កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ទើបតែត្រូវបានសមាជិក​អាស៊ាន​និង​5​ប្រទេស​ផ្សេង​ទៀត​ ចុះហត្ថលេខា៖ ចិនទំនង​​មានប្រៀបជាងគេ

កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ទើបតែត្រូវបានប្រទេសចំនួន15 ចុះហត្ថលេខា៖ ចិនប្រហែលជាមានប្រៀបជាងគេ

ក្រោយរយៈពេល8ឆ្នាំដែលបានចរចា កិច្ចព្រមព្រៀងភាពជាដៃគូទូទៅផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ដែលគេហៅថា RCEP (Regional Comprehensive Economic Partnership) ទើបតែត្រូវបានប្រទេសចំនួនប្រទេសចំនួន​15 រួមមាន កម្ពុជា ប៊្រុយណេ ម៉ាឡឹស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី ឡាវ មីយ៉ានម៉ារ ហ្វីលីពីន ថៃ ជប៉ុន នូវែល​ហ្សែឡង់​ អូស្ត្រាលី ចិន និងប្រទេសកូរ៉េខាងត្បូង ចុះហត្ថលេខាកាលពីថ្ងៃទី15វិច្ឆិកា ឆ្នាំ2020។

ជាមួយនឹងសមាជិកចំនួន15ប្រទេសចូលរួម RCEP នឹងបង្កើតបានជាទីផ្សារដែលមានប្រជាជនចំនួន​2.2​ពាន់​លាន​នាក់ ប្រហាក់ប្រហែលនឹងទឹកប្រាក់26.2លានលានដុល្លារអាមេរិក (26,200,000,000,000) ហើយវានឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងពិភពលោក។ ដោយសារកិច្ចព្រមព្រៀងបើកទ្វារទីផ្សារផលិត​ផល​ សេវាកម្ម វិនិយោគ គោលការណ៍តម្លៃប្រភពទំនិញនៅក្នុងតំបន់ភូមិសាស្ត្រ RCEP រួមនឹងវិធានការដែលផ្ដល់ភាពងាយស្រួលដល់ពាណិជ្ជកម្ម កិច្ចព្រព្រៀងពាណិជ្ជកម្មសេរី (FTA/Free Trade Agreement) នេះ នឹងផ្ដល់ឱកាស​ច្រើនក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីនៅតាមបណ្ដាប្រទេសជាសមាជិក។

កិច្ចព្រមព្រៀងនេះក៏នឹងបង្កើតបានជាទីផ្សារនាំចេញប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន នៅក្នុងគ្រាដែលសង្វាក់ផ្គត់ផ្គង់បានជួបបញ្ហាមួយចំនួនកាលពីពេលថ្មីៗនេះ។ ការអនុវត្តកិច្ចព្រមព្រៀង RCEP ក៏នឹងបង្កើតបានជាក្របខ័ណ្ឌផ្លូវច្បាប់ដែលកំណត់អំពីគោលនយោបាយពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ហា ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចជាដើម និងបង្កើតបានជាទីលានប្រកួតប្រជែងផ្នែកពាណិជ្ជកម្មប្រកបដោយយុត្តិធម៌នៅក្នុងតំបន់។ តាមផែនការ RCEP នឹងលុបបំបាត់ពន្ធអាករមួយចំនួនលើទំនិញនាំចូលនៅក្នុងអំឡុង20ឆ្នាំខាងមុខ។

យ៉ាងនេះក្ដី កិច្ចព្រមព្រៀងនេះក៏នឹងបង្កឱ្យមានបញ្ហាមួយចំនួនសម្រាប់បណ្ដាប្រទេសដែលនៅមានកម្លាំងប្រជែង​ផ្នែកពាណិជ្ជកម្មខ្សោយជាងគេផងដែរនៅក្នុងការនាំចេញផលិតផលទៅបរទេស។

RCEPប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជាគូប្រជែងមួយដ៏ធំនៅក្នុងចំណោមបណ្ដាលប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ ដោយមានប្រៀងជាងគេទាក់ទងនឹងភាពសម្បូរបែបនៃផលិតផល និងតម្លៃទាប មហាសេដ្ឋកិច្ចដែលមានប្រជាជនពាន់លាននាក់នេះនឹងអាចបង្កឱ្យមានការបាត់បង់ផលប្រយោជន៍មួយចំនួនរបស់ប្រជាជនក្នុងស្រុកនៃបណ្ដាប្រទេសផ្សេងទៀត។

បញ្ហាខាងលើនេះក៏ជាមូលហេតុសំខាន់មួយដែលបានបណ្ដាលឱ្យឥណ្ឌាសម្រេចចិត្តដកខ្លួនចេញពី RCEP កាល​ពី​ខែ​វិច្ឆិកាឆ្នាំ2019។ ទីក្រុងនីវដេលី ធ្លាប់បានសម្ដែងការព្រួយបារម្ភជាច្រើនលើកអំពី RCEP ដែលជាកិច្ចព្រមព្រៀង​មួយមានគោលការណ៍បន្ទាបជញ្ជាំងពន្ធដារ ដែលនេះបានជួយឱ្យផលិតផលរបស់ចិន អាចធ្វើចរាចរណ៍ពេញទីផ្សារឥណ្ឌា ខណៈដែលផលិតផលមកពីឥណ្ឌាមិនអាចធានាបាននូវការបង្ហាញខ្លួនក្នុងទីផ្សារចិន បណ្ដាលឱ្យកើតមានបញ្ហាអតុល្យភាពពាណិជ្ជកម្ម។ ឆ្នាំ2018 ការបាត់បង់តុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយនឹងចិន មានទំហំឡើងដល់ជិត58ពាន់លានដុល្លារអាមេរិក ក្នុងចំណោម 95.5ពាន់លានដុល្លារនៃការដោះដូរពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ៕

NYT/BBC

Advertisement