Apple នឹង​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ឥណ្ឌា

Apple នឹង​រើ​រោង​ចក្រ​ពី​ចិន​ទៅកាន់​ឥណ្ឌា

ក្រុម​ហ៊ុន​ Apple ត្រូវ​បាន​គេ​ជឿ​ថា កំពុង​រៀប​ចំផែន​ការ​​ដើម្បី​រើ​​រោង​ចក្រ​​ផលិត​ឧបករណ៍​បច្ចេក​វិទ្យា​​របស់​ខ្លួន​ចំនួន​20% ចេញ​ពី​ប្រទេស​ចិន​ ទៅកាន់​ប្រទេស​ឥណ្ឌា ដែល​ក្នុងនោះ​ក៏​មាន​ iPhone ផងដែរ​។​

យោង​តាម Economic Times នាយក​ប្រតិបត្តិ​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន Apple បាន​ពិភាក្សា​ជា​មួយ​បណ្ដា​មន្ត្រី​ជាន់​ខ្ពស់​ឥណ្ឌា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទាក់​ទង​ទៅ​នឹង​ក្រុម​ហ៊ុន​អាមេរិកាំង​នេះ​ ចង់​បាន​ការ​ “បើក​ផ្លូវ​”​ ដើម្បី​អាច​បង្កើន​ចង្វាក់​ផលិត​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ រួម​​ទាំង​ការ​រើ​កម្លាំង​ផលិត​កម្ម​ចំនួន​​1/5​ពី​ប្រទេស​ចិន​ មក​កាន់​ឥណ្ឌា​។

បើ​សិន​ជា​ការ​ផ្លាស់​ទី​នេះ​ក្លាយ​ជា​ការ​ពិត Apple ក៏​នឹង​អាច​ក្លាយជា​ក្រុម​ហ៊ុន​នាំ​ចេញ​ធំជាង​គេ​នៅ​ឥណ្ឌា​។

មន្ត្រី​រដ្ឋាភិបាល​​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ឥណ្ឌា​សង្ឃឹម​ថា​នឹង​ផលិត​ស្មាតហ្វូន​ដែលមាន​​ទំហំ​ទឹក​ប្រាក់​ដល់​ទៅ​40​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រ​ទេស​នេះ​ក្នុង​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ​ ដែល​ភាគ​ច្រើន​គឺ​ដើម្បី​នាំ​ចេញ​។ ការ​ផលិត​នេះ​ ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Wistron និង​ក្រុម​ហ៊ុន Foxconn ដោយ​យោង​ទៅ​លើ​ផល​ប្រយោជន៍​ពី​កម្មវិធី​លើក​ទឹក​ចិត្ត​​ទាក់​ទាញ​ការ​ផលិត​ PLI។

PLI (Production Linked Incentive Scheme)​ គឺជា​កម្ម​វិធី​ដែល​ត្រូវ​បាន​ឥណ្ឌា​បង្កើត​ឡើង​ក្នុង​បំណង​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ទាក់​ទាញ​ការ​វិនិយោគ​ និង​ការ​ផលិត​ពី​បណ្ដា​ក្រុម​ហ៊ុន​បរទេស​។ Apple នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោមបណ្ដា​​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​នេះ​ បន្ទាប់​ពី​មាត្រា​មួយ​ចំនួន​ត្រូវ​បាន​​ផ្ដើម​អនុវត្ត​ចាប់​ពី​សប្ដាហ៍​ក្រោយ​ មុន​ពេល​អនុវត្ត​ពេញ​លេញ​ចាប់​ពី​ថ្ងៃទី​1​សីហា​។

ទាក់​ទិន​នឹង​រឿង​រ៉ាវ​ខាង​លើ ភាគី​ក្រុម​ហ៊ុន Apple មិន​ទាន់​មាន​ការ​បញ្ចេញ​មតិ​អ្វី​នៅ​ឡើយ​។

ប្រទេស​ឥណ្ឌា​មិន​មែន​ជា​ទី​ផ្សារ​ធំ​របស់​ Apple នោះ​ទេ​ ព្រោះ​ថា​ក្រុម​ហ៊ុន​នេះ​រក​បាន​ចំណូល​ត្រឹម​តែ​1.5​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​ការ​លក់​ iPhone នៅ​ក្នុង​ប្រទេស​នេះ​ រាប់​ចាប់​ពី​ឆ្នាំ​2018​ដល់​2019 ពោល​គឺកាន់​កាប់​ចំណែក​ទីផ្សារ​ប្រមាណ​​ពី​2ទៅ​3​%​ប៉ុណ្ណោះ គឺ​មិន​ដល់​0.5​ពាន់​លាន​ដុល្លារ​​នៃ​តម្លៃ​ឧបករណ៍​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​នេះ​។ ផ្ទុយ​ទៅ​វិញ Apple កំពុង​តែ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន​​ ទាំង​ការ​ផលិត​ ទាំង​ទី​ផ្សារ​។ នៅក្នុង​អំឡុង​ពេល​ដូច​គ្នា​ បើ​ធៀប​ជាមួយ​ប្រទេស​ឥណ្ឌា​ ក្រុម​ហ៊ុន​ Apple នៅ​ប្រទេស​ចិន​​បាន​ផលិត​ឧបករណ៍​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ដល់​ដល់​220​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​មាន​185​ពាន់​លាន​ដុល្លារ​បាន​មក​ពី​ការ​នាំ​ចេញ​។ ក្រៅ​ពី​នេះ Apple ក៏​ប្រើ​ប្រាស់​កម្មករ​ប្រមាណ​ជា​4.8​លាន​នាក់​នៅ​ប្រទេស​ចិន​ ទាំង​ការ​ផលិត​ផ្ទាល់​ និង​ទាំង​ប្រយោល​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement