Huawei៖ “គ្មាន Google ខ្លួននឹង​ប្រើ​​​ HarmonyOS” ខណៈតួលេខ​ស្មាត​ហ្វូន​ Huawei នឹង​ថយចុះអស់145លានគ្រឿងនៅឆ្នាំក្រោយ

Huawei និយាយថា “គ្មាន Google ខ្លួននឹងដាក់ប្រព័ន្ធប្រតិបត្តិការក្នុងស្រុកមកជំនួស ខណៈតួលេខស្មាតហ្វូន Huawei នឹងថយចុះអស់145លានគ្រឿងនៅឆ្នាំក្រោយ

កាលពីថ្ងៃទី10កញ្ញា ក្រុមហ៊ុន Huawei Technologies នៅតែសម្ដែងការមើលស្រាលចំពោះទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក ដោយអះអាងថា ពួកគេនឹងប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនសម្រាប់ទូរស័ព្ទទាំងអស់ដែលពួកគេផលិត ហើយទន្ទឹមនឹងនេះ ពួកគេក៏នឹងពង្រីក “ដែនដី” នៃផ្សារកម្មវិធី (App Store) របស់ខ្លួនដើម្បីរស់តទៅទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិនជាមួយនឹងសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុន Huawei បានឱ្យដឹងថា ចាប់ពីឆ្នាំ2021 រាល់ទូរស័ព្ទរបស់ខ្លួននឹងងាកមកប្រើប្រព័ន្ធប្រតិបត្តិការ HarmonyOS (ជាកំណែមួយនៃប្រព័ន្ធប្រតិបត្តិការ Android (Google) ដែល Huawei បានបង្កើតឡើង។ នេះបើតាមសារព័ត៌មាន Nikkei។

លោក Richard Yu នាយកប្រតិបត្តិនៃក្រុមជំនួញផ្នែកអេឡិកត្រូនិកសម្រាប់អតិថិជនរបស់ Huawei បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមហ៊ុនកាលពីថ្ងៃទី10កញ្ញាថា៖ “យើងនឹងដាក់ឱ្យប្រើប្រាស់នូវឧបករណ៍នានាដែលបានអភិវឌ្ឍសម្រាប់ទូរស័ព្ទឆ្លាតវៃ នៅក្នុងខែធ្នូនេះ”។

លោកបន្តថា៖ “Huawei នឹងដើរតួនាទីជួយដល់ក្រុមអ្នកអភិវឌ្ឍចិន ដើម្បីពង្រីកទីផ្សារទៅអន្តរជាតិ និងជួយដល់ក្រុមអ្នកអភិវឌ្ឍទូទាំងពិភពលោក ផ្ដល់សេវាកម្មដល់អ្នកប្រើប្រាស់នៅប្រទេសចិនឱ្យបានល្អជាងមុន។ ដូចទៅនឹង TikTok របស់ ByteDance ដែលធ្វើបានល្អក្នុងការផ្ដល់សេវាកម្មដល់អតិថិជននៅបរទេស។ល។ យើងសង្ឃឹមថា នឹងក្លាយជាស្ពានសម្រាប់ជួយដល់ក្រុមអ្នកអភិវឌ្ឍចិនឱ្យបានច្រើនជាងមុន ក្នុងគោលដៅពង្រីកខ្លួនឱ្យបានពេញពិភពលោក”។

សកម្មភាពខាងលើរបស់ Huawei បង្ហាញថា ក្រុមហ៊ុននេះលែងរំពឹងអ្វីទៅលើកិច្ចសហការឡើងវិញជាមួយនឹងក្រុមហ៊ុន Google ទៀតហើយ។

ក្រុមហ៊ុន Huawei រួមនឹង Samsung Electronics, Xiaomi និងក្រុមហ៊ុនជាច្រើនផ្សេងទៀត គឺជាក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ ចំណែក Apple វិញ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ដែលក្រុមហ៊ុននេះជាអ្នកផលិតដោយផ្ទាល់ដៃ។

លោក Yu អះអាងថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 អាចប្រើបានជាមួយនឹងរាល់ឧបករណ៍របស់ក្រុមហ៊ុននេះ រាប់ចាប់ពីទូរស័ព្ទឆ្លាតវៃ រហូតដល់ឧបករណ៍នានានៅលើរថយន្ត។

លោក Yu ថ្លែងថា Huawei កំពុងរងទណ្ឌកម្មជាលើកទី3ពីសំណាក់សហរដ្ឋអាម៉េរិក ប៉ុន្តែលោកថា ផលិតផលរបស់ក្រុមហ៊ុននេះនៅតែបន្តកើនឡើង។ “យើងគិតថា មិនមានអ្នកម្នាក់អាចពន្លត់រស្មីរបស់តារានៅលើមេឃនោះឡើយ”។

Huawei នៅតែអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android (open source) ដដែល ប៉ុន្តែមិនទទួលបានកំណែបន្ទាន់សម័យ ឬជំនួយផ្នែកបច្ចេកទេស ព្រមទាំងមិនអាចចូលប្រើ Google Mobile Service បានដូចមុន

ប៉ុន្តែ នាយករូបនេះបានឱ្យដឹងថា កង្វះឈីប (chip) ដែលកើតឡើងដោយសារទណ្ឌកម្មពីសហរដ្ឋអាម៉េរិក បានចាប់ផ្ដើមប៉ះពាល់ដល់ល្បឿននៃកំណើតនានារបស់ Huawei នៅក្នុងខែនេះហើយ។

Huawei ក៏កំពុងតែត្រៀមសម្រាប់កសាងប្រព័ន្ធកម្មវិធី (App Store) របស់ខ្លួន ដើម្បីជំនួស Google Mobile Service ដែលរួមមានដូចជា Google Map, Gmail, YouTube និង Google Play។ល។

បើទោះជា Google ឈប់សហការជាមួយ Huawei ប៉ុន្តែ ក្រុមហ៊ុនចិនមួយនេះនៅតែអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android (open source) ដដែល ប៉ុន្តែមិនទទួលបានកំណែបន្ទាន់សម័យ ឬជំនួយផ្នែកបច្ចេកទេស ព្រមទាំងមិនអាចចូលប្រើ Google Mobile Service បានដូចមុន។

កាលពីថ្ងៃទី10កញ្ញា លោក Zhang Ping’an ប្រធានក្រុមហ៊ុនផ្ដល់សេវាកម្មរក្សាទិន្នន័យ Consumer Cloud Services របស់ Huawei និយាយថា បច្ចុប្បន្ន Huawei មានអ្នកអភិវឌ្ឍចំនួន1.8លាននាក់ កើនទ្វេដងបើរាប់ចាប់ពីពេលក្រុមហ៊ុននេះប្រកាសអំពីគម្រោងបង្កើត Apple Store ផ្ទាល់ខ្លួនកាលពីខែសីហា2019។ ប៉ុន្តែ តួលេខនេះនៅតែមិនទាន់ស្មើនឹង1/10 បើធៀបនឹងចំនួនអ្នកអភិវឌ្ឍកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple ឬនៅលើ Android។

លោក Jeff Pu ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន GF Securities ឱ្យដឹងថា៖ “បញ្ហាកកស្ទះទំនិញរបស់ Huawei នឹងនៅតែកើតមានរហូតដល់ចុងឆ្នាំនេះ ប៉ុន្តែនឹងជួបលំបាកខ្លាំងនៅឆ្នាំក្រោយ បើសិនជាសហរដ្ឋអាម៉េរិកមិនបន្ធូរបន្ថយទណ្ឌកម្ម”។

GF Securities បានគន់គូរឃើញថា Huawei នៅតែអាចផ្គត់ផ្គង់ស្មាតហ្វូន195លានគ្រឿងក្នុងឆ្នាំនេះ តែវានឹងថយចុះមកនៅត្រឹមតែ50លានគ្រឿងនៅក្នុងឆ្នាំ2021 ប្រសិនបើការរឹតត្បិតពីសំណាក់រដ្ឋាភិបាលអាម៉េរិកាំងនៅតែមិនប្ដូរផ្លាស់៕

ប្រភព៖ Nikkei

Advertisement