ការសិក្សា​តាម​អនឡាញ​កំពុង​ពេញ​និយម​ ក្រុម​ហ៊ុន​អប់រំ​តាម​​អនឡាញ​​ចិន​​មួយ​ ​ត្រូវ​​បាន​កំណត់​តម្លៃ​ឡើង​ដល់​15.5​ពាន់​លាន​ដុល្លារ​អាមេរិក

ការសិក្សាតាមអនឡាញកំពុងពេញនិយម ក្រុមហ៊ុនបង្រៀនអនឡាញចិនមួយ ត្រូវកំណត់តម្លៃឡើងដល់15.5ពាន់លានដុល្លារអាមេរិក

ការដែលក្រុមហ៊ុន Yuanfudao ត្រូវបានកំណត់តម្លៃឡើងដល់15.5ពាន់លានដុល្លារអាមេរិកនេះ បានកើតមានឡើងដោយចំណាយពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ។

ក្រុមហ៊ុនបច្ចេកវិទ្យាអប់រំអនឡាញ Yuanfudao ដែលមានការិយាល័យកណ្ដាលនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី22តុលាបានឱ្យដឹងថា ក្រុមហ៊ុននេះទើបតែប្រមូលទុនបាន2លើក និងរកបានទុន2.2ពាន់លានដុល្លារអាមេរិកពីក្រុមអ្នកវិនិយោគឯកជនចិន និងអន្តរជាតិ ដែលនេះបាននាំឱ្យការកំណត់តម្លៃរបស់ក្រុមហ៊ុននេះ ឡើងដល់15.5ពាន់លានដុល្លារអាមេរិក។ នេះបើតាមសារព័ត៌មាន Reuters។

Yuanfudao ដែលជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹងតាមអនឡាញ ដោយប្រើពេលយ៉ាងខ្លី (ជាងកន្លះឆ្នាំ) បែបនេះ គឺមកពីតម្រូវការនៃការសិក្សាតាមអនឡាញបានកើនឡើងខ្ពស់មិនធ្លាប់មាន ព្រោះតែបញ្ហា Covid-19។ កាលពីខែមីនា Yuanfudao ប្រមូលបានទុន1ពាន់លានដុល្លារអាមេរិក ក្នុងគ្រាដែលក្រុមហ៊ុនត្រូវបានកំណត់តម្លៃត្រឹម7.8ពាន់លានដុល្លារ។ បច្ចុប្បន្ន Yuanfudao មានអ្នកប្រើប្រាស់ប្រមាណ400លាននាក់នៅប្រទេសចិន។

គូប្រជែងធំបំផុតរបស់ Yuanfudao គឺ Zuoyebang ដែលជាក្រុមហ៊ុនថ្មីមួយ ប្រមូលបានទុនយ៉ាងច្រើនសន្ធឹកកាលពីខែកញ្ញា។ Zuoyebang ត្រូវបានកំណត់តម្លៃត្រឹម10ពាន់លានដុល្លារអាមេរិក។

ការសិក្សាតាមអនឡាញកំពុងពេញនិយម ក្រុមហ៊ុនបង្រៀនអនឡាញចិនមួយ ត្រូវកំណត់តម្លៃឡើងដល់15.5ពាន់លានដុល្លារអាមេរិក ព្រឹត្តិការណ៍ប្រមូលទុនមួយកាលពីពេលថ្មីៗនេះរបស់ Yuanfudao ត្រូវបានដឹកមុខដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent និងមានការចូលរួមពីមូលនិធិ Hillhouse Capital, Boyu Capital និង IDG Capital។ ការហៅទុនមួយទៀត ត្រូវបាននាំមុខដោយ DST Global និងមានការចូលរួមរបស់ CITICPE និងក្រុមអ្នកវិនិយោគសិង្ហបុរី ដូចជា GIC និង Temasek ជាដើម។

កាលពីដើមឆ្នាំនេះ ប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងថា Yuanfudao រកចំណូលបានប្រមាណពី3ទៅ4ពាន់លានយន់ (450-600លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ2019 និងមានគម្រោងរកចំណូលឱ្យបានជាង10ពាន់លានយន់ (1.2ពាន់លានដុល្លារ) ក្នុងឆ្នាំ2020នេះ។

នៅក្នុងកិច្ចសម្ភាសមួយកាលពីពេលថ្មីៗនេះ Li Xin ដែលជាសហស្ថាបនិករបស់ Yuanfudao បានឱ្យដឹងថា ក្រុមហ៊ុនទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគនៅក្នុងឆ្នាំ2019។ តាមរយៈការប្រមូលទុនចំនួន10លើក មកដល់ពេលនេះ Yuanfudao មានទុនក្នុងដៃជិត4ពាន់លានដុល្លារអាមេរិក។

Gloria Tam ដែលជាសមាជិកនៃគម្រោងអប់រំ Minerva Project របស់សហរដ្ឋអាមេរិក បានពន្យល់ថា Covid-19 បានធ្វើឱ្យមានបញ្ហារអាក់រអួលនៅគ្រប់វិស័យ ហើយវាក៏ជាកត្តាជំរុញមួយដែលនាំឱ្យក្រុមអ្នករកស៊ីខាងអប់រំក្នុងពិភពលោក នាំគ្នាស្វែងរកវិធីសាស្ត្រថ្មី។

“ជាមួយនឹងបច្ចេកវិទ្យា5G ដែលកាន់តែរីកចម្រើននៅក្នុងបណ្ដាប្រទេសដូចជាចិន សហរដ្ឋអាមេរិក និងជប៉ុនជាដើម សិក្ខាកាម និងក្រុមអ្នកផ្ដល់សេវាអប់រំនឹងទទួលស្គាល់យ៉ាងប្រាកដទៅលើនិយមន័យ “រៀននៅទីណាក៏បាន ពេលណាក៏បាន”” អ្នកស្រី Gloria Tam និយាយដូច្នេះ។

កាលពីខែកុម្ភៈ ប្រទេសចិនបានចាប់ផ្ដល់ប្រើប្រាស់កម្មវិធីសិក្សាតាមអនឡាញថ្នាក់ជាតិ ដោយមានថ្នាក់រៀនដែលត្រូវបានផ្សាយតាមទូរទស្សន៍សម្រាប់សិស្សបឋម និងប្រព័ន្ធបញ្ជូនទិន្នន័យតាមរយៈបច្ចេកវិទ្យា Cloud Computing សម្រាប់សិស្សមធ្យមសិក្សា។ កម្មវិធីនេះត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំចិននិយាយថា នឹងជួយដល់សិស្សចំនួន180លាននាក់ អាចបន្តការសិក្សា បើទោះសាលានានាត្រូវបិទទ្វារ។

ការសិក្សាតាមអនឡាញកំពុងពេញនិយម ក្រុមហ៊ុនបង្រៀនអនឡាញចិនមួយ ត្រូវកំណត់តម្លៃឡើងដល់15.5ពាន់លានដុល្លារអាមេរិកនៅឯទីក្រុងហុងកុងវិញ សិស្សចំនួន900,000នាក់ក៏ត្រូវរៀនតាមអនឡាញ ចាប់តាំងពីរដ្ឋបានបិទទ្វារសាលាជាបណ្ដោះអាសន្នដោយសារតែបញ្ហាCovid-19។

នៅទូទាំងពិភពលោក បទបញ្ជាហាមជួបជុំ បំរាមគោចរ និងវិធានការទប់ស្កាត់ការឆ្លងវីរុសCovid-19 នានា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ធ្វើឱ្យស្ថាប័នអប់រំ និងសិស្ស នាំគ្នាងាកមកប្រើប្រាស់កម្មវិធីបង្រៀននិងរៀនតាមអនឡាញ ពិសេសគឺនៅក្នុងបណ្ដាប្រទេសរីកចម្រើន ដូចជាសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់។ល។

ប្រភព៖ Reuters,Thestar

Advertisement