Trump ចេញបទបញ្ជា “ហាម​វិនិយោគ​ទៅ​លើ​ក្រុម​ហ៊ុន​ចំនួន​31​របស់​ចិន”

Trump ចេញបទបញ្ជា “ហាមវិនិយោគទៅលើក្រុមហ៊ុនចំនួន31របស់ចិន”

ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមបណ្ដាក្រុមហ៊ុនអាមេរិក វិនិយោគទៅលើក្រុមហ៊ុនចំនួន31របស់ចិនដែលកំពុងរងការចោទប្រកាន់ថា មានជាប់ទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន។

“ប្រទេសចិនកំពុងតែឆ្លៀតឱកាសកាន់តែច្រើនឡើងៗក្នុងការកេងចំណេញលើមូលនិធិវិនិយោគរបស់សហរដ្ឋ​អាមេរិក ដើម្បីប្រមូលប្រភពធនធានមនុស្ស ដែលអនុញ្ញាតឱ្យពួកគេអភិវឌ្ឍ និងធ្វើទំនើបកម្មយោធា ចារកិច្ច រួមនឹងប្រព័ន្ធសន្តិសុខរបស់ពួកគេ” បទបញ្ជាដែលត្រូវបានលោក Donald Trump ចុះហត្ថលេខាកាលពីថ្ងៃ​ទី​12​វិច្ឆិកា មានឃ្លាមួយសរសេរដូច្នេះ។

បទបញ្ជាខាងលើដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី11មករា2021 មុនពេលអាណត្តិប្រធានាធិបតីរបស់លោក Trump បានបញ្ចប់នេះ មានការហាមឃាត់ក្រុមហ៊ុនអាមេរិក វិនិយោគទៅលើក្រុមហ៊ុនចំនួន31របស់ចិន ដែលត្រូវបានទីក្រុងវ៉ាស៊ីងតោនចោទថា មានទំនាក់ទំនង ឬត្រូវបានគ្រប់គ្រងដោយកងទ័ពចិន។ បទបញ្ជានេះក៏​ហាម​បណ្ដាក្រុមហ៊ុនអាមេរិក ទិញនិងលក់ភាគហ៊ុននៅក្នុងបណ្ដាក្រុមហ៊ុនចិនទាំងនោះ ក្រោយរយៈពេល60ថ្ងៃ រាប់ចាប់ពីពេលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនរបស់កងទ័ពចិន។

បទបញ្ជានោះក៏បានសរសេរថា៖ “ខ្ទង់វិនិយោគនានាកំពុងតែជួយឱ្យចិនគំរាមកំហែងដោយផ្ទាល់ទៅលើទឹកដីអាមេរិក និងកងកម្លាំងអាមេរិកនៅបរទេស ក្នុងនោះមានទាំងការអភិវឌ្ឍ និងការដាក់ពង្រាយអាវុធដែលអាចប្រល័យជីវិតទ្រង់ទ្រាយធំ អាវុធធម្មតាតែទំនើបៗ រួមនឹងសកម្មភាពអាក្រក់នៅក្នុងបណ្ដាញអ៊ីនធើណិតសំដៅលើទឹកដីអាមេរិក និងប្រជាជនអាមេរិកាំង”។

នេះគឺជាការផ្លាស់ប្ដូរគោលនយោបាយដ៏ធំដំបូងបង្អស់ដែលត្រូវបានលោក Trump ធ្វើឡើង គិតចាប់ពីក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកា។ ប្រការនេះបង្ហាញថា លោក Trump កំពុងប្រើប្រាស់អំណាចរបស់ខ្លួននៅចុងអាណត្តិ ដើម្បីដាក់សម្ពាធលើប្រទេសចិន នៅក្នុងគ្រាដែលម្ចាស់សេតវិមានរូបនេះ កំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក។

ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន លោក Peter Navarro និយាយថា នេះគឺជាបទបញ្ជាដ៏ខ្លាំងក្លាមួយ ដើម្បីកាត់ផ្ដាច់ប្រភពវិនិយោគរបស់អាមេរិកទៅក្នុងសកម្មភាពនៃការធ្វើយោធូបនីយកម្មរបស់ចិន។ វិស័យដែលបណ្ដាក្រុមហ៊ុនចិនត្រូវរងផលប៉ះពាល់ពីបទបញ្ជារបស់លោក Trump គឺវិស័យទូរគមនាគមន៍ អាកាសចរណ៍អវកាស និងសំណង់។

អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក មិនទាន់មានប្រតិកម្មណាមួយទៅលើបទបញ្ជាដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីអាមេរិកនៅឡើយ។

ក្រុមអ្នកវិភាគ និងអតីតមន្ត្រីជាន់ខ្ពស់អាមេរិក អះអាងថា មូលហេតុដែលលោក Trump បញ្ចេញអំណាចរបស់ខ្លួននៅចុងអាណត្តិនេះ គឺដើម្បីលើកកម្ពស់អាទិភាពរបស់ខ្លួន ព្រមទាំងដើម្បី “រាំងខ្ទប់ ឬចងដៃ” អ្នកកាន់អំណាចក្នុងអាណត្តិថ្មីផងដែរ៕

ប្រភព៖ Reuters

Advertisement