ជន​ជាតិ​អាមេរិកាំង​នាំ​គ្នា​បើក​ក្រុម​ហ៊ុន​ ខណៈ​COVID-19​ នៅ​តែ​ជា​បញ្ហា​ធំ​ក្នុង​ពិភព​លោក

ជន​ជាតិ​អាមេរិកាំង​នាំ​គ្នា​បើក​ក្រុម​ហ៊ុន​ ខណៈ​COVID-19​ នៅ​តែ​ជា​បញ្ហា​ធំ​ក្នុង​ពិភព​លោក

តួលេខរបស់នាយកដ្ឋានស្ថិតិអាមេរិក បានបង្ហាញថា ចំនួនពាក្យសុំបង្កើតក្រុមហ៊ុនថ្មីនៅសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងកម្រិតខ្ពស់មិនធ្លាប់មានក្នុងអំឡុងជាងមួយទសវត្សរ៍កន្លងមកនេះ។

កាលពីថ្ងៃទី3តុលា ទិន្នន័យពីនាយកដ្ឋានខាងលើបានឱ្យដឹងថា ពាក្យសុំបង្កើតក្រុមហ៊ុនថ្មីបានកើនជិត40% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ2019។ Joseph Brusuelas ដែលជាសេដ្ឋវិទូមកពីក្រុមហ៊ុន RSM US បានឱ្យដឹងថា នេះគឺជាទិន្នាការដែលគួរលើកទឹកចិត្ត។ ក្រោយពីវិបត្តិធ្ងន់ធ្ងរ មនុស្សនឹងមានក្ដីសង្ឃឹមច្រើននៅពេលបានឃើញកម្មករដែលបានបាត់បង់ការងារ ស្វែងរកវិធីដើម្បីប្រើប្រាស់លក្ខខណ្ឌអំណោយផលនៃសេដ្ឋកិច្ច (ដូចជាឥណទានមានការប្រាក់ទាបជាដើម) ដើម្បីបង្កើតមុខជំនួញថ្មី។

កាលពីវិបត្តិហិរញ្ញវត្ថុឆ្នាំ2008 តួលេខនៃពាក្យសុំចុះឈ្មោះបង្កើតក្រុមហ៊ុនថ្មីក៏មិនបានកើនឡើងខ្ពស់ដូចពេលនេះដែរ។ Joseph Brusuelas និយាយថា នោះគឺជាសញ្ញាមួយបង្ហាញអំពីល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ច មិនដូចទៅនឹងការរំពឹងទុក ព្រោះថា មនុស្សជាច្រើនត្រូវបាត់បង់ផ្ទះសម្បែង របស់ទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេ។

ក៏ប៉ុន្តែ សម្រាប់លើកនេះ វិបត្តិបានប៉ះពាល់ដល់អ្នកជួលផ្ទះច្រើនជាងអ្នកទិញផ្ទះ។ យ៉ាងនេះក្ដី ដោយសារតែពលរដ្ឋ​ជាច្រើននៅតែរក្សាបានទ្រព្យសម្បត្តិសំខាន់ៗរបស់ខ្លួនបាន ទើបពួកគេមានការតាំងចិត្តខ្ពស់ជាងមុនក្នុងការប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុនៅពេលសម្រេចចិត្តបើកក្រុមហ៊ុនថ្មី។

Brusuelas បន្តថា៖ “មួយក្នុងចំណោមកំហុសឆ្គងដែលយើងបានជួបប្រទះនៅក្នុងវិបត្តិសេដ្ឋកិច្ចលើកមុន នោះ​គឺដោយសារមិនបានផ្ដល់ឱកាសសម្រាប់អ្នកដែលចង់បង្កើតក្រុមហ៊ុនថ្មី”។ ទន្ទឹមនឹងនេះ យុគសម័យធ្វើការពីផ្ទះក៏បាននិងកំពុងបង្កើតឱកាសធ្វើពាណិជ្ជកម្មបែបថ្មី ដែលនាំមកនូវការបត់បែនខ្ពស់សម្រាប់អនាគតម្ចាស់អាជីវកម្ម។

ប៉ុន្តែ នៅក្នុងរបាយការណ៍មួយកាលពីពេលថ្មីៗនេះ ធនាគារ Goldman Sachs បានឱ្យដឹងថា ការកើនឡើងនៃពាក្យសុំបង្កើតក្រុមហ៊ុនថ្មីខាងលើនេះ មួយផ្នែកអាចបណ្ដាលមកពីចំនួនពាក្យដែលបានកកស្ទះក្នុងអំឡុងពេលអនុវត្តបម្រាមគោចរ។ យ៉ាងណាក៏ដោយ ធនាគារ Goldman Sachs បានពន្យល់ថា៖ “តួលេខនេះក៏បានបង្ហាញអំពីក្ដីសង្ឃឹមជាវិជ្ជមានច្រើនជាងបើធៀបនឹងវិបត្តិសេដ្ឋកិច្ចលើកមុន”៕

ប្រភព៖ CNN

 

Advertisement