TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!

TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!

CEO តូយ៉ូតា ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសជប៉ុន បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុននៅតែមានប្រាក់ចំណេញ បើទោះជាប្រឈមនឹងវិបត្តិដ៏ធំដោយសារវីរុសកូវីដ-19 ខ្លាំងជាងអំឡុងពេលវិបត្តិ លេយ៍មែន ប្រាឌើរ ដែលមានប្រភពពីសហរដ្ឋអាមេរិកទៅទៀត។

លោក អាគីអូ តូយ៉ូដា CEO ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ បានថ្លែងនៅក្នុងការប្រជុំភាគហ៊ុនិកកាលពីសប្ដាហ៍កន្លងទៅថា តូយ៉ួតានៅតែមានប្រាក់ចំណេញក្នុងឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំក្រោយ។ លោកថែមទាំងបានបញ្ជាក់ទៀតថា “តូយ៉ូតា រឹងមាំឡើង ដោយសារការកាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធភាព”។

ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ បានប្រមាណថា ទោះជានៅមានប្រាក់ចំណេញក្ដី តែប្រាក់ចំណេញពីការដំណើរការរបស់ក្រុមខ្សែបណ្ដាញ បានថយចុះជិត 80ភាគរយ បើធៀបនឹងឆ្នាំទៅ នៅសល់ត្រឹមតែ 500,000លានយ៉េនប៉ុណ្ណោះ ដែលនេះជាតួលេខទាបបំផុតក្នុងរង្វង់ 9ឆ្នាំ តែ ដោយសារការកាត់បន្ថយការចំណាយ ធ្វើឱ្យតូយ៉ូតានៅតែមានប្រាក់ចំណេញ កណ្ដាលវិបត្តិកូវីដ-19 ដែលកំពុងរាលដាលទូទាំងពិភពលោក។

តូយ៉ូតា បានបញ្ជាក់ថា នឹងគ្មានការកាត់បន្ថយបុគ្គលិកឡើយ តែនឹងកាត់បន្ថយការចំណាយយ៉ាងតឹងរ៉ឹង និងកែសម្រួលធុរកិច្ចយ៉ាងគ្រប់ជ្រុងជ្រោយ។

TOYOTA មិនចុះចាញ់កូវីដ-19ទេ នៅតែមានប្រាក់ចំណេញ និងមិនកាត់បន្ថយបុគ្គលិក សូម្បីតែម្នាក់!តូយ៉ូតា ថែមទាំងប្រាប់ឱ្យដឹងទៀតថា ចំនួនការផលិតរថយន្តរបស់តូយ៉ូតាទូទាំងពិភពលោក បានថយចុះច្រើនជាង 50% ក្នុងខែមេសា ព្រោះការឆ្លងរាលដាលរបស់មេរោគកូវីដ-19 តែចំនួនលក់រថយន្តថ្មីរបស់តូយ៉ូតានៅក្នុងប្រទេសចិន ក្នុងខែឧសភា បែរជាកើនឡើងដល់ទៅ 20.1% បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ដោយលក់រថយន្តថ្មី របស់តូយ៉ូតានៅក្នុងប្រទេសចិនបាន 166,300គ្រឿង ក្រោយពីចំនួនលក់រថយន្តតូយ៉ូតាក្នុងប្រទេសនេះបានធ្លាក់ចុះ 15.9% ក្នុងខែមីនា ជាអំឡុងពេលដែលកូវីដ-19 រាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសចិន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement