ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​វីរុស​COVID-19

ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​COVID-19

ការ​លក់​ឡាយ​ឡុង​នៅលើ​ទីផ្សារ​មូលបត្រ​​ដោយសារ​តែ​COVID-19 បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ Berkshire Hattaway របស់​មហាសេដ្ឋី​ Warren Buffett ខាត​បង់​អស់​50​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រី​មាស​ទី​1 ឆ្នាំ​2020​នេះ។

ក្រុម​ហ៊ុន Berkshire Hattaway ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ Goldman Sachs នៅ​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញ​វត្ថុ​។ ប៉ុន្តែ នៅក្នុង​ត្រី​មាស​កន្លង​ ផ្សារ​ហ៊ុន S&P 500 Index (S&P 500) បាន​ធ្លាក់​ចុះ​ 20% ហើយ​ភាគ​ហ៊ុន​ដែល​ក្រុម​ហ៊ុន Berkshire កំពុង​កាន់​កាប់​មួយ​ចំនួន​ធំ​ ក៏​បាន​ដាំ​ក្បាល​ចុះ​លឿន​ជាង​គេ​ ក្នុង​នោះ​មាន​ American Express, Bank of America, Wells Fargo និង​ក្រុម​ហ៊ុន​អាកាសចរណ៍​ចំនួន​4​ផ្សេង​ទៀត​ (American, Delta, Southwest និង United)។ បិទ​ការ​ជួញ​ដូរ​កាល​ពី​ថ្ងៃទី​1ឧសភា Berkshire បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​19%។

ការ​ខាត​បង់​ដ៏ធ្ងន់​ធ្ងរ​របស់​ក្រុម​ហ៊ុន​ Berkshire គឺដោយ​សារ​មូលបត្រ​ដែល​នៅ​ជួរ​មុខ​ក្នុង​តារាង​វិនិយោគ​ ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សុខ​ភាព​(COVID-19)។ បណ្ដា​ក្រុម​ហ៊ុន​ដែលមាន​ភាគ​ហ៊ុន​របស់​ Berkshire សុទ្ធ​តែ​រង​ផល​វិបាក​ពី​វីរុស​នេះ ដោយ​មាន​ការ​ធ្លាក់​ថ្លៃ​ចាប់​ពី​ 5.2-34​%។​ ក្នុង​នោះ​ ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ដែក​ BNSF ដែល​ត្រូវ​បាន​ Berkshire បាន​ទិញ​​​កាល​ពី​ឆ្នាំ​2010 និង​បណ្ដា​ក្រុម​ហ៊ុន​លក់រាយ​ សុទ្ធ​តែ​ត្រូវ​ផ្អាក​​សកម្ម​ភាព​។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី Warren Buffett បាន​ប្រកាស​ខាតបង់​ បើ​គិត​ចាប់​ពី​ត្រី​មាស​ទី​4 ឆ្នាំ​2018។ ប៉ុន្តែ ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី​នេះ​ក៏​នៅ​មាន​ចំណេញ​​ពី​វិស័យ​ធានារ៉ាប់​រង​ផងដែរ​ ដោយ​រក​បាន​ប្រាក់​ចំណេញ​​5.9​ពាន់​លាន​ដុល្លារ​ ដោយ​សារ​តម្លៃ​មូល​បត្រ​វិស័យ​នេះ​កើន​6%។

Warren Buffett គិត​មក​ដល់​បច្ចុប្បន្ន មាន​ទ្រព្យ​សរុប​​ 72​ពាន់​លាន​ដុល្លារ​អាមេរិក​។ បុរស​វ័យ89​ឆ្នាំ​រូប​នេះ​ ​គឺជា​មហា​សេដ្ឋី​​លំដាប់​ទី​4 នៅ​ក្នុង​ពិភពលោក៕

ប្រភព៖ Bloomberg

Advertisement