វិធី​ធ្វើ​ការ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​មហា​សេដ្ឋី​ល្បី​ៗ​ក្នុង​ពិភពលោក​

មហា​សេដ្ឋី​នានា​ដូច​ជា​លោក Steve Jobs ឬ​ Bill Gates ជា​ដើម ក៏​មាន​ពេល​វេលា​ត្រឹម​តែ​24​ម៉ោង​ក្នុង​1​ថ្ងៃ ប៉ុន្តែ ពួក​គេ​ដឹង​អំពី​វិធី​ដែលជួយ​ឱ្យ​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។

Steve Jobs ដឹង​ថា​ ពេល​ណា​​ត្រូវ​​និយាយ​ថា​ “ទេ”

អតីត​កំពូល​ CEO របស់​ក្រុម​ហ៊ុន​ Apple យល់​ថា គន្លឹះ​ដែល​ជួយ​ឱ្យ​លោក​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ នោះ​គឺ​ការ​ដឹង​ថា​ ពេល​ណា​គួរ​និយាយ​ពាក្យ​ថា​ “​ទេ​”​។ លោក​បង្ហើប​ឱ្យ​ដឹងកាល​ពី​ឆ្នាំ​1997​ ​ថា “ការ​ផ្ដោត​អារម្មណ៍​គឺ​មាន​ន័យ​ថា ដឹង​អំពី​វិធី​​និយាយ​ថា​ “ទេ” ជាមួយ​នឹង​គំនិត​រាប់​រយ​ផ្សេង​ៗ​គ្នា​”។ ការ​ងារ​របស់​អ្នក​គឺ​ត្រូវ​តែ​សម្រេច​ឱ្យ​ច្បាស់​ថា អ្វី​គួរ​ចំណាយ​ពេល​ទៅលើវា និង​អ្វី​គួរ​តែ​កុំ​ចំណាយ​ពេល​។

Bill Gates ហាត់​សមាធិ

មាន​មហាសេដ្ឋី​​ល្បី​ៗ​ជា​ច្រើន​ ដូចជា​ Jack Dorsey ឬ Ray Dalio បាន​តាំង​សមាធិ​ជា​រៀង​រាល់​ថ្ងៃ​ ចំណែក​​លោក Bill Gates ក៏​ដូច្នេះ​ដែរ​។ នៅក្នុង​អត្ថបទ​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ Gates Notes កាល​ពី​ឆ្នាំ​2018​ មហា​សេដ្ឋី​ Bill Gates បាន​អះអាង​ថា “នេះ​ (ការ​សមាធិ) គឺជា​វិធី​ដ៏​អស្ចារ្យ​សម្រាប់​កែ​លម្អ​ការ​ផ្ដោត​អារម្មណ៍​របស់​ខ្ញុំ​”។

លោក​ Bill Gates ថ្លែង​ថា “សមាធិគឺជា​ការ​ហ្វឹកហាត់​សម្រាប់​ផ្លូវ​អារម្មណ៍​ ដូច​ទៅ​នឹង​វិធីដែល​យើង​ធ្វើ​ចលនា​សាច់​ដុំ​នៅ​ពេល​លេង​កីឡា​ដូច្នោះ​ដែរ​”។ មហា​សេដ្ឋីរូប​នេះ​បាន​ធ្វើ​សមាធិ​ “​ចំនួន2​ទៅ​​3​ដង​ក្នុង​1​សប្ដាហ៍​ ក្នុង​នោះ​ ការ​សមាធិ​ម្ដង​ចំណាយ​ពេល​10​នាទី​”​។ លោក​បន្ត​ថា គ្រូបង្ហាត់​ផ្នែក​សមាធិ​ បាន​បង្រៀន​លោក​​អំពី​ “វិធី​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​គិត​ក្នុង​ខួរ​ក្បាល​ ដូច្នេះ​វា​បាន​ជួយ​កែលម្អសមត្ថភាព​នៃការ​ផ្ដោត​អារម្មណ៍​”។

Jeff Bezos សម្រេច​ចិត្ត​លឿន

CEO របស់​ Amazon បាន​ឱ្យ​ដឹង​ថា ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ “លឿន​ និង​មាន​គុណ​ភាព​” ព្រោះ​ “ល្បឿន​ (នៃ​ការ​សម្រេច​ចិត្ត​) គឺជា​ប្រការ​ដែល​កំណត់​លទ្ធ​ផល​នៃ​ការ​រកស៊ី​”។ នៅ​ក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅកាន់​ភាគ​ហ៊ុនិក​កាល​ពី​ឆ្នាំ​2016​ មហា​សេដ្ឋី​ Jeff Bezos បាន​ឱ្យ​ដឹង​​ថា “ក្នុង​ករណី​ភាគ​ច្រើន​ អ្នក​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ នៅ​ពេល​មាន​ទិន្ន​ន័យ​ដែល​​អ្នក​ចង់​បាន មាន​​​ចំនួនត្រឹម​​តែ​​70​%​។ បើ​សិន​ជា​រង់​ចាំ​ដល់​ពេល​មាន​​ព័ត៌មាន​គ្រប់​90​%​​ អ្នក​ប្រាកដ​ជា​តាម​មិន​ទាន់​គេ​នោះ​ទេ​”។

លោក Bezos អះអាង​ថា ជាក់​ស្ដែង​ ការ​សម្រេច​ចិត្ត​លឿន​ គឺ​មាន​សារ​សំខាន់​ជាង​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ទៅ​ទៀត​។ “មាន​ការ​សម្រេច​ចិត្ត​ជា​ច្រើន​នៅ​តែ​អាច​បង្វែរ​ស្ថាន​ការណ៍​បាន​ ដូច្នេះ បើ​​​ខុស​ក៏​វា​មិនមែន​ជា​បញ្ហា​ធំ​នោះ​ដែរ​​”។​ លោក​បន្ត​ថា “បើ​សិន​ជា​អ្នក​កែ​ប្រែវា​បាន​ល្អ​ ការ​សម្រេច​ចិត្ត​ខុស​នឹង​អាច​ត្រូវ​ចំណាយ​តិច​ជា​ង​អ្វីដែល​អ្នក​គិត​​ទៅ​ទៀត​ ខណៈ​ដែល​ការ​សម្រេច​ចិត្ត​យឺត​ វា​​​ប្រាកដ​ណាស់​ថា គឺជា​ការ​ខាត​បង់​ធ្ងន់​ធ្ងរ​”។

Jack Dorsey ប្រជុំ​ដោយ​ប្រើ​ Google Doc

ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ភាគច្រើន​យល់​ថា ការ​ប្រជុំ​ធ្វើ​ឱ្យ​សមត្ថភាព​បំពេញ​ការ​ងារ​ត្រូវ​ថយ​ចុះ​។ ការ​ស្ទង់​មតិ​មួយ​របស់​សាលា​ពាណិជ្ជ​កម្ម​ Harvard និង​សាកល​វិទ្យា​ល័យ Boston បាន​បង្ហាញ​ថា មេដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​នានា​ បាន​អះអាង​ថា កិច្ច​ប្រជុំ​នាំ​ឱ្យ​ពួកគេ​មិន​អាច​សម្រេច​បាន​​ភារកិច្ច​របស់​ពួកគេ​។ ក្នុង​ចំណោម​មេដឹក​នាំក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ មាន​រហូត​ដល់​70​%​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ថា កិច្ច​ប្រជុំ​នានា​មិន​មាន​ប្រសិទ្ធ​ភាព​។

Jack Dorsey ដែល​ជា​ CEO របស់ Twitter និង Square មាន​វិធី​ប្រជុំ​ខុស​ប្លែក​ពី​គេ​ ដែល​លោក​យល់​ថា ជា​ការ​ជំរុញ​ការ​ត្រិះ​រិះ​ពិចារណា​ (Critical thinking)។ មហា​សេដ្ឋី​ Dorsey បាន​ឱ្យ​ដឹង​កាល​ពី​ឆ្នាំ​2018​ថា “កិច្ច​ប្រជុំ​របស់​យើង ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី Google Doc ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​អាន​10​នាទី រួច​ហើយ​បញ្ចេញ​មតិ​ផ្ទាល់​នៅលើ​ហ្វាល​ទិន្ន​ន័យ​”។ លោក​បន្ត​ថា “ប្រការ​នេះ​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​ងាយ​ស្រួល​ក្នុង​ការ​មូល​មតិ​គ្នា​ អនុញ្ញាត​ឱ្យ​ធ្វើ​កា​រ​ពី​ចម្ងាយ​ និង​បង្កើន​ល្បឿន​នៃ​ការ​រិះ​រិះ​ពិចារណា​”។

Elon Musk កាត់​បន្ថយ​កិច្ច​ប្រជុំ​ដែល​មិន​ចាំ​បាច់​

មហាសេដ្ឋី Elon Musk គឺជា​ CEO របស់​ក្រុម​ហ៊ុន​ Tesla, SpaceX, The Boring Company និង​ក្រុម​ហ៊ុន​ Neuralink។ លោក​ Musk ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​ខ្លួន​ជាមួយ​នឹង​កិច្ច​ការ​សំខាន់​បំផុត​ និង​រៀប​ចំ​ពេល​វេលា​ដែល​នៅសល់​សម្រាប់​ធ្វើកិច្ច​ការ​ផ្សេង​ៗ​ទៅ​តាម​លំដាប់​លំដោយ​នៃ​អាទិភាព​។ មហា​សេដ្ឋី​រូប​នេះ​បាន​ថ្លែង​នៅ​សាកល​វិទ្យាល័យ​ Southern California កាល​ពី​ឆ្នាំ​2014​ថា “កុំ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​អ្នក​ទៅលើ​អ្វី​ដែល​មិន​អាច​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ប្រសើរ​”។

មួយ​ក្នុង​ចំណោម​វិធី​ដែល​ជួយ​ឱ្យ​លោក Elon Musk អាច​ធ្វើ​បាន​ប្រការ​ខាង​លើ នោះ​គឺ​ការ​លុប​បំបាត់​កិច្ច​ប្រជុំ​កាន់​តែ​ច្រើន​ កាន់​តែ​ល្អ​។ នៅក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅកាន់​បុគ្គលិក​​កាល​ពី​ឆ្នាំ​​2018 មហាសេដ្ឋី​រូប​នេះ​ថ្លែង​ថា “ការ​ប្រជុំ​ច្រើន​ពេក​គឺជា​ជំងឺ​របស់​បណ្ដា​ក្រុម​ហ៊ុន​ធំៗ ហើយ​វា​តែង​តែ​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​កាន់​តែ​ដុន​ដាប​។ ចូរ​ឈប់​បើក​កិច្ច​ប្រជុំ​ជា​ប្រចាំ លើក​លែង​តែ​មាន​កិច្ច​ការ​បន្ទាន់​បំផុត​”។

បើសិន​ជា​ត្រូវ​តែ​ប្រជុំ​មិន​អាច​ខាន​បាន​ លោក​ Musk ថ្លែង​ថា​ អ្នក​ចាំបាច់​ត្រូវ​តែ​ “ប្រាកដ​ថា​នឹង​នាំ​មក​នូវ​ប្រយោជន៍​ និង​តម្លៃ​ដល់​អ្នក​ដែល​បាន​ចូល​រួម​”។ លោក​ក៏​តែង​លើក​ទឹក​ចិត្ត​ឱ្យ​បុគ្គលិក​ “ចាក​ចេញ​ពី​កិច្ច​ប្រជុំ​​ នៅ​ពេល​ដឹង​ថា ខ្លួន​នឹង​មិន​ទទួល​បាន​ប្រយោជន៍​”។ លោក​ Musk អះអាង​ថា ប្រការ​នេះ​នឹង​មិន​មែនជា​អសុជីវ​ធម៌​នោះ​ឡើយ​៕

ប្រភព​៖ CNBC

Advertisement