សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី

សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី

កាលពីអាយុទើបតែបាន16ឆ្នាំ កុមារ Daniel Ek រកបានប្រាក់ច្រើនជាងឱពុករបស់គាត់ដែលជាជាងម៉ាស៊ីនទៅទៀត។

ក្នុងវ័យ37ឆ្នាំ CEO របស់ក្រុមហ៊ុន Spotify លោក Daniel Ek មានទ្រព្យសរុបឡើងដល់3.9ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែមានមនុស្សតិចតួចណាស់បានដឹងថា លោក Ek ចាប់ផ្ដើមរកបានប្រាក់ច្រើនតាំងតែពីនៅជាកុមារនៅឡើយ។ ស្ថាបនិកក្រុមហ៊ុនដែលជាជនជាតិស៊ុយអែតរូបនេះ បានក្លាយជាសេដ្ឋីនៅពេលមានអាយុទើបតែ23ឆ្នាំ មុនពេលលោកដំណើរការកម្មវិធី Spotify។ រហូតដល់វ័យ35ឆ្នាំ Ek បានក្លាយជាមហាសេដ្ឋីជាផ្លូវការ ជាមួយនឹងទ្រព្យសម្បត្តិជិត2.5ពាន់លានដុល្លារ។

Daniel Ek បានចាប់ផ្ដើមបង្កើតមុខជំនួញមួយតាំងពីមានអាយុ14ឆ្នាំ ដោយការរចនា និងរក្សាទិន្នន័យនៃគេហទំព័ររបស់ក្រុមហ៊ុននានា។ Daniel Ek តែងតែធ្វើការនៅក្នុងបន្ទប់ដាក់ម៉ាស៊ីនរបស់សាលារៀន ឬធ្វើនៅឯផ្ទះរបស់ខ្លួនដែលមានទីតាំងនៅជាយក្រុង Stockholm។ គេហទំព័រមួយដែលកុមារ Daniel Ek រចនាឡើង ត្រូវបានលក់ក្នុងតម្លៃ5,000ដុល្លារអាម៉េរិក សម្រាប់ក្រុមហ៊ុនក្នុងស្រុក។ ក្នុងរយៈពេលតែ1ខែប៉ុណ្ណោះ Daniel Ek អាចរកបានរហូតដល់ជិត50,000ដុល្លារ។

សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី
Spotify គឺជា​កម្មវិធី​ចាក់​ផ្សាយ​ផ្ទាល់​នូវ​តន្ត្រី​តាម​អនឡាញ​កំពុង​ពេញ​និយម​នៅ​លើពិភពលោក

Daniel Ek បានឱ្យដឹងថា ឪពុកម្ដាយរបស់ខ្លួនមិនបានដឹងអំពីកិច្ចការដែល Daniel Ek កំពុងធ្វើ និងការរកលុយបានច្រើនបែបនេះនោះទេ រហូតដល់ពេលដែលពួកគេឃើញហ្គីតា និងឧបករណ៍បច្ចេកវិទ្យាថ្លៃៗ ដែល Ek បានទិញ។

នៅក្នុងអំឡុងពេលនោះដែរ Ek ធ្លាប់បានជជែកគ្នាតាមអនឡាញជាមួយនឹង Sean Parker ដែលក្រោយមកបានក្លាយជាស្ថាបនិកនៃក្រុមហ៊ុននាំមុខគេក្នុងវិស័យតន្ត្រីឌីជីថល់ និងជាអ្នកវិនិយោគរបស់ Spotify។

ទោះជារកប្រាក់បានច្រើនជាងឪពុករបស់ខ្លួនដែលជាជាងម៉ាស៊ីនចាប់តាំងពីអាយុ16ឆ្នាំ ប៉ុន្តែ Ek មានការធុញទ្រាន់ក្រោយប្រឹងប្រែងបានមួយរយៈពេលខ្លី។ Ek ក៏បានជួលអ្នកសរសេរកូដមកធ្វើការឱ្យខ្លួន ហើយដល់វ័យ18ឆ្នាំ Ek ក៏បានក្លាយជាថៅកែមួយរូបដែលមានកូនចៅ25នាក់។

ឆ្នាំ2002 Ek បានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សា និងបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ប្រទេសស៊ុយអែត ដោយចាប់មុខជំនាញបច្ចេកទេស។ ប៉ុន្តែ Ek បានបោះបង់ការសិក្សាបន្ទាប់ពីរៀនបាន8សប្ដាហ៍ ហើយក៏រកបានការងារមួយនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា។

លោក Daniel Ek

ក្រោយមក Ek ក៏បានបង្កើតក្រុមហ៊ុន marketing អនឡាញដែលមានឈ្មោះថា Advertigo។ ឆ្នាំ2006 ក្នុងវ័យ23ឆ្នាំ Ek បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ1.25លានដុល្លារអាម៉េរិក។

ដំបូងឡើង Ek សម្រេចចិត្តថានឹងចូលនិវត្តន៍ក្នុងបំណងដើម្បីរស់ឱ្យបានស្រួលខ្លួន។ Ek បានទិញផ្ទះមួយខ្នងយ៉ាងស្អាតនៅឯទីក្រុង Stockholm ជាមួយនឹងរថយន្ត Ferrari មួយគ្រឿង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ការរស់នៅបែបនេះ បានធ្វើឱ្យ Ek ជួបបញ្ហាមួយចំនួន។

Ek បានប្រាប់សារព័ត៌មាន New Yorker ថា៖ “ខ្ញុំបានរកឃើញថា ភាគច្រើននៃមិត្តភក្ដិរបស់ខ្ញុំ រួមនឹងស្រីស្អាតនៅជុំវិញ សុទ្ធសឹងតែកេងប្រវាញ់លើខ្ញុំ ពួកគេមិនមែនជាមិត្តភក្ដិពិតនោះឡើយ។ ពួកគេនៅក្បែរខ្ញុំក្នុងពេលខ្ញុំកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែបែរជាដើរចេញពីខ្ញុំនៅពេលអ្វីៗបានក្លាយជាអាក្រក់”។

បញ្ហានេះបានធ្វើឱ្យ Ek យល់ច្បាស់ថា ប្រាក់កាសមិនសំខាន់ស្មើនឹងការដែលបានធ្វើកិច្ចការដែលខ្លួនស្រលាញ់នោះឡើយ នោះគឺបច្ចេកវិទ្យា និងតន្ត្រី។ ចាប់ពីពេលនោះ Ek ក៏ចាប់ផ្ដើមមានគំនិតទាក់ទិននឹង Spotify ដែលមាន Napster ជាប្រភពលើកទឹកចិត្ត។ ប៉ុន្តែ Ek រួមជាមួយនឹងសហការី Martin Lorentzon បានរកវិធីដើម្បីគេចពីបញ្ហាផ្លូវច្បាប់ទាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ញា ដោយពួកគេប្រើវិធីសាស្ត្រយោងទៅលើបច្ចេកវិទ្យាផ្សាយផ្ទាល់ ក៏ដូចជាការធានាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនថតសំឡេងមួយចំនួន។

លោក Daniel Ek (ទី2​បន្ទាប់​ពី​លោក​ Zuckerberg

សេវាកម្មផ្សាយផ្ទាល់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅអឺរ៉ុបចាប់ពីខែតុលា2008 ក្រោយពី Ek បានចំណាយពេល2ឆ្នាំដើម្បីអភិវឌ្ឍ និងបញ្ចុះបញ្ចូលបណ្ដាក្រុមហ៊ុនថតសំឡេង សិល្បករ ដើម្បីអនុញ្ញាតឱ្យ Spotify ចាក់ផ្សាយផ្ទាល់នូវចម្រៀងរបស់ពួកគេ។ រហូតដល់ឆ្នាំ2011 ទើប Spotify បង្ហាញខ្លួននៅសហរដ្ឋអាម៉េរិក ដោយសារតែជួបការលំបាកក្នុងការសុំច្បាប់អនុញ្ញាតលក្ខណៈអន្តរជាតិ។

ក្នុងដំណាក់កាលនេះ Spotify បានក្លាយជាកម្មវិធីល្បីមួយនៅលើពិភពលោក ដោយមានអ្នកប្រើប្រាស់ចំនួន299លាននាក់ជារៀងរាល់ខែ និងអ្នកប្រើប្រាស់បង់ប្រាក់ចំនួន139លាននាក់។ តួលេខនេះ បាននាំមកនូវប្រាក់ចំណូលរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុន។ បច្ចុប្បន្ន Spotify មានតម្លៃទុនជាង45ពាន់លានដុល្លារអាម៉េរិកនៅក្នុងទីផ្សារពិភពលោក៕

ប្រភព៖ CNBC

 

Advertisement