Tesla របស់​ Elon Musk លក់​រថយន្ត​អគ្គិសនី​បាន​ជិត​កន្លះ​លាន​គ្រឿង ​ក្នុង​ឆ្នាំ 2020

បរិមាណ​ផលិត​ដែល​បាន​លក់​ចេញ​របស់​ក្រុមហ៊ុន Tesla ក្នុង​ឆ្នាំ 2020 នេះ បាន​កើន 36% បើ​ធៀប​ជាមួយនឹង​ឆ្នាំ 2019 ប៉ុន្តែ នៅតែ​មិនទាន់​ដល់​គោលដៅ​ដែល​ក្រុមហ៊ុន​នេះ​បាន​ដាក់ចេញ។

ក្នុង​ឆ្នាំ 2020 ក្រុមហ៊ុន Tesla បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន 499,550 គ្រឿង ជាមួយនឹង​បរិមាណ 180,570 គ្រឿង​ដែល​បាន​លក់​ចេញ​នៅក្នុង​ត្រីមាស​ចុងក្រោយ។ តួលេខ​សរុប​នេះ​ខ្ពស់ជាង 36% បើ​ធៀប​នឹង​ឆ្នាំ 2018។ ចំណែក​ផលិតផល​សម្រេច​ក្នុង​ឆ្នាំ 2020 គឺ 509,737 គ្រឿង ដូច្នេះ នៅសល់​ជាង 10,000 គ្រឿង​ទៀត​ដែល​មិនទាន់​ត្រូវបាន​ប្រគល់ដល់ដៃ​អតិថិជន។

ថ្វីបើ​ក្រុមហ៊ុន​របស់​មហាសេដ្ឋី Elon Musk បរាជ័យ​ក្នុង​ការលក់​ឱ្យបាន 500,000 គ្រឿងក្នុង​ឆ្នាំ 2020 ប៉ុន្តែ ពួក​គេ​នៅតែ​ទទួលបាន​ជោគជ័យ​ច្រើន ក្រោយ​រយៈពេល​មួយឆ្នាំ​ដែល​រង​ផលប៉ះពាល់​ដោយសារ Covid-19។

រថយន្ត​អគ្គិសនី​ទំនើប​របស់​ Tesla ដែល​កំពុង​អភិវឌ្ឍ​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla លោក Elon Musk បាន​សរសេរ​នៅលើ​ទំព័រ Twitter ថា៖ «មាន​មោទកភាព​ចំពោះ​ក្រុម​បុគ្គលិក Tesla ព្រោះ​បាន​ឈានដល់​ដំណាក់កាល​សំខាន់​នេះ»។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla លោក Elon Musk

ក្រុមហ៊ុន Tesla បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញថា ខ្លួន​បាន​ចំណេញ​បន្តបន្ទាប់​រហូតដល់​ត្រីមាស​ទី​ប្រាំ។ បច្ចុប្បន្ន តម្លៃ​មូល​ប​ត្រ​របស់ Tesla បាន​កើនឡើង​ជាង 700% បើ​ធៀប​នឹង​ឆ្នាំមុន។ Tesla ក៏​ក្លាយជា​សមាជិក​មួយ​នៅក្នុង​បញ្ជី S&P 500 ដែលជា​បណ្ដុំ​នៃ​ក្រុមហ៊ុន​ចំនួន 500 ដែលមាន​តម្លៃ​ទុន​ខ្ពស់​ជាងគេ​ក្នុង​ពិភព​លោក​៕

ប្រភព៖ Engadget

Advertisement