Amazon ប្រឈម​នឹង​ការ​ពិន័យ​37​ពាន់​លាន​ដុល្លារ​ ទាក់​ទិន​នឹង​​ការ​​​រក​​ស៊ី​​ផ្ដាច់​មុខ​នៅ​អឺរ៉ុប​

Amazon ប្រឈមនឹងការពិន័យ37ពាន់លានដុល្លារ ទាក់ទិននឹងបញ្ហាក្ដោបក្ដាប់ទីផ្សារអនឡាញផ្ដាច់មុខនៅអឺរ៉ុប

សហភាពអឺរ៉ុបយល់ថា ក្រុមហ៊ុននេះ កំពុងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន ដើម្បីគ្រប់គ្រងវិស័យទិញដូរតាមអនឡាញដោយផ្ដាច់មុខតែឯង ក្នុងបំណងរារាំងគូប្រជែង។ល។

សហភាពអឺរ៉ុប (EU) បានប្រកាសជាផ្លូវការអំពីការប្ដឹងចោទប្រកាន់នានា ប្រឆាំងនឹងភាពផ្ដាច់មុខរបស់ Amazon ដោយយល់ថា ក្រុមហ៊ុននេះ កំពុងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន គ្រប់គ្រងវិស័យទិញដូរតាមអនឡាញដោយផ្ដាច់មុខ។ ទន្ទឹមនឹងនេះ EU ក៏បើកការស៊ើបអង្កេតទីពីរទៅលើសកម្មភាពជំនួញរបស់ក្រុមហ៊ុនយក្សនេះផងដែរ។

យោងតាម CNN Business លោកស្រី Margrethe Vestager មន្ត្រីជាន់ខ្ពស់បំផុតដែលទទួលបន្ទុកខាងប្រឆាំងការរកស៊ីផ្ដាច់មុខនៃគណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី10វិច្ឆិកា បាននិយាយថា Amazon បានរំលោភច្បាប់ ដោយការប្រើប្រាស់ឥទ្ធិពលក្នុងផ្សារអនឡាញធំបំផុតរបស់ខ្លួននៅប្រទេសបារាំង និងអាល្លឺម៉ង់។

កាលពីខែកក្កដា ឆ្នាំ2019 EC បានធ្វើការស៊ើបអង្កេតផ្លូវការអំពីតួនាទី “ស្ទួន” របស់ Amazon ដោយសារតែក្រុមហ៊ុននេះ ធ្វើជាផ្សារអនឡាញផង ធ្វើជាអ្នកលក់រាយផង។

ក្រុមមន្ត្រីស៊ើបអង្កេតរបស់អឺរ៉ុប បានរកឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងការរកស៊ីរបស់ Amazon ក្នុងនោះមានដូចជា បញ្ហា Amazon បានប្រើប្រាស់ទិន្នន័យមិនបង្ហាញជាសាធារណៈរបស់ក្រុមអ្នកលក់រាយឯករាជ្យ ដើម្បីប្រៀបធៀបតម្លៃគ្នារវាងផលិតផលរបស់ខ្លួន និងផលិតផលរបស់អ្នកលក់ឯករាជ្យទាំងនោះ ក្នុងបំណងកំណត់តម្លៃផលិតផលរបស់ខ្លួនឱ្យមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាង។ នេះបើតាមលោកស្រី Vestager។

មន្ត្រីអឺរ៉ុបរូបនេះក៏បានសង្កត់ធ្ងន់ថា ជាមួយនឹងវិធីខាងលើ Amazon អាចកាត់បន្ថយលទ្ធភាពនៃការប្រកួតប្រជែងរបស់ក្រុមអ្នកលក់ភាគីទីបី ក៏ដូចជាកាត់បន្ថយឱកាសនៃការរីកចម្រើនរបស់ក្រុមអ្នកលក់នោះ។

Amazon ប្រឈមនឹងការពិន័យ37ពាន់លានដុល្លារ ទាក់ទិននឹងបញ្ហាក្ដោបក្ដាប់ទីផ្សារអនឡាញផ្ដាច់មុខនៅអឺរ៉ុប
លោកស្រី Margrethe Vestager មន្ត្រីជាន់ខ្ពស់បំផុតដែលទទួលបន្ទុកខាងប្រឆាំងការរកស៊ីផ្ដាច់មុខនៃគណៈកម្មការអឺរ៉ុប (EC)

យ៉ាងនេះក្ដី Amazon បានច្រានចោលការចោទប្រកាន់នេះ ដោយប្រកាសថា “យើងមិនយល់ស្របជាមួយនឹងការវាយតម្លៃបឋមរបស់ EC ហើយយើងនឹងបន្តការប្រឹងប្រែង ដើម្បីធានាឱ្យបានប្រាកដថា ពួកគេយល់ច្បាស់អំពីការពិត”។

ការវាយតម្លៃបឋមរបស់ EC បង្ហាញថា Amazon បានបំពានមាត្រាច្បាប់ប្រឆាំងនឹងការរកស៊ីផ្ដាច់មុខរបស់ EU ប៉ុន្តែបានបញ្ជាក់ថា ការស៊ើបអង្កេតត្រូវតែធ្វើឡើងដល់ទីបំផុត មុននឹងមានការដាក់ពិន័យណាមួយ។ ការស៊ើបអង្កេតនេះ អាចប្រើពេលច្រើនឆ្នាំ ហើយអាចនាំទៅរកការដាក់ពិន័យឡើងដល់10% នៃប្រាក់ចំណូលសរុបទូទាំងពិភពលោកក្នុងមួយឆ្នាំរបស់ Amazon។ បើសិនជាយោងទៅលើការព្យាករលើប្រាក់ចំណូលរបស់ Amazon នៅក្នុងឆ្នាំ2020 នោះប្រាក់ពិន័យអាចឡើងដល់37ពាន់លានដុល្លារអាមេរិក។

ចំណែកការស៊ើបអង្កេតលើកទីពីររបស់ EU គឺទាក់ទងនឹងការចោទប្រកាន់ថា Amazon ព្យាយាមយកចិត្តទុកដាក់ទៅលើផលិតផលដែលក្រុមហ៊ុននេះកំពុងលក់រាយ ឬចូលចិត្តអ្នកលក់ទីបីណាដែលប្រើប្រាស់សេវាកម្មរបស់ Amazon៕

ប្រភព៖ CNN Business, Forbes

Advertisement