Facebook “បើក​ផ្សារ​អេឡិក​ត្រូនិក” ​៖ Amazon និង​ eBay ព្រួយ​បារម្ភ​ ខណៈ​អ្នក​ខ្លះ​ថា​ជា​ “កាំបិត​មុខ​ពីរ”

Facebook

យុទ្ធ​សាស្ត្រ​ “មុខ​ទល់​នឹង​មុខ” ជាមួយនឹង​ក្រុម​ហ៊ុន​ធំៗ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​អេឡិកត្រូ​និក​​ដូច​ជា​ Amazon និង eBay ជា​ដើម ​នឹងអាច​​នាំ​មក​នូវ​ផល​ប្រយោជន៍​ជា​ទី​គាប់​ចិត្ត​ដល់​​ Facebook ក៏ប៉ុន្តែ វា​ក៏​កង្កប់​ទៅ​ដោយ​​ហានិភ័យ​ច្រើន​​​សម្រាប់​បណ្ដាញ​សង្គម​ខ្នាត​ “យក្ស”​ មួយ​នេះ​ដែរ។

អត្ថបទ​ទាក់​ទង>Facebook នឹង​បង្កើតផ្សារអនឡាញ ទាំង​នៅ​លើ​ Facebook ទាំង​​​នៅ​លើ​ Instagram 

កាល​ពីថ្ងៃទី​19​ឧសភា​កន្លង​ទៅ បណ្ដាញ​សង្គម​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​បាន​ឧទ្ទេសនាម​មុខ​ងារ​ថ្មី​មួយ​​ ​ឱ្យ​ឈ្មោះ​ថា Facebook Shops ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជំនួញ​ទាំង​ឡាយ​បង្កើត​ “តូប​ស្រមោល​” ដើម្បី​ដាក់​លក់​ផលិត​ផល​របស់​ខ្លួន​នៅលើ​ Facebook ផង​ និង​នៅ​លើ​ Instagram ផង។

CEO របស់​ Facebook បាន​ឱ្យ​ដឹង​ថា Facebook Shops នឹង​កែលម្អ​បទពិសោធន៍​ជំនួញ​ដែល​ធ្វើ​ឡើង​តាម​រយៈ​គេហ​ទំព័រ​នៃ​ផ្សារ​អន​ឡាញ​បច្ចុប្បន្ន ដោយ​ការ​រក្សា​ទិន្ន​ន័យ​ពាក់​ព័ន្ធ​នឹង​ការ​ទូទាត់​ដែល​ត្រូវ​បាន​បញ្ជាក់​​ដោយ​​អ្នក​ប្រើ​ប្រាស់​នៅ​កន្លែង​តែ​មួយគត់​ ហើយ​​ក្រោយ​មក ពួកគេ​អាច​ប្រើប្រាស់​ទិន្នន័យ​របស់​ខ្លួន​នៅគ្រប់​ផ្សារ​អន​ឡាញ​ ឱ្យ​តែ​ផ្សារ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook ឬ​ Instagram។

នេះ​គឺ​យុទ្ធ​សាស្ត្រ​មួយ​ដែល​ជួយ​ឱ្យ​ Facebook ក្លាយ​ជា​គូប្រជែង​ដ៏​ធំ និង​ផ្ទាល់​​របស់​បណ្ដា​ផ្សារ​អនឡាញ​​វ័យ​ចំណាស់​ ដូច​ជា​ផ្សារ​ Amazon ផ្សារ​ eBay ឬ​ផ្សារ​ Etsy ជា​ដើម​។ល។ ការ​ដែល​ក្រុម​ហ៊ុន​ “យក្ស” ដូច​ជា​ Facebook ប្ដេជ្ញា​ដណ្ដើម​ចំណេក​ទី​ផ្សារ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​អេឡិកត្រូនិក​​បែប​នេះ ប្រាកដ​ណាស់​ថា វា​នឹង​ធ្វើ​​​ឱ្យ​ Amazon និង​ eBay ជា​ដើម​ ត្រូវ​ “ដេក​មិនលក់​ បក់​មិនល្ហើយ”​ មិន​ខាន​។

Facebook "បើក​ផ្សារ​អេឡិក​ត្រូនិក" ​៖ Amazon និង​ eBay ព្រួយ​បារម្ភ​ ខណៈ​អ្នក​ខ្លះ​ថា​ជា​ "កាំបិត​មុខ​ពីរ"ក៏ប៉ុន្តែ​ បើ​ទោះ​ជា​យុទ្ធ​សាស្ត្រ​នេះ​របស់​ Facebook ត្រូវ​បាន​គេ​មើល​ឃើញ​ថា “ដើរ​ទាន់​សភាព​ការណ៍​” យ៉ាង​ណា​ក៏ដោយ Business Insider​ បាន​វាយ​តម្លៃ​ថា Facebook កំពុង​តែ​ប្រថុយ​ប្រថាន​ ហើយ​ថា​​នឹង​អាច​​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ផងដែរ​។ មូលហេតុ​ដែល​ត្រូវ​បាន​ Business Insider​​ លើក​ឡើង​ នោះ​គឺ​ថា បណ្ដាញ​សង្គម​ដែល​មាន​តម្លៃ​​607​ពាន់​លាន​ដុល្លារ​នេះ​ ធ្លាប់​ជួប​រឿង​អាស្រូវ​ជា​ច្រើន​ដែល​ជាប់​ទាក់​ទិន​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ និង​ព័ត៌មាន​ក្លែង​ក្លាយ​។ ទន្ទឹម​នឹង​នេះ នៅលើ​បណ្ដាញ​សង្គម​ Facebook ក៏នៅ​មាន​ទិន្ន​ន័យ​ដែល​​មាន​ខ្លឹម​សារ​អាក្រក់​ជា​ច្រើន​ រួម​នឹង​ ទំនិញ​ហាម​ឃាត់​ និង​ខ្លឹម​សារ​ខុស​ច្បាប់​ផ្សេង​ទៀត​ដែល​មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ​​ និង​ពេញ​លេញ​នៅ​ឡើយ​។

បើសិន​ជា​ Facebook សម្រេច​ចិត្ត​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ ប៉ុន្តែ​មិន​អាច​គ្រប់​គ្រង​ខ្លឹម​សារ​អាក្រក់​ ទំនិញ​ហាម​ឃាត់​ ឬ​ខ្លឹម​សារ​ខុស​ច្បាប់​ជាដើម​ វា​ប្រៀប​ដូច​ជា​ “កាំបិត​មុខ​ពីរ​” ដែល​អាច​នាំ​ឱ្យ​​ក្រុម​ហ៊ុន​នេះ​ ត្រូវ​ប្រឈម​នឹង​បញ្ហា​អាស្រូវ​​ថ្មី​ៗ​បំផុត​នា​ពេល​ខាងមុខ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement