ម្ចាស់​ SoftBank ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ភិបាល​របស់​​ Alibaba តែ​ថា​នៅ​សង្ឃឹម​ទៅ​លើ​ TikTok និង​ ARM

ម្ចាស់​ SoftBank ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ភិបាល​ Alibaba តែ​នៅ​សង្ឃឹម​ទៅ​លើ​ TikTok
មហាសេដ្ឋី​ Masayoshi Son (ឆ្វេង) និង​មហាសេដ្ឋី Jack Ma

Masayoshi Son ចាក់​ចេញ​ពី​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន​ចិន​ Alibaba ក្រោយ​រយៈ​ពេល​15​ឆ្នាំនៅ​ជាមួយ​គ្នា ប៉ុន្តែ​បាន​អះអាង​ថា​ មិន​មែន​ដោយ​មូលហេតុ​បាត់​បង់ទំនុក​ចិត្ត​លើ​ក្រុម​ហ៊ុន​ “យក្ស” របស់​ចិន​មួយ​នេះ​ទេ​។

បិទ​បញ្ចប់​មហាសន្និបាតនៃ​ភាគហ៊ុនិករបស់​​ Softbank កាលពី​ថ្ងៃទី​25​មិថុនា​ ស្ថាបនិក​ Masayoshi Son បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​លោក​ប្រកាស​ថា នឹង​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន​ Alibaba។ លោក​ថ្លែង​ថា ជិត​ “បញ្ចប់​ការ​សិក្សា” ពី​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន​នេះ​ហើយ។

Masayoshi Son បាន​បកស្រាយ​ថា មូលហេតុ​ដែល​លោក​ចាក​ចេញ​នេះ​ មិន​មែន​ដោយ​សារ​មាន​ទំនាស់​អ្វី​នោះ​ឡើយ បើ​ទោះ​ជា​លោក​ Jack Ma (សហស្ថាបនិក​របស់​ Alibaba) កាល​ពី​ខែ​មុន​ក៏​បាន​ប្រកាស​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ភិបាល​​របស់​ SoftBank។ មហាសេដ្ឋី​ទាំង​ពីរ​រូប​នេះ​នៅ​តែរក្សា​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ ក្រោយ​ពី​លោក​ Masayoshi Son បាន​ក្លាយ​ជា​វិនិយោគិន​ម្នាក់ក្នុង​ចំណោមមនុស្ស​​ដែល​បាន​វិនិយោគ​ទៅលើ​ Alibaba មុន​គេ​។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​​ចិន​ Alibaba នេះ​ មាន​តម្លៃ​សរុប​ប្រមាណជា​600​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​ត្រូវ​បាន​ចាត់​ទុក​ថាជា​គ្រាប់​ពេជ្រ​នៅក្នុង​បញ្ជី​វិនិយោគ​របស់​ SorfBank។

“យើង​ពុំមាន​ការ​ខ្វែង​គំនិត​គ្នា​អ្វី​នោះ​ទេ​។ នេះ​គឺជា​ការ​ពេញ​ចិត្ត​ដ៏​ល្អ​មួយ​” លោក Masayoshi Son បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​។

ការ​ចាក​ចេញ​របស់​លោក​ Masayoshi Son និង​លោក​ Jack Ma ហាក់​មិន​ទាន់​មាន​ផល​ប៉ះពាល់​ផ្ទាល់​អ្វី​មួយ​ដល់​ក្រុម​ហ៊ុន​ទាំង​ពីរ​ខាង​លើ​នៅ​ឡើយ​ ប៉ុន្តែប្រការ​នេះ​បាន​ក្លាយ​ជា​ទី​បញ្ចប់​នៃ​យុគសម័យ​មួយ​។ លោក Masayoshi Son និង​លោក​ Jack Ma គឺ​ជាអ្នក​ជំនួញ​ពីរ​រូប​ក្នុង​ចំណោម​អ្នក​ជោគ​ជ័យ​បំផុត​នៃ​ជំនាន់​របស់​ពួកគេ​ ហើយ​អាច​ពឹង​ផ្អែក​ទៅ​លើ​ការ​ណែនាំ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ​។

លោក​ Son បាន​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ភិបាល​របស់​ Alibaba​ តាំង​ពី​ឆ្នាំ​2005។ នៅ​ពេល​ SoftBank ជួប​បញ្ហា​ជាមួយ​នឹង​ខ្ទង់ខាត​បង់​ក្នុង​ឆ្នាំ​នេះ លោក Son អាច​ប្រើប្រាស់​ភាគ​ហ៊ុន​នៅ​ Alibaba ដើម្បី​ធ្វើ​ជា​ទុនចាំបាច់​​នៅ​ SoftBank។

គិត​មក​ដល់​បច្ចុប្បន្ន Alibaba នៅតែជា​ខ្ទង់​វិនិយោគ​ជោគ​ជ័យ​បំផុត​របស់​ SoftBank។ ឆ្នាំ​2000​ លោក Son បាន​វិនិយោគ​20​លាន​ដុល្លារ​ទៅ​លើ​ Alibaba (ដែល​កាល​ណោះ Alibaba មិន​ទាន់​មាន​ឈ្មោះ​ល្បី​នៅ​ឡើយ​) ដើម្បី​តភ្ជាប់​ទំនាក់ទំនង​ក្រុម​អ្នក​ផលិត​នៅ​ប្រទេស​ចិន​ជាមួយ​នឹង​អតិថិជន​នៅ​បរទេស​។ បច្ចុប្បន្ន ភាគ​ហ៊ុន​ខាង​លើ​នេះ​ មាន​តម្លៃ​ឡើង​ដល់​ជាង​150​ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ។ ការ​វិនិយោគ​ខាង​លើ​ បាន​ជួយ​ឱ្យ​លោក Son មាន​ឈ្មោះ​ល្បី​ ហើយ​ក្រោយ​មក​ក៏​បង្កើត​បាន​​ Vision Fund​ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ឡើង​ដល់​ 100​ពាន់​លាន​ដុល្លារ​អាមេរិក​។

ម្ចាស់​ SoftBank ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ភិបាល​ Alibaba តែ​នៅ​សង្ឃឹម​ទៅ​លើ​ TikTok
លោក Masayoshi Son

លោក​ Son មាន​ឈ្មោះ​ល្បី​ថា​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុកដាក់​នៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដែល​លោក​គិត​ថា​ មាន​លទ្ធភាព​ក្លាយ​ជា​ “Jack Ma បន្ទាប់​”។ Alibaba ក៏​បាន​ក្លាយ​​ជា​ស្ដង់ដា​មួយ​ដើម្បី​ឱ្យ​លោក​ Son អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​វិនិយោគ​ទៅលើ​បណ្ដា​ក្រុម​ហ៊ុន​ startup ផ្សេង​ៗ​។ ប៉ុន្តែ ថ្មី​ៗ​នេះ លោក Son ត្រូវ​រង​ការ​​ខាតបង់ច្រើន​ទៅលើ​ខ្ទង់​វិនិយោគ​នៅ​ក្នុង​បណ្ដា​ក្រុម​ហ៊ុន​ថ្មី​ៗ ដូច​ជា Wag Labs, Zume Pizza និង​ Brandless ជា​ដើម។ មុន​នោះ SoftBank ក៏​ទទួល​រង​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ WeWork​ ផងដែរ។

យ៉ាង​នេះ​ក្ដី នៅក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃទី​25​មិថុនា​កន្លង​ទៅ លោក Masayoshi Son នៅ​តែ​បង្ហាញ​ការ​ជឿ​ជាក់​។ នៅ​ពេល​ត្រូវ​បាន​ក្រុម​ភាគហ៊ុនិក​សួរ​ថា “តើ​មាន​ចំនួន​ប៉ុន្មាន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​88​ដែល​ត្រូវ​បាន​ Vision Fund បណ្ដាក់​ទុក​​នាបច្ចុប្បន្ន​ អាច​ក្លាយ​ជា​ Alibaba បន្ទាប់?​” លោក​ Son ថ្លែង​ថា “មាន mini Alibaba មួយ​ ឬពីរ​”។

លោក​ Son ក៏បាន​បញ្ជាក់អំពី​ការ​ជឿជាក់​របស់​ខ្លួន​ទៅ​លើ​ការ​ប្ដូរ​ផ្លាស់​ទៅ​រក​ឌីជីថល់​និយម​នៅទូទាំង​ពិភពលោក​ រួម​នឹង​ការ​បង្ហាញ​វត្តមាន​នៃ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​។ ទាំង​ពីរ​នេះ​កំពុង​តែ​រីក​ចម្រើន​យ៉ាង​ល្បឿន​នៅ​ក្នុង​សម័យ​COVID-19 ហើយ​វា​នឹង​ជួយ​នាំ​មក​នូវ​ប្រយោជន៍​សម្រាប់​ខ្ទង់​វិនិយោគ​របស់​លោក​ទៅ​លើក្រុម​ហ៊ុន​ចិន​​ ByteDance ដែលជា​ម្ចាស់​បណ្ដាញ​សង្គម​ TikTok និង​ក្រុម​ហ៊ុន​ផលិត​ឈីប ARM របស់​អង់គ្លេស​៕

ប្រភព៖ Bloomberg

Advertisement