ចំពោះមុខពាណិជ្ជកម្មសេរីជាមួយចិន គួរកុំប្រឹងខ្លាំងពេកលើបន្លែ តែអាចពង្រឹងអង្ករ និងចិញ្ចឹមសត្វបាន

ថ្មីៗនេះ​ប្រទេស​កម្ពុជា​យើង​បានបង្ហាញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ដែល​ធ្វើឱ្យ​ទីផ្សារ​ផលិតផល​គ្រប់យ៉ាង ដោយ​ក្នុងនោះ​រួមទាំង​កសិកម្ម​ផង​កាន់តែ​មាន​ភាព​ធំ​ទូលាយ។

ទោះជា​យ៉ាងនេះ​ក្តី បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​លើកឡើងថា ចំពោះមុខ​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ចិន កម្ពុជា​អាចនឹងទទួល​ផលចំណេញ​ច្រើន ឬ​មិនសូវ​ចំណេញ អាស្រ័យ​លើ​ការខិតខំ​ប្រឹងប្រែង​លើ​គ្រប់ផ្នែក​ទាំងអស់។ លោក​ថាបើ​និយាយ​ពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី គេ​មិន​និយាយ​រឿង​ជួយ​នោះទេ តែ​គេ​និយាយ​ពី​ផលចំណេញ​ទៅវិញទៅមក។ ហេតុនេះ​បើ​យើង​ចេះ​ចាប់​ឱកាស​យើង​នឹង​អាច​ចំណេញ ហើយ​ការចាប់​ឱកាស​នេះ​ទៀតសោត​ក៏​គួរតែ​មើល​ឱ្យ​ច្បាស់លាស់​ផងដែរ​ពីអ្វី​ដែល​ចិន​មាន និង​អ្វីដែល​យើង​មាន។

បណ្ឌិត សុខ ទូច បាន​បញ្ជាក់ថា ឃើញ​ឱកាស​ទីផ្សារ​ច្រើន​ក្នុង​ពាណិជ្ជកម្ម​សេរី​កុំ​ខំ​ដាំ​ស្ពៃ ដាំ​ខ្ទឹម ឬ​ខាង​បន្លែ​ខ្លាំងពេក។ រឿង​បន្លែ​នេះ កម្ពុជា​យើង​ធ្វើ​មិន​ឈ្នះ​ចិន​ទេ ព្រោះ​នៅ​ប្រទេស​ចិន​គេ​ដាំ​គ្រប់កន្លែង។ រាជបណ្ឌិតសភា​ក៏​ធ្លាប់បាន​ស្រាវជ្រាវ​ផងដែរ​ថា ស្ពៃ​មួយចំនួន​ដូចជា​ស្ពៃបូកគោ​ជាដើម ដែល​យើង​នាំចូល​ពី​វៀតណាម តាមពិត​មិនមែនជា​របស់​វៀតណាម​ទេ តែ​វារ​បស់​ចិន ដែល​ឆ្លងកាត់​វៀតណាម​ទើប​មកដល់​កម្ពុជា។ ក្រោយ​មាន​ពាណិជ្ជកម្ម​សេរី វា​នឹង​ចាប់ផ្តើម​មានតម្លៃ​ថោក ហើយ​នាំចូល​ដោយផ្ទាល់​មក​កម្ពុជា។ ហេតុនេះ​បើ​និយាយ​រឿង​បន្លែ ចិន​ពូកែ​ណាស់ យើង​គួរ​ចាប់​ផ្នែក​ផ្សេង​ទើបបាន។

លោក​បណ្ឌិត សុខ ទូច បាន​និយាយថា៖ «បើ​យើង​សំឡឹង​ទៅ​ចិន យើង​អាច​ចាប់យក​ផ្នែក​អង្ករ កៅស៊ូ ម្រេច និង​សាច់​ជាដើម»។

អ្នកជំនាញ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា អ្វីដែល​អាចធ្វើ​បាន​គឺ​ចិញ្ចឹមសត្វ។ ហើយ​ការ​ចិញ្ចឹមសត្វ​នោះ​ទៀតសោត ក៏​ចាំបាច់​ត្រូវមាន​គោលការណ៍​ឱ្យបាន​ច្បាស់លាស់ កុំឱ្យ​ត្រី​ដែល​នាំ​ចេញពី​កម្ពុជា​សុទ្ធតែ​ចិន​ជា​អ្នក​មក​ជួល​ដី​ខ្មែរ​ចិញ្ចឹម​ហើយ​នាំចេញ​ទៅវិញ​ដដែល។ ចំណែកឯ​អ្នកជំនាញ​កសិកម្ម ក៏​ដូចគ្នា ត្រូវតែ​ពង្រឹងសមត្ថភាព និង​វិជ្ជាជីវៈ​ឱ្យបាន​ល្អ៕

Advertisement