ម្ចាស់ទីលានថតកុននៅ​ Hollywood៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ

ម្ចាស់ទីលានថតកុនរបស់ Hollywook៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ

Kirk Kerkorian គឺជាអ្នកជំនួញ ជាអ្នកវិនិយោគ ជាសប្បុរសជនម្នាក់ដ៏លេចធ្លោ និងជាជនជាតិអាមេរិកាំងដើមកំណើតអាមេនី។ លោកគឹជាប្រធានក្រុមហ៊ុន Tracinda Corporation ដែលមានការិយាល័យកណ្ដាលនៅតំបន់ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក។

Kirk Kerkorian កើតឆ្នាំ1917 នៅក្នុងគ្រួសារជនជាតិអាមេនីដ៏ក្រីក្រមួយ។ គ្រួសាររបស់គាត់ស្ថិតក្នុងចំណោមគ្រួសារក្រីក្របំផុតដែលត្រូវរស់នៅក្នុងតំបន់សម្បុកកណ្ដុរ បន្ទាប់ពីបានទៅរស់នៅលើទឹកដីអាមេរិកកាលពីនៅតូច។ Kirk Kerkorian ត្រូវឈប់រៀនតាំងតែពីនៅក្មេងដើម្បីជួយរកប្រាក់ចិញ្ចឹមគ្រួសារ។

Kirk Kerkorian គឺជាកុមារដែលឧស្សាហ៍ និងព្យាយាមប្រឹងប្រែងធ្វើការ ដោយធ្លាប់ជាក្មេងដើរលក់កាសែត រត់​តុ​ ជំនួយការក្នុងផ្ទះបាយ និងធ្លាប់ធ្វើកិច្ចការប្រើកម្លាំងជាច្រើនផ្សេងទៀត។ Kirk Kerkorian គឺជាក្លាយជាក្មេង​ដែលវាងវៃ និងមានមហិច្ឆតាក្នុងការរកប្រាក់។ Kirk Kerkorian ជាមនុស្សចូលចិត្តហក់លោតក្នុងការស្វែង​រកការងារ ក៏ដូចជាការរកប្រាក់។ គាត់ត្រៀមខ្លួនជានិច្ចក្នុងការបោះបង់ការងារបច្ចុប្បន្នដើម្បីឈោងចាប់ការងារ ឬមុខរបរផ្សេង បើសិនជាដឹកថាអាចរកប្រាក់បានច្រើនជាង។

ទន្ទឹមនឹងភាពវាងវៃ រហ័សរហួន និងក្លាហានរបស់ក្មេងនៅតាមចិញ្ចើមផ្លូវ Kirk Kerkorian ថែមទាំងមានសុខភាពល្អផងដែរ។ អាយុ14ឆ្នាំ Kirk Kerkorian បានស៊ីឈ្នួលធ្វើកិច្ចការធ្ងន់ៗដើម្បីរកប្រាក់ មានដូចជាការធ្វើចំការ ប្រមូលផលបន្លែផ្លែឈើជាដើម។ Kirk Kerkorian ក៏ចូលចិត្តរៀនក្បាច់គុនប្រដាល់ ដែលក្រោយមក ក៏​បាន​ដាក់ពាក្យប្រកួតជាមួយអ្នកប្រដាល់ទៀតផង ដោយសារតែប្រាក់។ ឈាមជាអ្នកប្រថុយជីវិតប្រកបដោយភាពក្លាហានរបស់ Kirk Kerkorian បាននៅជាមួយគាត់ជាប់ជានិច្ច។

នៅពេលលែងត្រូវបារម្ភអំពីបញ្ហា “បានព្រឹក ខ្វះល្ងាច” Kirk Kerkorian ក៏ស្រមៃភ្លាមដល់រឿងរកស៊ីមានបាន ដោយ​ប្រើប្រាស់យុទ្ធសាស្ត្រ “ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ”។

នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅនេះ បើទោះជាវិស័យឧស្សាហកម្ម និងស្ថានភាពសេដ្ឋកិច្ចផ្លាស់ប្ដូរយ៉ាងណាក៏​ដោយ Kirk Kerkorian បានប្រើប្រាស់យុទ្ធសាស្ត្រខាងលើប្រកបដោយជោគជ័យ។ គាត់ចូលចិត្តរថយន្តខ្លាំងណាស់ ហើយក៏បានចាប់ផ្ដើមរកស៊ីជាមួយនឹងមុខរបរជួញរថយន្តចាស់ៗ។

ម្ចាស់ទីលានថតកុនរបស់ Hollywook៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ
លោក Kirk Kerkorian ក៏ធ្លាប់​រៀន​បើក​បរយន្តហោះ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​អាកាសចរណ៍​តូច​មួយ​ផងដែរ​

នៅក្នុងការរកស៊ី Kirk Kerkorian តែងតែទិញនិងលក់ស្ទើរគ្រប់យ៉ាង។ ហើយការ “ទិញចូល លក់ចេញ” របស់គាត់ កម្រនឹងមានអ្នកណាអាចធ្វើបាន ព្រោះវាជារឿងរហ័សរហួនប្រកបដោយភាពប្រថុយប្រថាន និងក្លាហាន។

ការជួញដូរប្រកបដោយភាពប្រថុយប្រថានរបស់ Kirk Kerkorian ៖

Kirk Kerkorian បានចាប់ផ្ដើមរកស៊ីធំជាលើកដំបូងដោយការវិនិយោគទៅលើក្រុមហ៊ុនផលិតរថយន្ត Chrysler កាលពីឆ្នាំ1990 នៅពេលដែលមូលបត្ររបស់ក្រុមហ៊ុនបានធ្លាក់មកនៅ9ដុល្លារ/ហ៊ុន ដោយសារឱនភាពសេដ្ឋកិច្ចអាមេរិក និងការដឹកនាំមិនបានល្អរបស់ក្រុមហ៊ុន។ លោក Kirk Kerkorian យល់ថា តម្លៃមូលបត្ររបស់ Chrysler​ បានបង្ហាញអំពីបញ្ហាសេដ្ឋកិច្ច ប៉ុន្តែវាមិនបានបង្ហាញអំពីលទ្ធភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះឡើយ។

ដូច្នេះ Kirk Kerkorian ក៏សម្រេចចិត្តទិញមូលបត្រចំនួន36លានហ៊ុនពី Chrysler ក្នុងតម្លៃ10/ហ៊ុន ប្រហាក់ប្រហែលនឹង10%នៃតម្លៃសរុបរបស់ក្រុមហ៊ុននេះ ហើយលោកក៏បានក្លាយជាភាគហ៊ុនិកធំបំផុតរបស់ Chrysler។ មកដល់ដើមឆ្នាំ1994 តម្លៃមូលបត្រដែល Kirk Kerkorian កំពុងកាន់កាប់ បានកើនឡើង60ដុល្លារ/ហ៊ុន។ ក្រោយមក ក្នុងឆ្នាំ1995 តម្លៃមូលបត្ររបស់ Chrysler បានកើនឡើងខ្ពស់បំផុត ដែលជួយឱ្យ Kerkorian រកប្រាក់ចំណេញជាង500%។ Kerkorian ក៏បានសម្រេចចិត្តវិនិយោគ23ពាន់លានដុល្លារដើម្បីទិញក្រុមហ៊ុននេះទាំង​មូលតែម្ដង។

ថ្វីបើត្រូវ Chrysler បដិសេធ ប៉ុន្តែ Kerkorian នៅតែបន្តទិញមូលបត្ររបស់ក្រុមហ៊ុននេះ។ ក្រោយមក ក្រុមហ៊ុនផលិតរថយន្ត Daimler-Benz បានទិញ Chrysler ក្នុងតម្លៃ36ពាន់លានដុល្លារ និងបង្កើតបានជាក្រុមហ៊ុន DaimlerChrysler។

ពេលនោះ Kerkorian សម្រុកទិញមូលបត្ររបស់ Daimler-Benz។ ក្រោយពីបញ្ចប់កិច្ចព្រមព្រៀង Kerkorian រកបាន 2.7ពាន់លានដុល្លារ។

Kirk Kerkorian ក៏ធ្លាប់បានទិញនិងលក់ក្រុមហ៊ុន MGM ដែលជាផលិតកម្មភាពយន្តល្បីល្បាញបំផុតនៅ Hollywood ដល់ទៅ4លើក។ ពេលមានគេសួររកទិញក្នុងតម្លៃខ្ពស់ លោកក៏លក់ ហើយពេលមានគេលក់ក្នុងតម្លៃទាប លោកក៏ទិញ។

ម្ចាស់ទីលានថតកុនរបស់ Hollywook៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ
មហាសេដ្ឋី​រូប​នេះ កាល​ពី​នៅក្មេង​ក៏​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​ផងដែរ​ ដើម្បី​ប្រាក់

Kerkorian ក៏ធ្លាប់រៀនបើកយន្តហោះ និងបានបើកក្រុមហ៊ុនអាកាសចរណ៍តូចមួយដែលមានយន្តហោះកីឡាចំនួន2គ្រឿងផងដែរ ក្រោយសង្គ្រាមលោកលើកទីពីរ។ ក្នុងទសវត្សរ៍ 1960 លោក Kerkorian បានទិញអចលនទ្រព្យជាច្រើនក្នុងតម្លៃទាប រួចក៏បង្កើតកាស៊ីណូយ៉ាងទាក់ទាញ ហើយដាក់លក់ក្នុងតម្លៃខ្ពស់។Kirk Kerkorian ក៏តែងតែមានសណ្ឋាគារ និងកាស៊ីណូជាច្រើនកន្លែងនៅក្នុងដៃ ដែលគាត់អាចលក់បាននៅពេលមានគេចង់ទិញ។

មនុស្សជាច្រើនមិនទាន់យល់អំពីមូលហេតុដែលនាំឱ្យលោក Kirk Kerkorian ទទួលបានជោគជ័យច្រើនក្នុងការជំនួញរបស់ខ្លួននៅឡើយ ដោយសារថា លោកមិនមែនជាមនុស្សមានការសិក្សាជ្រៅជ្រះ ពូកែខាងវិភាគផ្នែកហិរញ្ញវត្ថុ ឬវិភាគគម្រោងអ្វីឡើយ ហើយលោកក៏ទំនងជាមិនពូកែខាងគ្រប់គ្រងនោះដែរ។

ពេលបានក្លាយជាម្ចាស់ក្រុមហ៊ុន MGM-Studio ដែលជាទីលានថតកុនសំខាន់បំផុតនាបច្ចុប្បន្នរបស់វិស័យឧស្សាហកម្មភាពយន្ត Hollywood លោក Kerkorian ក៏មិនបានចាត់ចែង ឬគ្រប់គ្រងក្រុមហ៊ុននេះទេ ហើយសូម្បីតែមុខតំណែងជាអ្នកតាមដានក៏លោកមិនកាន់កាប់ដែរ។ មកដល់ពេលនេះ អ្នកជំនួញជាច្រើន រួមនឹងគូប្រជែងរបស់លោក ក៏នៅតែមិនអាចរកឃើញចម្លើយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវសម្រាប់សំនួរដែលសួរថា “ហេតុអ្វី”។ ពួកគេបានត្រឹមតែកោតសរសើរទៅលើយុទ្ធសាស្ត្រជំនួញដ៏អាថ៌កំបាំងរបស់គាត់។

មហាសេដ្ឋី Kirk Kerkorian បានទទួលមរណភាពកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2015 នៅឯទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ដែលកាលនោះលោកមានទ្រព្យសរុបជាង 4ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ NY times

Advertisement