Warren Buffett ​ចំណាយ​​​ជិត​10​ពាន់​លាន​ដុល្លារ​​ ទិញ​ផ្នែក​មួយ​ពី​​ក្រុម​ហ៊ុន​ Dominion Energy

Warren Buffett ​ចំណាយ​​​ជិត​10​ពាន់​លាន​ដុល្លារ​​ ទិញ​ផ្នែក​មួយ​ពី​​ក្រុម​ហ៊ុន​ Dominion Energy

ការ​ទិញ​ទ្រព្យ​របស់​ក្រុម​ហ៊ុន​ថាម​ពល​ Dominion Energy គឺជា​ជំនួញ​ធំដំបូង​របស់​ Berkshire រាប់​ចាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដោយ​សារ​ COVID-19។

Berkshire Hathaway ដែល​ជា​ក្រុម​ហ៊ុន​វិនិយោគ​​របស់​មហា​សេដ្ឋី Warren Buffett កាលពី​ថ្ងៃទី 5កក្កដា​ បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ជំនួញ​ដ៏ធំមួយ​របស់​ខ្លួន​ នោះ​គឺជា​ការ​ទិញ​យក​ផ្នែក​រក្សា​ទុក​និង​ដឹក​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ពី​ក្រុម​ហ៊ុន​ Dominion Energy។ Berkshire នឹង​ចំណាយ​សាច់​ប្រាក់​សុទ្ធ​ចំនួន​4​ពាន់​លាន​ដុល្លារ​​ និង​​ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​​​បំណុល​5.7​ពាន់​លាន​ដុល្លារ​របស់​ Dominion Energy។ តម្លៃ​សរុប​នៃ​ជំនួញ​មួយ​នេះ​គឺ​ជិត​ស្មើ​នឹង​10​ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្រុម​ហ៊ុន​ Berkshire Hathaway បាន​យល់​ព្រម​ការ​ពារ​ផល​ប្រយោជន៍​របស់​ក្រុម​បុគ្គលិក​ដែល​កំពុង​ធ្វើការ​នៅក្នុង​ផ្នែក​ដែល​ត្រូវ​បាន​ Dominion លក់​មក​ឱ្យ​ខ្លួន​។ បច្ចុប្បន្ន​ ជំនួញ​នេះ​កំពុង​រង់​ចាំ​រដ្ឋាភិបាល​អនុញ្ញាត​តែ​ប៉ុណ្ណោះ​។ តាម​គម្រោង​ ជំនួញ​នេះ​នឹង​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ត្រី​មាស​ទី​4 ឆ្នាំ​2020​។

កាលពី​ខែ​ឧសភា​កន្លង​ទៅ​ មហា​សេដ្ឋី Warren Buffett​ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​មាន​សាច់​ប្រាក់​សុទ្ធ​ចំនួន​137​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​ “មិន​ទាន់​បាន​យក​មក​ធ្វើ​អ្វី​នៅ​ឡើយ ព្រោះ​មិន​ឃើញ​មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​”។ ដូច្នេះ​ នេះ​គឺជា​ជំនួញ​ធំដំបូង​របស់​ Berkshire រាប់​ចាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដោយ​សារ​វីរុស​COVID-19។

Warren Buffett ​ចំណាយ​​​ជិត​10​ពាន់​លាន​ដុល្លារ​​ ទិញ​ផ្នែក​មួយ​ពី​​ក្រុម​ហ៊ុន​ Dominion Energy
ទីស្នាក់​កណ្ដាល​របស់​​​ក្រុម​ហ៊ុន​ Dominion Energy

ចំណែក​ខាង​ក្រុម​ហ៊ុន​ Dominion Energy វិញ​ ​នេះ​គឺជា​ជំនួញ​មួយ​ក្នុង​ចំណោមសកម្ម​ភាព​ដែល​មាន​គោល​ដៅ​បំបែក​ខ្លួន​ចេញ​ពី​ផ្នែក​ដឹក​ជញ្ជូន​ឧស្ម័នដើម្បី​ផ្ដោត​ទាំង​ស្រុង​ទៅ​លើ​ផ្នែក​ផលិត​ប្រេង​ឥន្ធនៈ​ស្អាត​។ ក្រុម​ហ៊ុន​នេះ​ មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ Virginia សហរដ្ឋ​អាមេរិក​ និង​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ និង​ផលិត​ប្រេង​ឥន្ធនៈ​ធំមួយ​នៅ​ប្រទេស​នេះ​​ផងដែរ​។ បច្ចុប្បន្ន Dominion Energy ​ផ្គត់ផ្គង់​អគ្គិសនី​ និង​ឥន្ធនៈ​ទៅ​ឱ្យ​អតិថិ​ជន​ប្រមាណ​ជា​7​លាន​នៅក្នុង​រដ្ឋ​ចំនួន​20​នៃ​សហរដ្ឋ​អាមេរិក​។

ជំនួញ​ខាង​លើ​នេះ​នឹង​ជួយ​ឱ្យ​ Berkshire ពង្រីក​វិសាល​ភាព​ផ្នែក​ថាមពល​របស់​ខ្លួន​ដែល​មាន​ស្រាប់​នា​បច្ចុប្បន្ន​ ដោយ​បន្ថែម​បំពង់​បង្ហូរ​ប្រេង​ប្រវែង​12,400​គីឡូម៉ែត្រ​ ព្រម​ទាំងការ​​ស្តុក​ឧស្ម័ន​ធម្មជាតិ​ផងដែរ​។ ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី​ Warren Buffett បច្ចុប្បន្ន​ផ្ដល់​សេវាកម្ម​ផ្នែក​ឥន្ធនៈ​ទៅ​លើ​អតិថិជន​ជាង​12​លាន​នៅទូទាំង​ពិភពលោក​៕

ប្រភព៖ CNN

Advertisement