Jeff Bezos​ ប្រកាស​បង្ហាញ​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​ជា​សាធារណៈ​ ដើម្បី​ទទួល​សំបុត្រ​ត្អូញ​ត្អែរ​ពី​អតិថិជន

Jeff Bezos ប្រកាសបង្ហាញអ៊ីម៉ែលផ្ទាល់ខ្លួនជាសាធារណៈ ដើម្បីទទួលសំបុត្រត្អូញត្អែរពីអតិថិជន

ម្ចាស់ក្រុមហ៊ុន Amazon ត្រូវបានគេស្គាល់ថា ជាមនុស្សមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសកម្មភាពកែលម្អថ្មីទៅលើផលិតផល និងសេវាកម្មរបស់ខ្លួន ទៅតាមសំណើ និងបំណងប្រាថ្នារបស់អតិថិជន។ល។

នៅក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះ លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញ Amazon បានឱ្យដឹងថា លោកប្រកាសបង្ហាញជាសាធារណៈអំពីអាសយដ្ឋានអ៊ីម៉ែល jeff@amazon.com គឺដើម្បីទទួលមតិប្រតិកម្ម និងការត្អូញត្អែរពីអតិថិជនរបស់ខ្លួន។

“បច្ចុប្បន្ន ខ្ញុំនៅតែទទួលបានអ៊ីម៉ែលជាច្រើនពីអតិថិជន” ម្ចាស់ផ្សារ Amazon បានឱ្យដឹងនៅពេលនិយាយអំពីសំបុត្រដែលបានផ្ញើមកកាន់អ៊ីម៉ែលខាងលើ។

នៅក្នុងសៀវភៅថ្មី “Invent & Wander: The Collected Writings of Jeff Bezos” លោក Bezos បានប្រាប់ថា jeff@amazon.com គឺជាអាសយដ្ឋានអ៊ីម៉ែលផ្លូវការរបស់លោក ហើយលោកចាត់ទុកបញ្ហាគ្រប់យ៉ាងដែលទទួលបានពីអតិថិជនគឺជាឱកាសដើម្បីកែលម្អសេវាកម្មរបស់ក្រុមហ៊ុន Amazon។

ភាគច្រើននៃសំបុត្រដែលបានផ្ញើមកកាន់អ៊ីម៉ែលរបស់លោក Bezos គឺមានខ្លឹមសារត្អូញត្អែរអំពីសេវាកម្មរបស់ក្រុមហ៊ុន Amazon។ លោក Bezos ឱ្យដឹងថា “នោះគឺជាមូលហេតុដែលអតិថិជនតែងតែសរសេរសំបុត្រផ្ញើមកយើងខ្ញុំ។ ដោយវិធីណាមួយនោះ យើងធ្លាប់បានធ្វើឱ្យការបញ្ជាទិញរបស់ពួកគេត្រូវច្របូកច្របល់”។

មហាសេដ្ឋីលំដាប់ទីមួយក្នុងពិភពលោករូបនេះ បានអះអាងថា លោកតែងតែពិនិត្យមើលខ្លឹមសារអ៊ីម៉ែលយ៉ាង​យក​ចិត្តទុកដាក់។ ឧទាហរណ៍ នៅពេលទទួលបានការត្អូញត្អែរអំពីបញ្ហាផលិតផល ភ្លាមនោះលោកនឹងស្នើឱ្យបុគ្គលិកស្រាវជ្រាវស្វែងរកមូលហេតុដើមនៃបញ្ហា និងដោះស្រាយជាបន្ទាន់។

“នៅពេលដោះស្រាយទៅតាមវិធីនោះ យើងមិនត្រឹមតែអាចដោះស្រាយបញ្ហាជាក់ស្ដែងមួយជាមួយនឹងអតិថិជនម្នាក់នោះឡើយ ប៉ុន្តែគឺសម្រាប់អតិថិជនគ្រប់រូបផងដែរ។ នេះគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការជំនួញរបស់យើង” Bezos បកស្រាយនៅក្នុងសៀវភៅខាងលើ។

ដើម្បីជាការសាកល្បង ទំព័រ CNBC Make It បានផ្ញើសំបុត្រទៅកាន់អ៊ីម៉ែលរបស់ Jeff Bezos នៅវេលាម៉ោង​10​និង​20នាទីព្រឹក។ ពួកគេទទួលបានការឆ្លើយតប ក្រោយការផ្ញើចេញត្រឹមតែ10នាទីប៉ុណ្ណោះ។

ម្ចាស់ក្រុមហ៊ុន Amazon ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសកម្មភាពកែ​លម្អថ្មីទៅលើផលិតផលរបស់ខ្លួនទៅតាមសំណើ និងបំណងប្រាថ្នារបស់អតិថិជន។ល។ លោកជឿជាក់ថា ត្រូវតែផ្ដោត​ការយកចិត្តទុកដាក់ទៅលើអតិថិជនជាសំខាន់ មិនមែនយកចិត្តទុកដាក់ទៅលើគូប្រជែងនោះឡើយ។

នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅកាន់ភាគហ៊ុនិករបស់ Amazon កាលពីឆ្នាំ2017 លោក Bezos ឱ្យដឹង​ថា៖ “ប្រការមួយរបស់អតិថិជនដែលខ្ញុំចូលចិត្ត នោះគឺថា ពួកគេតែងតែមិនពេញចិត្ត។ ការរំពឹងទុករបស់ពួកគេមិនដែលគ្រប់គ្រាន់ឡើយ គឺតែងតែកើនឡើង។ នោះគឺជាធម្មជាតិរបស់មនុស្សលោក។ល។ យើងមិនអាចដេកលក់ជាមួយនឹងកម្រងផ្កានៅ​លើ​ពិភព​លោក​នេះ​ទេ”។

យោងតាមលោក Bezos អ្នកជំនួញត្រូវតែយល់ច្បាស់អំពីទីផ្សាររបស់ខ្លួន និងយល់ច្បាស់ថា អតិថិជនកំពុងស្វែង​រក​អ្វីខ្លះ។ បើសិនជាបាននាំមកនូវអ្វីៗដែលអតិថិជនចង់បាន នោះពួកគេនឹងវិលត្រលប់មកជាថ្មីម្ដងទៀត។ លោក​យល់ថា នេះគឺជាវិធីតែមួយគត់ដើម្បីអាចរក្សាវត្តមាន និងរីកចម្រើននៅលើទីផ្សារដែលមានការប្ដូរផ្លាស់ជាប្រចាំ​នេះបាន ហើយក៏ជាគោលការណ៍មូលដ្ឋានដ៏សំខាន់បំផុត នៅពីក្រោយការវិនិយោគនានារបស់ក្រុមហ៊ុន Amazon៕

ប្រភព៖ CNBC

Advertisement