ប្រភេទ​ដុំ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​

រោង​ចក្រ​ចម្រាញ់​មាស​ធំជាង​គេ​របស់​ប្រទេស​អូស្ត្រាលី Perth Mint បាន​ចាប់​ផ្ដើម​បង្កើន​ផលិត​កម្ម​របស់​ខ្លួន ដោយ​ផ្ដោត​ទៅលើ​មាស​ប្រភេទ​បន្ទះ​ក្រាស់​ដែល​មាន​ទម្ងន់​1កីឡូក្រាម ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្គត់​ផ្គង់​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​។

តាម​ធម្មតា យន្តហោះ​ដឹក​អ្នក​ដំណើរ តែង​តែ​ត្រូវ​បាន​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ផលិត​ផល​ធ្វើ​អំពី​មាស ប៉ុន្តែការ​ដួល​រលំនៃ​វិស័យ​អាកាស​ចរណ៍​ និង​អាក់​ខាន​​ដោយ​សារ​វិបត្តិ​សុខភាព​​ COVID-19​ បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផ្គត់​ផ្គង់​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ដុំ​មាស​ប្រភេទ​ទម្ងន់​1គីឡូក្រាម​​ តែង​ត្រូវ​បាន​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​កិច្ចសន្យា​ ឬ​កិច្ច​ព្រម​ព្រៀងអនាគត​របស់​ Comex។

COMEX គឺ​ជា​ទី​ផ្សារ​អនាគត​ ដែល​ជា​កន្លែង​ជួញដូរ​ផលិត​ផល​លោហធាតុ ដូចជា មាស ប្រាក់ ស្ពាន់​ និង​អាលុយ​មីញ៉ូម​។ កន្លង​មក COMEX ត្រូវ​បាន​គេ​ហៅ​ថា​ជា​ក្រុម​ហ៊ុន​ជួញ​ដូរ​ផលិត​ផល​ COMEX ក្រោយ​ពី​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ហ៊ុន New York Mercantile Exchange នាឆ្នាំ​1994 ហើយ​ក៏បាន​ក្លាយជា​ផ្នែក​មួយដែល​ទទួល​បន្ទុក​ក្នុង​ការ​ជួញ​ដូរ​ផ្នែក​លោហ​ធាតុ​​មាន​តម្លៃ​។

Richard Hayes ដែល​ជា​នាយក​ប្រតិបត្តិ​របស់ Perth Mint បាន​ឱ្យ​ដឹង​ថា “បច្ចុប្បន្ន យើង​ខ្ញុំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ផលិត​មាស​ប្រភេទ​បន្ទះ​ក្រាស់​ទម្ងន់​1គីឡូក្រាម​ ឱ្យ​បាន​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅ​បាន​។ យើង​ប្រហែល​ជា​អាច​ផលិត​បាន​7តោន​កន្លះ​ក្នុង​1សប្ដាហ៍​ ហើយ​យើង​នឹង​លក់​វា​ទាំង​អស់​ដោយ​ងាយ​នៅ​ក្នុង​ខែ​ឧសភា​​ខាង​មុខ​។ ភាគ​ច្រើន​លើស​លុប​នៃ​ផលិត​ផល​មាស​ដែល​នឹង​ត្រូវ​បាន​ផលិត​នេះ គឺ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ទីផ្សារ​ COMEX”។

នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​នៃ​ខែ​មីនាដែល​ទីផ្សារ​មាស​ត្រូវ​ច្របូល​ច្របល់ ថ្លៃ​ឈ្នួល​​ធានា​រ៉ាប់​រង​អនាគត​មាស​របស់ New York ធៀប​នឹង​តម្លៃ​ផ្គត់​ផ្គង់​ភ្លាម​ៗ​នៅ​ទីក្រុង​ឡុងដ៍ បាន​កើន​លើស​70​ដុល្លារ​ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​អំឡុង​4​ទសវត្សរ៍​កន្លង​មក​នេះ​។ បន្ទាប់​មក​ ការ​ឡើង​ថ្លៃ​នេះ​ក៏បាន​រាល​ដាល​ទៅក្នុង​ទី​ផ្សារ​ផ្សេង​ៗ ហើយ​ក្រោយ​មក​តម្លៃ​របស់​វា​ក៏បាន​​ចុះ​មក​នៅ​ត្រឹម​21​ដុល្លារ​។

រោង​ចក្រផលិត​មាស​ Perth Mint ជាកន្លែង​ដែល​បាន​បើក​ដំណើរ​ការ​ចង្វាក់​ផលិត​កម្មមួយ​ផ្នែក​ឡើង​វិញ​​​ដើម្បីផលិត​មាស​ប្រភេទ​បន្ទះ​ក្រាស់​ទម្ងន់​1គីឡូក្រាម​សម្រាប់​ទប់​ទល់​នឹង​វិបត្តិនៃ​​ប្រភព​ផ្គត់​ផ្គង់ បាន​ព្យាករ​ថា តម្រូវ​ការ​មាស​បច្ចុប្បន្ន គ្រាន់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

វិបត្តិ​សុខភាព​បច្ចុប្បន្ន បាន​នាំ​មក​នូវ​ការ​ងារ​ច្រើន​សម្រាប់​រោង​ចក្រ​ចម្រាញ់​មាស​ ក្នុង​ការ​ស្វែង​រក​ប្រភព​វត្ថុ​ធាតុ​ដើម​បន្ថែម​ពី​អ្នក​ផ្គត់ផ្គង់​នៅ​អូស្ត្រាលី​ និង​បណ្ដា​ប្រទេស​ជិត​ខាង​ ដែល​ក្នុងនោះ​ក៏មាន Papua New Guinea​ ផង​ដែរ​។

Hayes បាន​ឱ្យ​ដឹង​ថា “ក្រុម​ហ៊ុន​ផលិត​មាស Perth Mint បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាមួយ​នឹង​បណ្ដា​ក្រុម​អ្នក​ផលិត និង​ធ្វើ​សកម្ម​ភាព​ទាក់​ទិន​នឹង​មាស​ក្នុង​រយៈ​ពេល​12​ខែ​កន្លង​មក ដើម្បី​ជួយ​ចាត់​ចែង​វត្ថុ​ធាតុ​ដែល​ពួក​គេ​រុករក​បាន​។ ចាប់​តាំង​ពី​បណ្ដាញ​ផ្គង់​ផ្គង់​បាន​អាក់ខានដោយ​សារ​ COVID-19 បណ្ដា​ក្រុម​ហ៊ុន​រុករករែ​ទូទាំង​ពិភពលោក បាន​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​បណ្ដា​រោង​ចាក់​ចម្រាញ់​មាស​​”។

Hayes ថ្លែង​ថា បច្ចុប្បន្នតម្រូវ​ការ​ទិញ​ និង​លក់​រាយ​​ផ្នែក​លោហ​ធាតុ​មាន​តម្លៃ​នៅ​អាមេរិក​ និង​អឺរ៉ុប មានការ​កើន​ឡើង។ Hayes បន្ត​ថា “ចំពោះ​រាល់​លោហ​ធាតុ​ដែល​យើង​រក​បាន​ ដូច​ជា​មាស ឬ​ប្រាក់ យើង​អាច​លក់​បាន​យ៉ាង​ឆាប់​រហ័ស​។ ខ្ញុំ​យល់​ថា តម្រូវ​ការ​ខ្លាំង​ក្លា​នោះនឹង​អូស​បន្លាយ​យូរ​បន្តិច​ ព្រោះ​អ្នក​រាល់​គ្នា​ មាន​ការ​ភ័យ​ខ្លាច​ពេក​នៅចំពោះ​មុខ​សោក​នាដ​កម្ម​ COVID-19នេះ​”៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement