ក្រុម​ហ៊ុន​ Ant Group របស់​មហា​សេដ្ឋី Jack Ma នឹង​ធ្វើ​ IPO ទាំង​នៅ​ហុង​កុង​និង​សៀង​ហៃ​

ក្រុម​ហ៊ុន​ Ant Group របស់​មហា​សេដ្ឋី Jack Ma នឹង​ធ្វើ​ IPO ទាំង​នៅ​ហុង​កុង​និង​សៀង​ហៃ​

ក្រុម​ហ៊ុន​ Ant Group ដែល​ជា​អ្នក​គ្រប់ពី​លើ​ក្រុម​ហ៊ុន​ Alipay កំពុង​តែ​ស្វែង​រក​កម្រិត​នៃ​ការ​កំណត់​តម្លៃ​ឡើង​ដល់​2សែន​​លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​គម្រោង​ IPO ព្រម​ៗ​គ្នា​នៅ​ទីក្រុងហុង​កុង​ និង​នៅ​ទីក្រុង​សៀង​ហៃ​។

Alibaba ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ក្រុម​ហ៊ុន​ Ant Group កំពុង​អនុវត្ត​ផែន​ការ​នាំ​យក​ក្រុម​ហ៊ុន​ទូទាត់​ចល័ត​ធំបំផុត​នៅ​ប្រទេស​ចិន​ ចូល​ទៅ​ក្នុង​​ផ្សារ​មូល​បត្រ​ហុង​កុង​ និង​សៀង​ហៃ​ ដែល​នេះ​ត្រូវ​បាន​គេ​​រំពឹង​ថា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ IPO (ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​ដំបូង​/Initial public offering or stock market launch) ធំបំផុត​ប្រចាំ​ឆ្នាំ​2020​​។ ក្រុម​ហ៊ុន​ Ant Group អាច​មាន​តម្លៃ​ទុន​ខ្ពស់​ជាង​ច្រើន​បើ​ធៀប​នឹង​ក្រុម​ហ៊ុន​នៅ​ Wall Street។ ប្រភព​អនាមិក​របស់​សារ​ព័ត៌មាន​ Bloomberg បាន​ឱ្យ​ដឹង​ថា បើ​សិនជា​មាន​លក្ខណ​អំណោយ​ផល​ Ant Group អាច​ប្រមូល​ទុន​បាន​លើស​ពី​កំណត់​ត្រា​29​ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​ Saudi Aramco​ ទៀត​ផង។

“មាន់ពង​មាស” របស់​ Alibaba កំពុង​តែ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ Simon Hu ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ Ant Group បាន​ថ្លែង​ថា លោក​ចង់​ឱ្យ​គ្រប់គ្នា​គិត​ដល់​ Alipay មិន​ត្រឹម​តែ​ជា​អ្នកផ្គត់​ផ្គង់​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​សេវាទូទាត់​សម្រាប់​ពាណិជ្ជ​កម្ម​អេឡិច​ត្រនិច​​ធំបំផុត​របស់​ពិភពលោក​នោះទេ​ ប៉ុន្តែ Ant Group បាន​និង​កំពុង​អភិវឌ្ឍ​ខ្លួន​ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​​ពាណិជ្ជ​កម្ម​អនឡាញ​ដែល​មាន​សេវា​កម្ម​គ្រប់​បែប​សព្វ​យ៉ាង​ តាំង​ពី​ឥណទាន​ ទេសចរណ៍​ រហូត​ដល់​សេវា​ដឹក​ជញ្ជូន​អាហារ​​ ដែលជា​គូ​ប្រជែង​​ដ៏​ “សាហាវ” របស់​ក្រុម​ហ៊ុន​ Tencent។

ក្រុម​ហ៊ុន​ Ant កំពុងតែ​ពង្រីក​វិសាល​ភាព​យ៉ាង​ឆាប់​រហ័ស​នៅ​ពាស​ពេញ​ទ្វីប​អាស៊ី​ ក្នុង​នោះ​មាន​ការ​សហការនិង​ផ្ដល់​ជំនាញ​​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ទ្រព្យ​ និង​គ្រប់​គ្រង​ហានិភ័យ​ទៅ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​ទូទាត់​បែប​បច្ចេក​វិទ្យា​នៅ​ប្រទេស​ជា​ច្រើន​ ដូច​ជា​ឥណ្ឌា និង​ប្រទេស​ថៃ​ជា​ដើម​។

ក៏ប៉ុន្តែ លោក Pamela Chung អ្នក​ជំនាញ​ផ្នែក​ IPO មក​ពី​ក្រុម​ហ៊ុន​ Tricor Group ប្រចាំ​ហុង​កុង​ បាន​អះអាង​ថា “បើ​ទោះ​ជា​មាន​ប្រភព​ទុន​សម្បូរ​បែប ប៉ុន្តែ​គេ​នៅមិន​ទាន់​ដឹង​ច្បាស់​ថា​ អ្នកវិនិយោគ​នឹង​វាយ​តម្លៃ​យ៉ាង​ណា​ចំពោះ​ Ant Group នៅ​ឡើយ​ ព្រោះ​ថា​ នៅក្នុង​ផ្សារ​ហ៊ុន​ មាន​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ច្រើន​ណាស់​”។

ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហ៊ុន Ant គឺជា​ជោគជ័យថ្មី​សម្រាប់​សន្ទស្សន៍​ STAR ដែល​មាន​ជំនាញ​ខាង​មូលបត្រ​បច្ចេក​វិទ្យា​​របស់​ទីក្រុង​សៀង​ហៃ ដែល​ដូច​ទៅ​នឹង​សន្ទស្សន៍ Nasdaq នៅ​សហរដ្ឋ​អាមេរិក​។

ការ​សម្រេច​ខាង​លើ​ក៏​​ជួយ​ឱ្យ​ផ្សារ​ហ៊ុន​ហុង​កុង​ អូស​ទាញ​ក្រុម​មូលបត្រ​បច្ចេក​វិទ្យា​ ក្រោយ​ពី​បាន​បាត់​បង់​ឱកាស​ទទួល​យក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំ​បំផុត​របស់​ចិន​ ដូច​ជា​ Alibaba (Alibaba កាន់​កាប់​ភាគ​ហ៊ុន​ចំនួន​1ភាគ​3​នៅក្នុង​ក្រុម​ហ៊ុន​ Ant) ជា​ដើម​ ដោយ​បាន​បណ្ដោយ​ឱ្យ​ធ្លាក់ទៅ​ក្នុង​ដៃ​ផ្សារ​ហ៊ុន​ New York។

យោង​តាម​របាយ​ការណ៍​របស់​ Alibaba ក្រុម​ហ៊ុន​ Ant ត្រូវ​បាន​កំណត់​តម្លៃ​ 150​ពាន់​លាន​ដុល្លារនៅក្នុង​ការ​ប្រមូល​ទុន​​លើក​ចុង​ក្រោយ​​។ ក្រុម​ហ៊ុន​នេះ​ រក​បាន​ប្រាក់​ចំណេញ​2​ពាន់​លាន​ដុល្លារ​ក្នុង​ត្រី​មាស​ទី​4​នៃ​ឆ្នា​2019។ ដូច​ទៅនឹង​ Alibaba ក្រុម​ហ៊ុន​ Ant បាន​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ពង្រីង​សកម្ម​ភាព​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​ភាព​តាន​តឹង​ផ្នែក​នយោបាយ​​រវាង​ចិន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​។ កាល​ពី​ឆ្នាំ​2018​ មហាសេដ្ឋី Jack Ma ធ្លាប់​បាន​ថ្លែង​ថា ការ​សន្យា​បង្កើត​ការ​ងារ​ចំនួន​1​លាន​នៅ​សហរដ្ឋ​អាមេរិក​របស់​លោក​ មិន​អាច​អនុវត្ត​បាន​ឡើយ ព្រោះ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ “មហា​យក្ស​ចិន​ និង​មហា​យក្ស​អាមេរិក”។

ជំនួស​មក​វិញ Ant បាន​ប្ដូរ​ទិស​ដៅ​របស់​ខ្លួន​ ដោយ​មាន​មហិច្ឆតា​កសាង​វត្តមាន​នៅ​លើ​ទ្វីប​អាស៊ី​ ជា​កន្លែង​ដែល​ Ant កំពុង​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​10​ បន្ទាប់​ពី​បណ្ដាក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូទាត់​ធំៗ​នៅទី​នេះ​ ក្នុង​នោះ​មាន​ Paytm នៅ​ឥណ្ឌា និង​ GCash នៅ​ហ្វីលីពីន​។

នៅ​ក្នុង​ប្រទេស​ចិន​ Ant បាន​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​​ទៅ​ក្នុង​វិស័យ​សេវាកម្ម​អ្នក​ប្រើប្រាស់ និង​បច្ចេក​វិទ្យា​។ ដំណោះ​ស្រាយ​របស់​ក្រុម​ហ៊ុន​ Ant រួម​មាន​ សេវាកម្ម​ cloud computing បញ្ហា​សិប្បនិម្មិត​ blockchain និង​គ្រប់គ្រង​ហានិភ័យ​ ដោយ​មាន​អតិថិ​ជន​​សំខាន់​ៗ​ដូច​ជា KFC Holdings និង​ Marriott International ជា​ដើម។

លោក Simon Hu កំពុង​តែ​ដាក់​ការ​ផ្នល់​ថា បណ្ដា​យុទ្ធ​សាស្ត្រ​ខាងលើ​ នឹង​ជួយ​ឱ្យ​ Ant រក្សា​ការ​គ្រប់​គ្រង​ទៅ​លើ​ទីផ្សារ​ទូទាត់​ចល័ត​ដែល​មាន​តម្លៃ​​29​លាន​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​ចិន​។ ក្រុមហ៊ុន​ iResearch បាន​ឱ្យ​ដឹង​ថា ទីផ្សារ​ទូទាត់​ចល័ត​របស់​ Alipay នឹង​កើន​ឡើងនៅ​ក្នុង​ត្រី​មាស​ចំនួន​3​ជា​បន្ត​បន្ទាប់ខាង​មុខ​​ ដោយសារ​វា​បាន​កើន​ឡើង​55,1​%​ ក្នុង​ត្រី​មាស​ទី​4​នៃ​ឆ្នាំ​2019 ខណៈ​ដែល​ Tencent កាន់កាប់​38.9​%​ នៃ​ចំណែក​ទីផ្សារ​នៅ​ប្រទេស​ចិន​។

Ant ក៏​បាន​ធ្វើ​ពិធិធ​កម្ម​លើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ ទៅ​ក្នុង​ “​តំបន់​” ដែល​មិន​សូវ​មាន​ការ​ “រសើប​ខ្លាំង​” បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​អាជ្ញាធរ​តាម​ដាន​ទាក់​ទិន​នឹង​ការ​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ជាមួយ​នឹង​ផលិត​ផល​ក្នុង​ស្រុក​។ ដើម្បី​បង្ហាញ​អំពី​ការ​ប្ដូផ្លាស់​ Ant បាន​ប្ដូរ​ឈ្មោះ​ពី​ Ant Financial Services Group ទៅ​ជា​ Ant Group កាលពី​ខែ​ឧសភា​កន្លង​ទៅ​៕

ប្រភព៖ Bloomberg

Advertisement