កម្ពុជា-ជប៉ុន ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម និងរិះរកវិធីឆ្លើយតបតាមសំណើររបស់អ្នកវិនិយោគ

ជប៉ុន និង​កម្ពុជា ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​គ្នា​ជា​យូរណាស់​មកហើយ ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ក៏បាន​ដាក់​វិនិយោគ​នៅ​កម្ពុជា ដើម្បី​រកស៊ី និង​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន។

បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ2020 នេះ ជប៉ុន​វិនិយោគ​នៅ​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់ 2.8ពាន់​លាន​ដុល្លារ​អាមេរិក។

Advertisement

ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​ជប៉ុន​ទាំងអស់ ជាពិសេស​ការវិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម គោលនយោបាយ​អភិវឌ្ឍ​ន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ2015-2025 ដែលមាន​ចក្ខុវិស័យ​កែប្រែ​រចនាសម្ព័ន្ធ ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ ឱ្យបាន​ត្រឹម​ឆ្នាំ2025។

ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង និង​ការវិនិយោគ​រវាង​កម្ពុ​ជា-ជប៉ុន មាន​លក្ខណៈ​កាន់តែ​ប្រសើរ កម្ពុជា និង​ជប៉ុន បាន​លើកយក​បញ្ហា​មួយចំនួន​ដើម្បី​ពិភាក្សា​ដូចជា បញ្ហា​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា បញ្ហា​កាតព្វកិច្ច​សារពើពន្ធ បញ្ហា​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​រថយន្ត បញ្ហា​វឌ្ឍនភាព​នៃ​ការត្រៀម​បើក​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នៅ​ក្រុង​ប៉ោយប៉ែត និង​ការសម្រួល​និតិ​វិធី​បញ្ចេញ​ទំនិញ​ពី​គយ។

ក្នុងនោះដែរ ភាគី​កម្ពុជា​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរ ANA នឹង​ចាប់ផ្តើម​ការហោះហើរ​ផ្ទាល់ រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ឡើងវិញ​នាពេលឆាប់ៗខាងមុខ ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង៕

Advertisement