ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways ទទួល​បាន​ការ​ “ស្រោច​ស្រង់​ជីវិត​” ពី​រាជ​រដ្ឋាភិបាល​

Thai Airways ទទួល​បាន​ការ​

ក្រុម​ហ៊ុន​អាកាសចរណ៍ជាតិ​​របស់ប្រទេស​ថៃ​នឹង​​ត្រូវ​បាន​ “កសាង​” ឡើង​វិញ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​ពី​តុលាការ​​ផ្នែក​ហិរញ្ញ​វត្ថុ​​របស់​ប្រទេស​នេះ​ ដើម្បី​ជៀស​វាង​ការ​រំលាយ​ ឬការ​លក់​ចោល។ល។

កាលពី​ថ្ងៃទី​19​ឧសភាព​កន្លង​ទៅ ក្រុមហ៊ុន​ Thai Airways បាន​ប្រកាស​ឱ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ប្រទេស​ថៃ​ បាន​យល់​ព្រម​​ចំពោះ​​គម្រោង​បង្កើត​រចនា​សម្ព័ន្ធ​ឡើង​វិញ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ ដោយ​​តុលាការ​ហិរញ្ញ​វត្ថុ​​របស់​ប្រទេស​នេះ​ជា​អ្នក​ឃ្លាំ​មើល​។ ផែន​ការ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ជៀស​​បញ្ហា​ដែល​នាំ​ឱ្យ​ក្រុម​ហ៊ុន​ Thai Airways ​ត្រូវ​រំលាយ​ ឬ​មួយ​ត្រូវ​លក់​ចោល​ ឬ​ក៏​ត្រូវ​ប្រកាស​ក្ស័យ​ធន។ ក្រសួង​ហិរញ្ញវត្ថុ​ថៃ និង​ធនាគារ​សន្សំ​របស់​រាជ​រដ្ឋាភិបាល​កំពុង​កាន់​កាប់​ភាគ​ហ៊ុន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះ​។

“នេះ​គឺ​ជា​ការ​សម្រេច​ដ៏លំបាក​មួយ​ ប៉ុន្តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​​ទៅ​តាម​វិធី​ដែល​អាច​ជួយ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​ និង​ប្រជា​ជន​ថៃ​។ ខ្ញុំ​ និង​អ្នក​រាល់​គ្នា​សង្ឃឹម​ថា Thai Airways នឹង​ក្លាយ​ជា​​មោទក​ភាព​​ឡើង​វិញ​របស់​ប្រទេស​ជាតិ​” នេះ​បើ​តាម​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ ប្រាយុធ ចន្ទអូឆា​ (Prayut Chan-o-cha) ដែល​បាន​ថ្លែង​​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ម្សិល​មិញ(19ឧសភា)។

Thai Airways ទទួល​បាន​ការ​ "ស្រោច​ស្រង់​ជីវិត​" ពី​រាជ​រដ្ឋាភិបាល​តាម​គម្រោង​ នៅក្នុង​ការ​បង្កើត​រចនា​សម្ព័ន្ធ​ឡើង​វិញ​ ក្រុមហ៊ុន​អាកាស​ចរណ៍​ Thai Airways នឹង​ដំណើរ​ការ​ដូច​ធម្ម​តា​ ប៉ុន្តែ គេ​នៅ​មិន​ដឹង​ច្បាស់​ថា ប្រការ​ខាង​លើ​នេះ​នឹង​អាច​ប៉ះពាល់​បែប​ណា​​ដល់​សេវាកម្ម​ ឬ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​នៅឡើយ​។

បន្ទាប់​ពី​ព័ត៌មាន​ខាងលើ​នេះ​ត្រូវ​បាន​ប្រកាស​​ តម្លៃ​មូលបត្រ​របស់ Thai Airways បាន​កើន​​14.6%​ នៅ​លើ​ផ្សារ​ហ៊ុន​ Bangkok។ សូម​រំឭក​ថា ចាប់​ពី​ដើម​ឆ្នាំ​ តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន​នេះ បាន​ធ្លាក់​ចុះ​សរុប​32​%​​។

នាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​បាន​លើក​ឡើង​នូវ​ដំណោះ​​ស្រាយ​ជា​ច្រើន​សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិមួយ​នេះ​​ ក្នុង​នោះ​ក៏​មាន​​រាប់​បញ្ចូល​ទាំង​ការ​លក់​​ចេញ​ក្រុម​ហ៊ុន​នេះ​ផងដែរ​។ ក៏ប៉ុន្តែ ការ​សម្រេច​ជា​ចុង​ក្រោយ​បាន​ដើរ​ផ្ទុយ​ពី​នេះ ព្រោះ​ថា បើ​សិន​ជា​លក់​ចេញ​ វា​នឹង​ធ្វើ​ឱ្យ​បុគ្គលិក​ជាង​20,000​នាក់​ត្រូវ​បាត់បង់​ការ​ងារ​។

Thai Airways ទទួល​បាន​ការ​ "ស្រោច​ស្រង់​ជីវិត​" ពី​រាជ​រដ្ឋាភិបាល​
នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុធ​ ចន្ទ​អូឆា ធ្វើ​ដំណើរ​ចូល​រួម​កិច្ច​ប្រជុំ​គណរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី​19​ឧសភា

“ប្រទេស​ថៃ​ និង​ពិភពលោក​​ទាំង​មូល​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​វិបត្តិ​។ ចំណូល​របស់​អ្នករាល់​គ្នា​កំពុង​ថយ​ចុះ​ព្រោះតែ​ COVID-19។ យើង​ត្រូវ​ផ្ដល់​អាទិភាព​ទៅ​ឱ្យ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដើម្បី​ជួយ​អ្នករាល់​គ្នា​ក្នុង​ពេល​អនាគត​ខាងមុខ” នេះ​បើ​​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​។

ដូចទៅ​នឹង​ក្រុម​ហ៊ុន​អាកាសចរណ៍​ដទៃ Thai Airways បាន​ផ្អាក​ជើង​ហោះ​ហើរ​ស្ទើរ​តែ​ទាំង​ស្រុង​​ នៅ​ពេល​តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​ថយ​ចុះ​យ៉ាង​គំហុក។

Thai Airways ទទួល​បាន​ការ​ "ស្រោច​ស្រង់​ជីវិត​" ពី​រាជ​រដ្ឋាភិបាល​
នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុធ​ ចន្ទ​អូឆា ធ្វើ​ទស្សនកិច្ច​ស្តង់​ពិព័រណ៍របស់ថៃ​​នៅ​ក្នុង​កម្មវិធី “8th celebration of Silk: Thai Road to the World 2018”

យោង​តាម​ឯក​សារ​របស់​នាយកដ្ឋាន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ថៃ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Thai Airways បាន​ខាត​បង់​ប្រាក់​ចំនួន​2.11​ពាន់​លាន​បាត(ជិត​66​លាន​ដុល្លារអាមេរិក​)ក្នុង​ឆ្នាំ​2017 ហើយ​បន្ត​ខាត​11.6​ពាន់​​លាន​បាត​(361​លាន​ដុល្លារ)​ក្នុង​ឆ្នាំ​2018 និង​ខាត​12​ពាន់​លាន​បាត​(374​លាន​ដុល្លារ)ក្នុង​ឆ្នាំ​2019៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement