ក្លាយ​ជា​មហាសេដ្ឋី​ឆ្នាំ​2020 ដោយ​សារ​​ស្រោម​ដៃ​​កៅស៊ូ

ក្លាយ​ជា​មហាសេដ្ឋី​ដោយ​សារ​​ស្រោម​ដៃ​​កៅស៊ូ
Thai Kim Sim (ឆ្វេង​) មក​ពី​ក្រុម​ហ៊ុន​ Supermax Corp និង Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber

Thai Kim Sim មក​ពី​ក្រុម​ហ៊ុន​ Supermax Corp និង Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber មាន​ទ្រព្យ​លើស​ពី​1​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​មក​ដល់​ឆ្នាំ​នេះ​ ដោយ​សារ​ពួកគេ​​​ផលិត​ស្រោម​ដៃ​កៅ​ស៊ូ។

ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ផលិត​ស្រោម​ដៃ​កៅស៊ូ​ប្រមាណ​ជា​65​%​ ក្នុង​ចំណោម​ស្រោម​ដៃកៅ​ស៊ូ​សរុប​​ដែល​ត្រូវ​បាន​ផលិត​នៅ​ទូទាំង​ពិភពលោក​ បច្ចុប្បន្ន​មាន​មហា​សេដ្ឋី​យ៉ាង​តិច​ចំនួន​4​រូប​ដែល​ស្ថិត​ក្នុង​វិស័យ​នេះ​។ ក្នុង​នោះ មាន​2​រូប​ទើប​តែ​​បាន​ក្លាយ​ជា​មហា​សេដ្ឋី​នៅក្នុង​ឆ្នាំ​2020​។​ យោង​តាម​ Bloomberg Billionaires Index អ្នក​ជំនួញ​ Thai Kim Sim មក​ពី​ក្រុម​ហ៊ុន​ Supermax Corp គឺជា​ឈ្មោះ​ថ្មី​បំផុត​ដែល​ទើប​ត្រូវ​បាន​កត់​ត្រា​ក្នុង​បញ្ជី​នេះ​ (Bloomberg Billionaires Index) ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​បច្ចុប្បន្ន​ឡើង​ដល់ខ្ទង់​​1​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក Thai Kim Sim បាន​ក្លាយ​ជា​មហា​សេដ្ឋី​ក៏​ព្រោះ​តែ​តម្លៃ​មូល​បត្រ​របស់​ក្រុ​ម​ហ៊ុន​នេះ​បាន​កើន​ឡើង​ខ្ពស់​​ក្នុង​ខែ​មិថុនា​។ ចំណែក​ Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber ក៏​ជា​មហាសេដ្ឋី​ថ្មី​នៅក្នុង​ឆ្នាំ​2020​នេះ​ ដោយ​មាន​ទ្រព្យ​​ 1.1​ពាន់​លាន​ដុល្លារ​។

តម្រូវ​ការ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ខ្ពស់​ នាំ​ឱ្យ​តម្លៃ​មូលបត្រ​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​សម្ភារ​ការ​ពារ​សុខ​ភាព​ក៏​បាន​ឡើង​ខ្ពស់​ ជួយ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​មាន​មហា​សេដ្ឋី​កាន់​តែ​ច្រើន​។ Top Glove Corp ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ស្រោម​ដៃ​កៅស៊ូ​ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ និង​​ក្រុម​ហ៊ុន​ Hartalega Holdings រួម​នឹង​ក្រុម​ហ៊ុន​ Kossan Rubber Industries សុទ្ធ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ COVID-19។ ប៉ុន្តែ ដោយ​មាន​កំណើន​​ខ្ពស់​ជាង​មុន​ដល់​ទៅ​5​ដង Supermax ឯណេះ​វិញ​ទេ​ទើប​ជា​ឈ្មោះ​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​បំផុត​នៅក្នុង​ឆ្នាំ​នេះ​។

“ការ​ពាក់​ស្រោម​ដៃ​ដើម្បី​ធ្វើ​ការ​គ្រប់​បែប​សព្វយ៉ាង​ បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​​ មិន​ថា​​​នៅ​ក្នុង​វិស័យ​សុខាភិបាល​ ឬ​វិស័យ​លក់​រាយ​។ កំណើន​នៃ​ការ​ប្រើ​ប្រាស់​ស្រោម​ដៃ​កៅ​ស៊ូ នឹង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ក្នុង​រយៈ​ពេល​វែង​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​ស្រោម​ដៃ” នេះ​បើ​តាម​ Walter Aw អ្នកវិភាគ​មក​ពី​ក្រុម​ហ៊ុន CGS-CIMB Research។​ អ្នក​វិភាគ​រូប​នេះ​បន្ត​ថា “Supermax គឺជា​ដំណើរ​រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ ព្រោះ​ថា ពួកគេ​ធ្វើ​ការ​ផលិត​ស្រោម​ដៃ​ដោយ​ខ្លួន​ឯង​ ខណៈ​ដែល​ក្រុម​ហ៊ុន​ដទៃ​ ភាគ​ច្រើន​គឺជា​អ្នក​ផ្គត់​ផ្គង់​បន្ត​”។

ក្លាយ​ជា​មហាសេដ្ឋី​ដោយ​សារ​​ស្រោម​ដៃ​​កៅស៊ូ
Thai Kim Sim មក​ពី​ក្រុម​ហ៊ុន​ Supermax Corp

Thai Kim Sim និង​ភរិយា​ បាន​បង្កើត​ Supermax កាល​ពី​ឆ្នាំ​1987​ ដែល​ដំបូង​ឡើយ​ ពួកគេ​គ្រាន់​តែ​រកស៊ី​លក់​ដូរ​ស្រោម​ដៃ​ប៉ុណ្ណោះ​។ រហូត​ដល់​ឆ្នាំ​1989 ទើប​ពួកគេ​ចាប់​ផ្ដើម​ផលិត​។ នេះ​គឺជា​ក្រុម​ហ៊ុន​ផលិត​ដំបូង​គេ​ដែល​មាន​ពាណិជ្ជ​សញ្ញា​ដោយ​ឡែក​ដើម្បី​គាំទ្រ​ដល់​ការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិបាល​ម៉ាឡេស៊ី​។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​នេះ​ បាន​និង​កំពុង​នាំចេញ​ស្រោម​ដៃ​កៅស៊ូ​ទៅ​កាន់​ប្រទេស​ជាង​160​ ដោយ​​ផ្គត់​ផ្គង់​ស្រោម​ដៃ​សុខាភិបាលបាន​​ប្រមាណ​ជា​12​%​ នៃ​​តម្រូវ​ការ​​សរុប​នៅ​ទូទាំង​ពិភពលោក​។

លោក​ Thai និង​គ្រួសារ​របស់​លោក​ កាន់​កាប់​ភាគ​ហ៊ុន​ 38​% នៅក្នុង​ក្រុម​ហ៊ុន​ Supermax។ ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​នេះ​បាន​កើន​24​%​ (447​លាន​រីងហ្គីត​/​104,461,262​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ខែ​មីនា​ឆ្នាំ​2020​ ក្នុង​នោះ​មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ឥទ្ធិ​ពល​របស់​ COVID-19។ ក្រុម​ហ៊ុន​នេះ​ផលិត​ស្រោម​ដៃ​ចំនួន​24​ពាន់​លាន​ស្រោម​​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​តាម​គម្រោង​ ពួកគេ​នឹង​ផលិត​44​ពាន់​លាន​ស្រោម​នៅ​ក្នុង​ឆ្នាំ​2024​។ នៅក្នុង​ខែ​មិថុនា​នេះ​ Supermax បាន​ទិញ​ដី​បន្ថែម​ទៀត​ដើម្បី​ពង្រីក​​ទំហំ​នៃ​ទីតាំង​ផលិត​ ក៏ដូច​ជា​ដើម្បី​បង្កើន​ផលិត​ភាព​​។

តម្រូវ​ការ​​ស្រោម​ដៃ​កៅស៊ូ​នៅ​ទូទាំង​ពិភពលោក​ អាច​កើន​11​% ឡើង​ដល់​330​ពាន់​លាន​ស្រោម​នៅក្នុង​ឆ្នាំ​នេះ​។ ផលិត​ផល​ចំនួន​ 2/3​នៃ​តួលេខ​នេះ​នឹង​អាច​មក​ពី​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​តាម​សមាគម​នៃ​ក្រុម​ហ៊ុន​ផលិត​ស្រោម​ដៃ​កៅស៊ូ​របស់​​ម៉ាឡេស៊ី​។

Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber
Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber

ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ផលិត​ស្រោម​ដៃ​កៅស៊ូ​តាំង​ពី​ទសវត្សរ៍​ទី​80​នៃ​សហស្សវត្ស​មុន​ ដោយ​សារ​តែ​តម្រូវ​ការ​កើន​ឡើង​ខ្ពស់​ព្រោះ​​ជំងឺ​អេដស៍ (AIDS)។ ប្រាក់​ចំណាយ​ទៅ​កម្មករ​មាន​កម្រិត​ទាប​ ដើម​កៅស៊ូ​ច្រើន​ និង​វិស័យ​ឧស្សាហកម្ម​រ៉ែប្រេង​ធំ​ គឺជា​មូល​ហេតុ​ដែល​បាន​ជួយឱ្យ​បណ្ដា​ក្រុម​ហ៊ុន​នៅក្នុង​ប្រទេស​នេះ​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផលិត​ស្រោម​ដៃ​កៅស៊ូ។

ក្រៅ​ពី​ Supermax មូលបត្រ​របស់​ Top Glove ដែល​បាន​កើន​ឡើងច្រើន​ជាង​មុន​​3​ដង​នៅ​ក្នុង​ឆ្នាំ​នេះ​ក៏​បាន​ជួយ​ឱ្យ​ទ្រព្យ​របស់​ស្ថាបនិក​ Lim Wee Chai ឡើង​ដល់​​2.5​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្រុម​ហ៊ុន​នេះ​ក៏​រក​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​មុន​4ដង​ ពោល​គឺ​ឡើង​ដល់​ 348​លាន​រីងហ្គីត (81​លាន​ដុល្លារ​) ក្នុង​រយៈ​ពេល​ពី​ខែ​មីនា​ដល់​ខែ​ឧសភា​​2020។ ចំណែក​ប្រាក់​ចំណូលសរុប​​ក៏​កើន​ឡើង​ខ្ពស់​មិនធ្លាប់​មាន​ពីមុន​មក​ផង​ដែរ​។

មូលបត្រ​របស់​ Hartalega និង Kossan Rubber ​ក៏​បាន​កើន​ឡើង​ទ្វេដង​ក្នុង​ឆ្នាំ​នេះ​។ ស្ថាបនិក​ Hartalega Kuan Kam Hon និង​គ្រួ​សារ​ បច្ចុប្បន្ន​មាន​ទ្រព្យ​ 4.8​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក​ Lim Kuang Sia មក​ពី​ក្រុម​ហ៊ុន​ Kossan Rubber ក៏​មាន​ទ្រព្យ​ 1.1​ពាន់​លាន​ដុល្លារ​៕

ប្រភព៖ Bloomberg

Advertisement