ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​របស់​​បណ្ដាញ​សង្គម​ Facebook ធំកម្រិត​ណា?

ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Facebook ធំកម្រិត​ណា?

សូម្បី​តែ​នៅ​ក្នុង​គ្រា​ត្រូវ​ប្រឈម​នឹង “​រលក​យក្ស” នៃ “ពហិការ” ធំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​​ Facebook នៅតែ​អាច​គេច​ផុត​ពី​ការ​ខាត​បង់​​ធំ​ដោយ​សារ​តែ​ចំនួន​អតិថិជន​ដ៏​ច្រើន​មហិមា​របស់​ក្រុម​ហ៊ុន​នេះ​។

មក​ដល់​ពេល​នេះ មាន​ក្រុម​ហ៊ុន​ធំៗ​កាន់​តែ​ច្រើន​ឡើង​ នាំ​គ្នា​ដក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ចេញ​ពី​ Facebook ដើម្បី​ប្រឆាំង​ទៅ​នឹង​គោល​នយោបាយ​គ្រប់​គ្រង​ខ្លឹម​សារ​ប្រកប​ដោយ​ការ​បង្ក​ជម្លោះ​​របស់​បណ្ដាញ​សង្គម​នេះ​។ គិត​ដោយ​ឡែក​ត្រឹម​តែ​នៅ​ក្នុង​ថ្ងៃ​ចន្ទ​ដើមសប្ដាហ៍​នេះ មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន​3​ដែល​បាន​ដក​​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ខ្លួន​ចេញ​ពី​ទំព័រ​ Facebook រួមមាន​ក្រុម​ហ៊ុន Adidas, HP និង​ Ford។ មុន​នេះ បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា​ Unilever, The North Face, Coca Cola និង​ក្រុម​ហ៊ុន​ Honda ក៏​បាន​ចូល​រួម​យុទ្ធ​នាការ​ធ្វើ​ពហិការខាង​លើ​នេះ​ដែរ​។

ប្រការ​ខាង​លើ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​តម្លៃ​មូលបត្រ​របស់​ Facebook ហើយ​វា​នឹង​បង្ខំ​ឱ្យ​ថ្នាក់​ដឹក​នាំរបស់​ក្រុម​ហ៊ុននេះ​ ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​។​ ក៏ប៉ុន្តែ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជ​កម្ម​អនឡាញ​យក្ស​របស់​ក្រុម​ហ៊ុន​ Facebook បណ្ដា​ក្រុម​ហ៊ុន​ធំៗ​​ផ្សេង​ទៀត​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ច្រើន​ជាង​នេះ​។

កាល​ពី​ឆ្នាំ​ទៅ​ Facebook រក​បាន​ចំណូល​​ 69.7​ពាន់​លាន​ដុល្លារ​ពី​សេវាកម្ម​ផ្សាយ​ពាណិជ្ជកម្ម​ ស្មើនឹង​98​%​នៃ​ចំណូល​សរុប​របស់​ក្រុម​ហ៊ុន​។ ភាគ​ច្រើន​នៃ​ខ្ទង់ប្រាក់​ចំណូល​ខាង​លើ​នេះ មិន​មែន​បាន​មក​ពី​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា Starbucks ឬ​ Coca Cola នោះ​ទេ​ តែ​វា​បាន​មក​ពី​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​មធ្យម​ និង​តូច​ ដែល​កំពុង​តែ​ពឹង​ផ្អែក​លើ​ Facebook ដើម្បី​ទាក់​ទាញ​អតិថិជន​។

នៅ​ដើមឆ្នាំនេះ Facebook បាន​ឱ្យ​ដឹង​ថា ពួកគេមានអតិថិជន​ចំនួន​8​លាន​ដែល​បាន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​។ ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Pathmatics បាន​បញ្ចេញ​របាយ​ការណ៍​ថា Top 100 នៃ​បណ្ដា​ក្រុម​ហ៊ុន​ដែល​ចំណាយ​ច្រើន​ជាង​គេ​ បា​ននាំ​ចំណូល​ 4.2​ពាន់​លាន​ដុល្លារ​មក​ឱ្យ​ Facebook កាល​ពីឆ្នាំ​ទៅ​ ដែល​នេះ​គឺ​ស្មើ​នឹង​6%​នៃ​ចំណូល​សរុប​របស់​បណ្ដាញ​សង្គម​នេះ​។

Nicole Perrin ដែល​ជា​អ្នកវិភាគ​ម្នាក់​មក​ពី​ក្រុម​ហ៊ុន eMarketer បញ្ចេញ​យោបល់​ថា “Facebook មាន​ដៃ​គូផ្សាយពាណិជ្ជកម្ម​ដ៏​ច្រើន​មហិមា​។ បណ្ដាញ​សង្គម​នេះ​ ពិត​ណាស់​ថា កំពុងពឹង​ផ្អែក​ច្រើន​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ខ្នាត​តូច​”។

បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​រលក​នៃ​ការ​ឈប់​ផ្សាយ​ពាណិជ្ជកម្ម​​ដ៏​ធំក្នុង​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​ចំនួន​អតិថិជន​ដ៏​ច្រើន​របស់​ Facebook បាន​ជួយឱ្យ​បណ្ដាញ​សង្គម​នេះ​គេច​ផុត​ពី​ការ​ខាត​បង់​ធំ​ផ្នែក​ហិរញ្ញវត្ថុ​។ ទន្ទឹម​នឹងនេះ​ សំណួរ​មួយ​ដែល​នៅ​មិន​ទាន់មាន​ចម្លើយ​នោះ​គឺ​ថា តើ​ក្រុម​ហ៊ុន​នានា​អាច​ចាក​ចោល​ “ថ្នាល” ផ្សាយ​ពាណិជ្ជកម្ម​នេះ​បាន​ដែរ​ឬ​អត់?។

Facebook បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (Artificial intelligence) និងបច្ចេកវិទ្យា​ពិភព​និម្មិត VR (Virtual Reality)។ ការ​បោះ​ជំហាន​ដ៏ធំ​របស់​ពួកគេ​គឺ​មិនមែន​ដើម្បី​​តភ្ជាប់​រវាង​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​ទៀត​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​ការ​កំណត់​ទិសដៅ​ឱ្យ​បណ្ដាញ​សង្គម​នេះ​ក្លាយ​ជា​ឧបករណ៍​ចាំបាច់​បំផុត​សម្រាប់​​ក្រុម​ហ៊ុន​ទូទៅ​ក្នុងការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ចុច​លើ​ប៊ូតុង​មួយ​។ Facebook អាច​ផ្ដល់​ជម្រើស​ច្រើន​ដល់​អតិថិជន​ក្នុងការ​ជ្រើស​រើស​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​នៅ​គ្រប់​ទម្រង់​ និង​គ្រប់​កម្រិត​។

ប្រព័ន្ធ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Facebook ធំកម្រិត​ណា?ប្រាក់​ចំណូល​​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ Facebook ក៏បាន​កើន​ឡើង​ជា​បន្តបន្ទាប់​ទៅតាម​ចំនួននៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​។ ឆ្នាំ​2009​ ពួកគេ​រក​បាន​ 761​លាន​ដុល្លារ​ ដែល​ពេល​នោះ​ Facebook មាន​អ្នកប្រើ​ប្រាស់​ចំនួន​350​លាន​នាក់​ជា​រៀង​រាល់​ខែ​។ នេះ​បើ​តាម​ eMarketer។

បច្ចុប្បន្ន​ បណ្ដាញ​សង្គម​នេះ​មាន​អ្នក​ប្រើប្រាស់​ចំនួន​2.6​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ​ ហើយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ Instagram (ជាបណ្ដាញ​សង្គម​មួយ​ដែល​ Facebook បាន​ទិញ​កាលពី​ឆ្នាំ​2012) នៅ​ឡើយ​។

Facebook បាន​ក្លាយ​ជា​គូ​ប្រជែង​ដ៏ខ្លាំង​បំផុត​របស់​ Google។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​កំពុង​តែ​ទាញ​យក​ចំណូល​ជាង​ពាក់​កណ្ដាល​នៃ​ចំណូល​ដែល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​អនឡាញ​ និង​ជិត​30​% បើ​ធៀប​នឹង​ប្រាក់​ចំណាយ​សរុប​សម្រាប់ការ​ផ្សាយ​ពាណីជ្ជកម្ម​នៅ​លើ​បណ្ដាញ​ទូរគមនាគមន៍​នៅ​សហរដ្ឋ​អាមេរិក​។

ក៏ប៉ុន្តែ​ ទំនាក់​ទំនង​រវាង Facebook នឹង​បណ្ដា​ដៃគូ​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមក​នេះ ក៏​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ផងដែរ​។ កាល​ពីឆ្នាំ​​2016 Facebook ធ្លាប់​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​គណនា​ខុស​ទៅលើ​តួលេខ​​ទាក់​ទិន​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ដូច​ជា​ចំនួន​អ្នក​ចូល​ទស្សនា​វីដេអូ ឬ​ចំនួន​អ្នក​ចូល​អាន​ទំព័រ​ផ្សេង​​ៗ​ដែល​មាន​នៅ​លើ​បណ្ដាញ​សង្គមនេះ​។

ឆ្នាំ​2018 Facebook រង​ការ​រិះ​គន់​ដោយ​សារ​តែ​វិធី​គ្រប់​គ្រង​ព័ត៌មាន​ឯកជន​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ Cambridge Analytica។ ថ្មី​ៗ​នេះ ពោល​គឺ​ក្នុង​ខែមករា មានក្រុម​ហ៊ុន​ជា​ច្រើន​ បាន​អំពាវ​នាវ​ឱ្យ​ Facebook និង​បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ​ មិន​ឱ្យ​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ខ្លឺមសារ​អាក្រក់​។

ទោះជា​យ៉ាង​ណា​ក៏ដោយ ការ​រិះ​គន់​គឺ​ងាយស្រួល​ជាង​ច្រើន​​បើ​ធៀប​នឹង​ការ​ចាក​ចេញ​ទាំង​ស្រុង​ពី​ Facebook។ បណ្ដា​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​ប្រាក់​ច្រើន​អាច​ពិចារណា​ក្នុង​ការ​ជ្រើស​យក​ថ្នាល​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ ដូច​ជា​ Google, Amazon ឬ TikTok និង Snapchat ជា​ច្រើន​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​ខ្នាត​មធ្យម និង​តូច​រាប់​លាន​ដែល​មាន​ប្រាក់​តិច​តួច​​នៅ​ពាស​ពេញ​ពិភពលោក​ គឺពិត​ជាពិបាក​ខ្លាំង​ណាស់​ក្នុងការ​បោះ​បង់​បណ្ដាញ​សង្គម​មួយ​នេះ​៕

ប្រភព៖ CNN

Advertisement