ថៃ៖ យកយន្តហោះធ្វើជាហាងកាហ្វេ ដើម្បីជួយ “កាត់បន្ថយការនឹក” ចំពោះ​អារម្មណ៍​នៅ​ពេលជិះ​យន្ត​ហោះ​និងទេសចរណ៍

សម្រាប់មនុស្សជាច្រើនដែលកំពុងជាប់ក្នុងផ្ទះ ឬមិនអាចធ្វើដំណើរតាមយន្តហោះបានដូចមុន ព្រោះតែCOVID-19 ការបង្ហាញខ្លួនរបស់ “ហាងកាហ្វេយន្តហោះ” នៅប្រទេសថៃ បាននិងកំពុងនាំមកនូវឱកាសទទួលបទពិសោធន៍ថ្មី ដែលនេះហាក់ដូចជាពួកគេកំពុងស្ថិតនៅលើអាកាស ហើយគំនិតនេះ កំពុងទទួលបានជោគជ័យគួរសម។

នៅលើយន្តហោះពាណិជ្ជកម្មមួយគ្រឿងដែលបាន “ចូលនិវត្តន៍” គឺជាហាងកាហ្វេមួយមានឈ្មោះថា Coffee War ដែលមានទីតាំងនៅក្នុងទីក្រុង Pattaya ប្រទេសថៃ។ នៅទីនេះ ភ្ញៀវទាំងឡាយនឹងទទួលបានអារម្មណ៍ស្រស់​ស្រាយ​ជាមួយនឹងកៅអីលំដាប់លេខ1 និងអាចថតរូបទុកជាអនុស្សាវរីយ៍ដូចទៅនឹងពេលកំពុងជិះលើយន្តហោះដែលហោះហើរនៅលើវេហា។ ជាងនេះ គ្រប់គ្នាអាចចូលទៅក្នុងបន្ទប់សម្រាប់អ្នកបើកបរបានតាមចិត្ត ដែលនេះជាប្រការដែលពួកគេមិនអាចធ្វើបាននៅពេលធ្វើដំណើរតាមយន្តហោះធម្មតា។

នារីជាអតិថិជនម្នាក់ដែលមានឈ្មោះថា Thipsuda Faksaithong អាយុ26ឆ្នាំ បានថ្លែងថា៖ “ខ្ញុំអាចអង្គុយនៅក្នុងកាប៊ីនលំដាប់លេខ1 ឬធ្វើជាប្រធានក្រុមហោះហើរនៅក្នុងកាប៊ីនសម្រាប់អ្នកបើកបររបស់យន្តហោះ។ ប្រការនេះពិតជាអស្ចារ្យខ្លាំងណាស់”។

ចំណែក Chalisa Chuensranoi អាយុ25ឆ្នាំ និយាយថា “ការធ្វើដំណើរ” នៅឯ Coffee War បាននាំមកនូវបទពិសោធន៍មិនខុសអ្វីទៅនឹងជើងហោះហើរពិតៗនោះឡើយ។

ដោយឡែក នៅឯរាជធានីបាងកកវិញ ក៏មានហាងកាហ្វេយន្តហោះមួយត្រូវបានគេបើកទទួលភ្ញៀវនៅក្នុងទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways និងកំពុងទាក់ទាញអតិថិជនបានយ៉ាងច្រើនផងដែរ។ ក្រៅពីកាហ្វេ ហាងនេះក៏ទទួលបានការបញ្ជាទិញអាហារជាច្រើនប្រភេទ ដូចជាមី ឬសាច់គោបែបថៃទៀតផង។ សកម្មភាពនេះ ត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រមួយដើម្បីកុំឱ្យអតិថិជននឹកការហោះហើរខ្លាំងពេក នៅក្នុងគ្រាដែលជើងហោះហើរនានាត្រូវបានផ្អាកបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងវីរុសCOVID-19។

Intrawut Simapichet វ័យ38ឆ្នាំ ដែលបាននាំប្រពន្ធកូនមកហាងនេះ និយាយថា វាជាបទពិសោធន៍មួយដែលលើសពីការទទួលទានអាហារលំដាប់ខ្ពស់ទៅទៀត។ លោកថ្លែងថា៖ “ជាធម្មតា ខ្ញុំជាមនុស្សដែលដើរទេសចរណ៍ជាញឹកញាប់។ នៅពេលត្រូវបង្ខំឱ្យនៅតែផ្ទះដោយសារតែរោគឆ្លង ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តសោះ។ ហាងកាហ្វេបែបនេះ បានជួយឱ្យមនុស្សដូចខ្ញុំនេះ អាចកាត់បន្ថយការនឹកអារម្មណ៍ហោះហើរទៅនេះទៅនោះបានខ្លះដែរ”។

ស្រដៀងទៅនឹងប្រការខាងលើនេះដែរ កាលពីខែមុន ក្រុមហ៊ុនអាកាសចរណ៍ Eva Air របស់តៃវ៉ាន់ ក៏បានបង្កើតជើងហោះហើរ “នៅនឹងកន្លែង” មួយ ដែលអូសបន្លាយពេល3ម៉ោង ដោយចាប់ផ្ដើមហោះចេញពីព្រលានយន្តហោះអន្តរជាតិ Taoyuan (Taiwan Taoyuan International Airport) និងហោះឆ្វែលនាយអាយនៅលើអាកាស រួចក៏ត្រលប់មកកាន់កន្លែងដើមវិញ។

មុននេះ ព្រលានយន្តហោះ Songshan របស់តៃវ៉ាន់ ក៏បាននាំមកនូវឱកាសជូនដល់អតិថិជនចំនួន90នាក់ ដោយការអនុញ្ញាតឱ្យចូលមកធ្វើទស្សនកិច្ចព្រលានយន្តហោះរបស់ខ្លួន ដើម្បីរំឭកឡើងវិញនូវអារម្មណ៍នៃការ​ហោះហើរ និងទេសចរណ៍ ដោយមិនចាំបាច់ហោះផុតពីដី។ នៅទីនេះ អតិថិជនត្រូវបានអនុញ្ញាតឱ្យបំពេញបែប​បទ “ចូលប្រទេស ឡើងយន្តហោះ” ហើយក្រោយមក “ត្រលប់មកវិញ” ដែលនេះគឺជាបែបបទនៃការហោះហើរ។

និយាយអំពីប្រទេសថៃវិញ គិតមកដល់បច្ចុប្បន្នប្រទេសនេះបានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន​3,480​នាក់ ក្នុងនោះមានអ្នកស្លាប់58នាក់ និងអ្នកកំពុងព្យាបាល 107នាក់។ នៅទូទាំងពិភពលោក មកដល់ពេលនេះមានអ្នកជំងឺសរុប 29,445,847នាក់ ក្នុងនោះមាន 7,232,908នាក់កំពុងទទួលការព្យាបាល និង 932,746​នាក់បានបាត់បង់ជីវិត៕

ប្រភព៖ SCMP, Worldometers

Advertisement