ចៅ​ប្រុស​របស់​​ស្ថាប​និក​នៃ​​​ក្រុម​ហ៊ុន ​Hyundai ​Motor ​ទទួល​បាន​តំណែង​កំពូល​ជា​ផ្លូវ​ការ

ចៅប្រុសតែមួយគាត់របស់ស្ថាបនិកក្រុមហ៊ុន Hyundai ទើបតែបានក្លាយជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុននេះ បន្ទាប់ពីឪពុករបស់លោក បានលាលែងពីតំណែង។

អ្នកស្នងរបស់ក្រុមហ៊ុន Hyundai Motor គឺលោក Chung Eui-sun ទើបតែទទួលបានតំណែងខ្ពស់បំផុតនៅក្នុងក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី5ក្នុងពិភពលោក ពីឪពុករបស់ខ្លួន និងបានក្លាយជាអ្នកជំនាន់ទីបីនៃគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុន Hyundai ដែលបានឡើងមកដឹកនាំក្រុមហ៊ុននេះ។

Hyundai បានប្រកាសនៅក្នុងថ្ងៃនេះថា លោក Chung Eui-sun នឹងក្លាយជាអគ្គនាយករបស់ក្រុមហ៊ុន ហើយក៏ក្លាយជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ Hyundai Motor, Kia Motors រួមនឹង Hyundai Mobis ផងដែរ។ ឪពុករបស់លោក Chung Eui-sun គឺលោក Chung Mong-koo អាយុ82ឆ្នាំ បានលាលែងពីតំណែង និងបានក្លាយជាប្រធានកិត្តិយសរបស់ក្រុមហ៊ុន។

ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលក្រុមហ៊ុន Hyundai កំពុងតែប្រឹងប្រែងក្នុងការកែប្រែខ្លួនឯងពីក្រុមហ៊ុនផលិតរថយន្ត ឱ្យទៅជា “ក្រុមហ៊ុនផ្ដល់ដំណោះស្រាយចល័ត” ដោយសារមានការអភិវឌ្ឍបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិ និងបច្ចេកវិទ្យារថយន្តហោះ។ ក្រុមហ៊ុននេះក៏បានវិនិយោគទៅលើគម្រោងផលិតរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែន និងបច្ចេកវិទ្យាថាមពលរបស់អនាគតផងដែរ។

ប៉ុន្តែ ក្រុមហ៊ុន Hyundai កំពុងតែជួបបញ្ហាលំបាកខ្លាំងដោយសារតែ COVID-19។ ប្រាក់ចំណូលរបស់ Hyundai Motor បានថយចុះ19.4% ពោលគឺលក់បានតែ2.6លានគ្រឿងនៅក្នុង3ត្រីមាសដើមឆ្នាំ នេះបើធៀបនឹង1ឆ្នាំមុន។

លោក Chung Eui-sun បានបញ្ចប់ការសិក្សានៅសាកលវិទ្យាកូរ៉េខាងត្បូង និងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ San Francisco សហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ2005ដល់2009 ក្នុងនាមជាអគ្គនាយករបស់ក្រុមហ៊ុន Kia (ក្រុមហ៊ុនដែលត្រូវបាន Hyundai ទិញយកកាលពីឆ្នាំ1998) លោក Chung Eui-sun បានរួមចំណែកយ៉ាងច្រើនដល់ការរីកចម្រើនរបស់ក្រុមហ៊ុននេះ។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Moon Jae-in (ឆ្វេង) និង​លោក Chung Eui-sun

ឆ្នាំ2009 លោក Chug Eui-sun បានក្លាយជាអគ្គនាយករងរបស់ក្រុមហ៊ុន Hyundai Motor និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន កាលពីឆ្នាំ2010។

តាមការស្រាវជ្រាវរបស់សារព័ត៌មាន Forbes បច្ចុប្បន្ន លោក Chung មានទ្រព្យសម្បត្តិប្រមាណ 2.8ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេលំដាប់ទី10នៅប្រទេសកូរ៉េខាងត្បូង៕

ប្រភព៖ Nikkei

Advertisement