ក្រុម​ហ៊ុន​ Startup ដែល​រក​បាន​ចំណូល​​ច្រើន​ពី​ភាពឯកា​របស់​មនុស្ស​ នៅ​​ក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក

Karen Dolva និង​ផលិត​ផល​របស់​ពួកគេ​

COVID-19 បាន​ផ្ដល់​​ឱកាស​សម្រាប់​​​ក្រុម​ហ៊ុន​នានា​ក្នុង​ការ​បង្កើត​សេវា​កម្ម​ជួយ​ដល់​អតិថិជន​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាង​ញាតិ ឬ​អ្នក​ដទៃ​ ការ​ផ្ដល់​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​ និង​កាត់​បន្ថយ​ភាព​តប់​ប្រមល់​នៅ​ពេល​ត្រូវ​នៅ​ផ្ទះ​យូរ​ថ្ងៃ​ខែ​។

បម្រាម​គោចរ​ និង​បទ​បញ្ជា​រក្សា​គម្លាត​សង្គម​ដោយ​សារ​តែ​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 គឺជា​ឧបសគ្គសម្រាប់​ក្រុម​ហ៊ុន​ជា​ច្រើន​។ ប៉ុន្តែ​ ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​បង្វែរ​បញ្ហា​នេះ​ឱ្យ​ទៅ​ជា​ឱកាស​។ នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​ CNBC ស្ថាបនិក​ក្រុម​ហ៊ុន​ថ្មី​ៗចំនួន​3 បាន​ចែក​រំលែក​អំពី​បទ​ពិសោធន៍​ក្នុង​ការ​រក​លុយ​ពី​តម្រូវ​ការ​នៃ​ការ​កាត់​បន្ថយ​ភាព​ឯកា​នៅក្នុង​សម័យ​COVID-19នេះ​។

នៅ​មុន​សម័យ​COVID-19 ភាព​ឯកា​ក៏​ជា​បញ្ហា​មួយ​នៅក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​។ យោង​តាម​របាយ​ការណ៍​មួយ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា ជិត​2/3​ (61​%) នៃ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ មាន​អារម្មណ៍​ថា​ឯកា។ តួលេខ​នេះ​បាន​កើន​ឡើង​​ច្រើន​បើ​ធៀប​នឹង​54​%​កាល​ពី​ឆ្នាំ​2018​។

បញ្ហា​ខាងលើ​នេះ​នឹង​បង្ក​ផល​វិបាក​ច្រើន​ដល់​សុខ​ភាព​ ព្រោះ​ថា​អ្នក​ដែល​តែង​តែ​មាន​អារម្មណ៍​ឯកា​នឹង​ងាយ​ជួប​ប្រទះ​បញ្ហា​​គាំង​បេះ​ដូង​ ជំងឺ​បេះ​ដូង​ ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​អាយុ​មិន​បាន​វែង​។

Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation ដឹង​យ៉ាង​ច្បាស់​អំពី​ប្រការ​ខាង​លើ​នេះ​។ ក្នុង​រយៈ​ពេល​5​ឆ្នាំ​កន្លង​ទៅ​ ក្រុម​ហ៊ុន​​នៃ​ប្រទេស​​ន័រវែសមួយ​នេះ​ បានប្រឹង​ប្រែង​​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​​ក្នុង​ការ​​កាត់​បន្ថយ​ភាព​ឯកា​និង​បញ្ហា​សុខ​ភាព​ដែល​កើត​ឡើង​ដោយ​សារ​ភាព​ឯកា​​។ អតិថិជន​របស់​ក្រុម​ហ៊ុន​ No Isolation គឺ​ជា​មនុស្ស​វ័យ​ចំណាស់​​និង​កុមារ​។ ក្រុម​ហ៊ុន​នេះ​ប្រើ​ប្រាស់​ផលិត​ផល​បច្ចេក​វិទ្យា​ដែល​មាន​មុខ​ងារ​ជួយ​ដល់​ទំនាក់​ទំនង​របស់​អ្នកជំងឺ​ ដូច​ជា​មនុស្ស​យន្ត​ដែល​បង្ហាញ​អំពី​ចលនា​ ឬ​កុំព្យូទ័រ​ថេប្លែត​ជា​ដើម​។

Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation
Karen Dolva អាយុ​29​ឆ្នាំ​ ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ No Isolation

វិបត្តិ​សុខ​ភាព​ដែល​បណ្ដាល​មក​ពី​វីរុស​COVID-19 ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន​។ នៅ​ក្នុង​រយៈ​ពេល​2សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​មីនា នៅ​ពេល​ដែល​COVID-19បាន​រាល​ដាល់​ពេញ​អឺរ៉ុប​ តម្រូវ​ការ​ទាក់​ទិន​នឹង​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ No Isolation ​បាន​កើន​ឡើង​ខ្ពស់​​។ ពួកគេ​ត្រូវ​បង្កើន​ផលិត​កម្ម​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថ្មី​។ Dolva បាន​ឱ្យ​ដឹង​ថា៖ “ដំបូង​ឡើយ​ យើង​គិត​ថា​នឹង​មិន​អាច​ផលិត​អ្វី​បន្ថែម​ទៀត​នោះ​ទេ​នៅក្នុង​ឆ្នាំ​2020​នេះ​។ ប៉ុន្តែ​ ក្រោយ​មក​អ្វី​ៗ​ទាំង​អស់​ក៏​បាន​ដើរ​បញ្ច្រាស់ទិស​ ហើយ​យើង​ក៏​ស្វែង​រក​វិធី​ដើម្បី​បង្កើន​ការ​ផលិត​”។

ឧបករណ៍​របស់​ក្រុម​ហ៊ុន​ No Isolation បាន​ជួយ​ឱ្យ​អតិថិជន​ជា​មនុស្ស​ចាស់​ ​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ញាតិ​ក្នុង​គ្រា​ដែល​ត្រូវ​សម្រាក​នៅ​ក្នុង​ផ្ទះ​។ Dolva និយាយ​ថា៖ “ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ឃើញ​ផលិត​ផល​របស់​យើង​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រើប្រាស់​។ អតិថិជន​វ័យ​ចំណាស់​នឹង​ទទួល​បាន​រូប​ថត​ចំនួន​17​សន្លឹក​ក្នុង​មួយ​សប្ដាហ៍​។ សម្រាប់​ពួកគេ វា​ប្រៀប​ដូច​ជា​ការ​ទទួល​បាន​រូប​ថត​ពី​ប្រៃសណីយ៍​យ៉ាង​ដូច្នោះ​ដែរ​។

ចំណែក​ Calvin Benton ដែល​ជា​សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Spill នៅ​អង់គ្លេស​វិញ បាន​បង្កើត​កម្មវិធី​ (App) មួយ​ដែល​អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាច​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវ​ចិត្ត​​ពី​ចម្ងាយ ​តាម​រយៈ​កម្មវិធី​ផ្ញើសារ​ Slack។ នៅ​ពេល​ដែល​គ្រប់​គ្នា​ត្រូវ​ធ្វើ​ការ​ពី​ចម្ងាយ​ សេវាកម្មនេះ​កាន់​តែ​មាន​សារ​សំខាន់​។

“នៅក្នុង​អំឡុង​2ខែ​កន្លង​ទៅ​ អ្វី​ៗ​ទាំង​អស់​ពិត​ជា​ច្របូក​ច្របល់​។ យើង​ទទួលបា​នសំណួរ​​​ស្ដីអំពី​ Spill ច្រើន​ជាង​រយៈ​ពេល​2​ឆ្នាំ​កន្លងទៅ​​បូក​ចូល​គ្នា​ទៅ​ទៀត​” Benton បាន​ឱ្យ​ដឹង​បែប​នេះ​។ ក្រុម​ហ៊ុន​ Spill ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​2018​។

តម្រូវ​ការ​មិន​ត្រឹម​តែ​មក​ពី​បណ្ដា​ប្រធាន​ក្រុម​ហ៊ុន​​ ឬ​ម្ចាស់​អាជីវកម្ម​នោះ​ទេ សូម្បី​តែ​បុគ្គល​ធម្ម​តា​ដែល​មាន​បញ្ហា​ការ​ងារ​ ឬ​សុខ​ភាព​​ក៏​ស្វែង​រក​សេវា​កម្ម​របស់​ Spill ដែល​នេះ​​ធ្វើ​ឱ្យ​តួលេខ​នៃ​តម្រូវ​ការ​សេវា​កម្ម​ កើន​ឡើង​ច្រើន​ជាង​ពេល​ធម្មតា​ដល់​ទៅ​4​ដង​។

Calvin Benton (ស្ដាំ) និង​ក្រុម​ការ​ងារ​ជួរ​មុខ​របស់​ក្រុម​ហ៊ុន​ Spill

នេះ​ក៏ជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​​​ផ្លូវ​ចិត្ត​ផងដែរ​។ គ្រូពេទ្យ​អាច​ប៉ះប៉ូវ​​ទៅ​លើ​ខ្ទង់​ប្រាក់​ចំណូល​ដែល​បាន​បាត់​បង់​​ដោយ​សារ​មិន​អាច​ណាត់​ជួប​អតិថិជន​ដោយ​ផ្ទាល់​។ Spill ក៏​បាន​បង្កើត​សេវា​កម្ម​សាធារណៈ​ ដូច​ជា​ “សួរ​អ្នក​ឯកទេស” នៅ​លើ​ story របស់​ Instagram រួម​នឹង​ការ​ប្រឹក្សា​យោបល់​ដោយោ​មិន​គិត​ថ្លៃ​​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការ​ងារ​បណ្ដោះ​អាសន្ន​ អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

ក្រៅ​ពី​បញ្ហា​ទាក់ទិន​នឹង​គម្លាត​ និងវិបត្តិ​ផ្លូវ​ចិត្ត បទ​បញ្ជា​រក្សា​គម្លាត​សង្គម​ក៏​បាន​ធ្វើ​​​ឱ្យ​មនុស្ស​មាន​អារម្មណ៍​​តប់​កមល​​ ព្រួយ​ចិត្ត​ និង​ឯកាផងដែរ​។ នេះ​គឺជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​ Danielle Baskin និង​សហស្ថាបនិក​របស់​ខ្លួន​បង្កើត​ QuarantineChat ដែលជា​កម្មវិធី​​មួយ​ ​ជួយ​តភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស​ចម្លែក​និង​មនុស្ស​ចម្លែក តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​បែប​ចៃ​ដន្យ​ជា​រៀង​រាល់​ថ្ងៃ​។

Baskin និង​ Max Hawkins បាន​បង្កើត​សេវាកម្មនេះ​កាល​ពី​ខែ​មីនា​ នៅ​លើ​ថ្នាល​នៃ​កម្ម​វិធី​ផ្ញើសារ​ Dialup របស់​ពួកគេ​ នៅក្នុង​គ្រា​ដែល​សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​អនុវត្ត​​បម្រាម​គោចរ​។ ប៉ុន្តែ គំនិត​នេះ​បាន​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ​ នៅ​ពេល​ដែល​ Baskin ត្រូវ​នៅ​ក្នុង​ផ្ទះ​ព្រោះតែ​កើត​ជំងឺ​ឆ្លង​ម្យ៉ាង​។

Baskin និយាយ​ថា៖ “ខ្ញុំ​គិត​ថា អូ! ពិត​ជា​អស្ចារ្យ​ណាស់​បើសិន​ជា​ខ្លួន​អាច​តភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​មាន​ជំងឺ​ដូច​គ្នា​នេះ​នៅ​ពេល​នេះ​តែ​ម្ដង​។ ដូច្នេះ ពេល​ដែល​ COVID-19 បាន​បង្ហាញ​ខ្លួន ខ្ញុំ​ក៏​បាន​ធ្វើ​ឱ្យ​គំនិត​នេះ​ក្លាយជា​ការ​ពិត​”។

Danielle Baskin សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​​ QuarantineChat
Danielle Baskin សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​​​ QuarantineChat

កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​។ អ្នក​ប្រើ​ប្រាស់​បាន​​ប្រើ​ QuarantineChat ក្នុង​ការ​សន្ទនា​ជាង​2,300​ម៉ោង​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ក្នុង​ប្រទេស​ចំនួន​183​ក្នុង​ពិភពលោក​។ Baskin ថ្លែង​ថា៖ “យើង​គិត​ថា​ នេះ​គ្រាន់​តែ​ជា​វិធី​មួយ​ដើម្បី​ជួយ​ឱ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​។ ប៉ុន្តែ ជាក់​ស្ដែង​ អ្នក​ប្រើ​ប្រាស់​តែង​និយាយ​គ្នា​លេង​យ៉ាង​យូរ​ ព្រម​ទាំង​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ទៀត​ផង​”។

ការ​បង្កើត​អាជីវកម្ម​នៅក្នុង​វិបត្តិ​សុខ​ភាព​ពិភពលោក​ គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះ​ឡើយ​។ ក្រៅ​ពី​បញ្ហា​ហិរញ្ញវត្ថុ​ និង​ភាព​សមហេតុ​ផល​ កត្តា​បរិស្ថាន​នៃ​អាជីវកម្ម​និង​តម្រូវ​ការ​របស់​អតិថិ​ជន​ក៏​ជារឿង​ដែល​ពិបាក​ស្មាន​ផងដែរ​។

ប៉ុន្តែ Eric Ries ដែល​​ជា​អ្នក​និពន្ធ​​របស់​សៀវ​ភៅ​​ The Lean Startup ​ដែល​និយាយ​អំពី​អាជីវ​កម្ម​ បាន​ឱ្យដឹង​ថា នេះ​អាច​ជា​ឱកាស​ដ៏ល្អ​ បើសិន​ជា​អ្នក​បាន​រកឃើញ​ដំណោះ​ស្រាយ​សម្រាប់បញ្ហា​ដែល​គ្រប់​គ្នា​ត្រូវ​ប្រឈម​។ លោក​បន្ត​ថា៖ “ភាគ​ច្រើន​នៃ​ក្រុម​ហ៊ុន​ធំៗ​ដែល​យើង​ធ្លាប់​ដឹង​ គឺ​សុទ្ធ​សឹង​តែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គ្រា​មាន​វិបត្តិ​”។

យ៉ាង​នេះ​ក្ដី​ លោក Ries យល់​ថា ក្រុម​ហ៊ុន​នានា​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ​​ ជំនួស​ឱ្យ​ការ​ដោះ​ស្រាយ​តែ​បញ្ញា​មួយ​នៅក្នុង​គ្រា​ជាក់​លាក់​ណា​មួយ​។ Eric Ries​ សង្កត់​ធ្ងន់​ថា៖ “យើង​នឹង​មិន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន​ជា​និច្ច​នោះ​ឡើយ​។ ក្រុម​ហ៊ុន​ជា​ច្រើន​ធ្វើ​ជំនួញ​បាន​យ៉ាង​ល្អ​នៅក្នុង​គ្រា​មាន​វិបត្តិ​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្វី​ៗ​ទាំង​អស់បាន​វិល​​ត្រលប់​មក​រក​សភាព​ធម្មតា​ ការ​រកស៊ី​របស់​ពួកគេ​ក៏​​ធ្លាក់​ចុះ​ទៅ​តាម​នោះដែរ​”៕

ប្រភព៖ CNBC

Advertisement