រថយន្ត​អគ្គិសនី Tesla ទើបតែ​​បើក​ហាង​​នៅ​​ប្រទេស​ចិន​សោះ លក់ដាច់​ដូច​វ៉ាក់សាំង Covid-19

Tesla បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ថ្មី​នៅ​ប្រទេស​ចិន ដែល​ត​ភ្ជាប់​ជោគជ័យ​ដ៏​ធំធេង​កាលពី​ឆ្នាំ 2020 កន្លងទៅ ដោយ​ទទួលបាន​ការបញ្ជាទិញ​រថយន្ត​អគ្គិសនី​ដល់​ទៅ 100,000 គ្រឿង ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី ក្រុមហ៊ុន Tesla បានប្រកាស​បង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី Model Y កំណែ​ចិន​ជា​ផ្លូវការ ដោយ​ដាក់លក់​ក្នុងតម្លៃ​ចាប់ពី 339,900 ដល់ 369,900 យន់ (52,570 ដល់ 57,210 ដុល្លារ​អាមេរិក)។

នៅពេល​ព័ត៌មាន​នេះ​ត្រូវ​បានប្រកាស តួលេខ​នៃ​ការបញ្ជាទិញ​រថយន្ត Tesla Model Y នៅ​ប្រទេស​ចិន បាន​កើនឡើង​លើសពី 100,000 គ្រឿង ដោយ​ប្រើពេល​ត្រឹមតែ 10 ម៉ោង​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ចំនួន​មនុស្ស​ចូល​មើល​គេហទំព័រ​របស់ Tesla ក៏​កើនឡើង​យ៉ាងខ្ពស់ បណ្ដាលឱ្យ​វា​ត្រូវ​ផ្អាក​ដំណើរការ​មួយរយៈ។ មាន​ព័ត៌មាន​មួយចំនួន​និយាយថា រថយន្ត​ថ្មី​នឹង​ត្រូវបាន​ប្រគល់ជូន​អតិថិជន​នៅក្នុង​ខែមករា ឆ្នាំ 2021 នេះ។

រថយន្ត Tesla Model Y កំណែ​ចិន មាន​រចនា​រូបរាង​ខាងមុខ​ដូច​ទៅនឹង​កំណែ​អន្តរជាតិ ប៉ុន្តែ រូបរាង​ខាងក្រោយ​គឺ​ដូច​ទៅនឹង Model 3 និង​មាន​បន្ថែម​ភាសា​ចិន​ទៅលើ​ពាណិជ្ជសញ្ញា។

Model Y កំណែ​ចិន ត្រូវបាន​បំពាក់​ម៉ាស៊ីន​កម្លាំង 431 សេះ អាច​បង្កើនល្បឿន​ពី 0 – 100 គម ដោយ​ប្រើពេល 5.1 វិនាទី ខណៈ​កំណែ Performance គឺ 3.7 វិនាទី។ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ រថយន្ត Model Y អាច​បើក​បរបាន 594 គម ចំណែក​កំណែ Performance គឺ 480 គម។

Tesla បាន​បង្កឱ្យមាន​ភាព​ជ្រួលជ្រើម​ថ្មី​នៅ​ប្រទេស​ចិន ទាក់ទង​នឹង​ការនិយម​ប្រើប្រាស់​រថយន្ត​អគ្គិសនី ដែល​នេះ​បាននិងកំពុង​បន្ត​អូសបន្លាយ​ជោគជ័យ​ដ៏​ធំធេង​របស់ខ្លួន​ដែល​ទទួលបាន​កាលពី​ឆ្នាំ 2020 កន្លងទៅ៕

ប្រភព៖ chinapev

Advertisement