Samsung កំពុង​ពិចារណា​ “រើ​រោង​ចក្រ PC ពីប្រទេស​ចិន​ មក​កាន់​ប្រទេស​វៀតណាម”

រោង​ចក្រ Samsung នៅប្រទេស​វៀតណាម

ឈប់​ផលិត​កុំព្យូទ័រ​នៅ​ប្រទេស​ចិន ក្រុម​ហ៊ុន​ Samsung កំពុង​ពិចារណា​លើ​ការ​រើ​រោង​ចក្រ​មក​កាន់​ប្រទេស​វៀតណាម​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​រក្សាកម្លាំង​ប្រកួតប្រជែង​ក្នុង​ផ្នែក​នេះ​។

សារ​ព័ត៌មាន Nikkei បាន​ចេញ​ផ្សាយ​ថា ក្រុម​ហ៊ុន​ Samsung នឹង​បិទ​រោង​ចក្រ​ផលិត​ PC ចុង​ក្រោយ​របស់​ខ្លួន​នៅ​ប្រទេស​ចិន​ក្នុង​ខែ​សីហា​នេះ​។ ផ្នែក​មួយ​នៃ​មូលដ្ឋាន​របស់​ Samsung នៅ​ប្រទេស​ចិន​នឹង​ត្រូវ​ប្ដូរទៅជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ។

Nikkei ក៏បាន​ឱ្យ​ដឹង​ដែរ​ថា Samsung កំពុង​តែ​ពិចារណា​ទៅលើ​ការ​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ ចូល​មក​ពង្រីក​បន្ថែម​នៅ​លើ​រោង​ចក្រ​មួយ​កន្លែង​ដែល​កំពុង​ដំណើរ​ការ​នៅ​ប្រទេស​វៀតណា។ អ្នកនាំពាក្យ​របស់​ Samsung បាន​ឱ្យ​ដឹង​ថា ការ​ផ្អាក​ដំណើរ​ការ​នៃ​រោង​ចក្រ​នៅ​ប្រទេស​ចិន​ គឺ​ដើម្បី​ស្វែង​រកទីតាំង​ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ​។

រោង​ចក្រ​ Samsung នៅ​ទីក្រុង ​Suzhou នៃ​ប្រទេស​ចិន​

រោង​ចក្រ​ Samsung នៅ​ទីក្រុង ​Suzhou នៃ​ប្រទេស​ចិន​ គឺជា​មជ្ឈមណ្ឌល​ដំឡើង​កុំព្យូទ័រ​ PC។ បន្ទាប់​ពី​បាន​ដំឡើង​ ផលិត​ផល​របស់​រោង​ចក្រ​នេះ ភាគច្រើន​ត្រូវ​បាន​នាំទៅ​លក់​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង តំបន់​អាមេរិក​ខាង​ជើង និង​ប្រទេស​ចិន​។ រោង​ចក្រ​នេះ ពេល​ខ្លះ​មាន​បុគ្គលិក​ដល់​ទៅ​6,500​នាក់​ ប៉ុន្តែ​បច្ចុប្បន្ន ត្រូវ​បានកាត់​បន្ថយ​មក​នៅ​ត្រឹម​1,700​នាក់​ប៉ុណ្ណោះ។

រោង​ចក្រ Samsung នៅប្រទេស​វៀតណាម
រោង​ចក្រ Samsung នៅប្រទេស​វៀតណាម

ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​ Gartner បាន​ឱ្យ​ដឹង​ថា បរិមាណ​ PC ដែល​បាន​បញ្ចេញលក់​នៅក្នុង​ពិភពលោក​ បាន​កើន​0.6​% ពោល​គឺ​ឡើង​ដល់​261.2លាន​គ្រឿង​ក្នុង​ឆ្នាំ​2019។ Lenovo Group របស់​ចិន​កំពុងកាន់​កាប់​24.1​% ក្នុង​ទីផ្សារ​ពិភពលោក​។ ឈរ​លំដាប់​ទី​2​គឺ​ HP ដោយ​កាន់​កាប់​22.2%​។ រីឯ​ Samsung វិញ កាន់​កាប់​ចំណែក​ទីផ្សារ​ទាប​ជាង​ Dell, Apple, Acer និង Asus ទៅ​ទៀត។

ប្រភព៖ Nikkei

Advertisement