CEO របស់​ ByteDance “ធ្វើ​ការ​ទាំង​ថ្ងៃ​​ ទាំង​យប់​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ TikTok នៅ​អាមេរិក

CEO របស់​ ByteDance

លោក​ Zhang Yiming កំពុង​ទទួល​រង​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ក្រុម​មន្ត្រី​អាមេរិកាំង​​ ទាក់ទិន​នឹង​ការ​ដែលក្រុម​ហ៊ុន​ ByteDance ​ត្រូវ​​​លក់​ផ្នែក​ពាណិជ្ជ​កម្ម​របស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​។

នៅក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ CEO របស់​ ByteDance (ក្រុម​ហ៊ុន​មេ​របស់​ TikTok) លោក Zhang Yiming បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​សិក្សា​ស្រាវ​ជ្រាវ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​ “ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ​” ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទំនាស់​​របស់​ក្រុម​ហ៊ុន​នេះ​ ជាមួយ​នឹង​ក្រុម​មន្ត្រី​អាមេរិកាំង​។ ក្រុម​ហ៊ុន​ ByteDance កំពុង​រងសម្ពាធ​ធ្ងន់​ពី​សេត​វិមាន​ និង​អ្នក​តាក់តែង​ច្បាប់​របស់​ហសរដ្ឋ​អាមេរិក​ ដោយ​បង្ខំ​ដោយ​ប្រយោល​​ឱ្យ​ ByteDance ​ដក​ទុន​ចេញ​ពី​សាខា​ TikTok នៅ​សហរដ្ឋ​អាមេរិក​។

ក្រុម​ហ៊ុន​ចិន​មួយ​នេះ​កំពុង​តែ​ចរចា​លក់​ផ្នែក​ពាណិជ្ជកម្ម​របស់​ TikTok នៅ​សហរដ្ឋ​អាមេរិក​ ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Microsoft។ ការ​សម្រេច​ចុង​ក្រោយ​លើ​​​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ទិញ​ដូរក្រុម​ហ៊ុន​ TikTok នេះ តាម​គម្រោង​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់ក្នុង​រយៈ​ពេល​45​ថ្ងៃ​។

ByteDance​ កំពុង​ព្យាយាម​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​​របស់​អង្គ​ភាព​នានា​នៅ​សហរដ្ឋ​អាមេរិក​ ដែល​យល់​ថា TikTok អាច​ប្រមូល​ទិន្ន​ន័យ​ឯកជន​របស់​អ្ន​ក​ប្រើ​ប្រាស់​ និង​ធ្វើ​ការ​ឱ្យ​រដ្ឋាភិបាល​ចិន​។ ក្រុម​ហ៊ុន​នេះ​ បាន​ជ្រើសរើស​បុគ្គលិក​ជិត​1​ពាន់​នាក់​នៅ​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​បាន​តែង​តាំងថ្នាក់​ដឹក​នាំ​ជើង​ចាស់​របស់​ Walt Disney គឺ​លោក​ Keven Mayer ឱ្យ​ធ្វើ​ជា​ CEO របស់​ TikTok ទៀត​ផង​។

នៅ​ពេល​ TikTok មាន​ឈ្មោះ​​ល្បី​ល្បាញ​លើ​ពិភពលោក​ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ក៏​ចាប់​ផ្ដើម​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ផ្នែក​សន្តិសុខ​ជាតិ​​ទៅ​លើ​ក្រុម​ហ៊ុន​នេះ​។ កាលពី​ឆ្នាំ​ទៅ​ (2019) គណៈ​កម្ម​ការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាមេរិក​ (CFIUS) ដែលជា​អង្គ​ភាពមួយ​​មាន​សិទ្ធិ​ក្នុងការ​ស៊ើប​អង្កេត​លើ​ករណី​ទិញ​ដូរ​ក្រុម​ហ៊ុន​​នៅ​​សហរដ្ឋ​អាមេរិក​ បាន​បើក​ការ​វាយ​តម្លៃ​អំពី​ករណី​ ByteDance ទិញ​ Musical.ly។ នេះ​គឺជា​ជំនួញ​មួយ​ដែល​ជួយ​ឱ្យ​ TikTok បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​។

“យើង​ធ្លាប់​បាន​អះអាង​ជា​ច្រើន​ដង​ហើយ​ថា យើង​គឺជា​ក្រុម​ហ៊ុន​ឯកជន​ និង​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​អនុវត្ត​ដំណោះ​ស្រាយ​ផ្នែក​បច្ចេក​ទេស​ និង​លើស​ពី​នេះ​ទៀត​ក៏បាន​ ដើម្បី​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​ CFIUS។​ ក៏ប៉ុន្តែ ពួកគេ (មន្ត្រី​អាមេរិកាំង) ​នៅ​តែ​យល់​ថា ByteDance ត្រូវ​តែ​លក់​ TikTok នៅ​សហរដ្ឋ​អាមេរិក​” លោក​ Zhang Yiming បាន​សរសេរ​ដូច្នេះ​នៅ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​។ លោក​បន្ត​ថា លោក​មិន​យល់​ស្រប​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​នេះ​ ហើយ​បាន​អះអាង​ថា​ “តែង​តែ​ការ​ពារ​សុវត្ថិ​ភាព​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​ ភាព​ឯករាជ្យ និង​តម្លា​ភាព​របស់​បណ្ដាញ​សង្គម​នេះ​”។

លោក Zhang Yiming ក៏​បាន​ទទួល​ស្គាល់​ថា ក្រុម​ហ៊ុន​ ByteDance កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​ជាមួយ​ក្រុម​ហ៊ុនបច្ចេក​វិទ្យា​មួយ​ ប៉ុន្តែ​មិន​បាន​លើក​ឡើង​អំពី​ឈ្មោះ​ Microsoft នោះ​ទេ​។ លោក​ Zhang Yiming ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​កំពុង​តែ​ចូល​រួម​ពិភាក្សា​កិច្ចការ​ផ្ទៃ​ក្នុងនានា​ ហើយ​សេចក្ដី​សម្រេច​ចុង​ក្រោយរបស់​ ByteDance ​មិន​ទាន់​ត្រូវ​បាន​ដាក់​ចេញ​នៅឡើយ​។ ​លោក​ Zhang Yiming ថ្លែង​ថា “ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ និង​ដំណឹង​ចចាម​អារ៉ាម​ជុំវិញ​រឿង​រ៉ាវ​ TikTok នឹង​អាច​អូសបន្លាយ​ពេល​យូរ​តទៅមុខ​ទៀត​”៕

ប្រភព៖ Bloomberg

Advertisement