ក្រុមហ៊ុន​វៀតណាម​បង្ហាញ​រថយន្ត​ស្វ័យប្រវត្ត ប្រើ​បញ្ហា​សិប្បនិម្មិត និង​ទទួល​ការបញ្ជាទិញ​ចាប់ពី​ខែឧសភា

ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម VinFast បាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​រថយន្ត​ឆ្លាត​វៃ 3 ម៉ូ​ដែល​ដំបូង​របស់ខ្លួន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI/Artificial intelligence) រួម​នឹង​កាមេរ៉ាពិសេសៗ និង​អង្គ​ញាណ​ជាច្រើន​ផងដែរ។

ក្រុមហ៊ុន VinFast ថ្មីៗនេះ​បានប្រកាស​បង្ហាញ​ម៉ូ​ដែល​រថយន្ត​ប្រភេទ SUV ឆ្លាត​វៃ​ចំនួន 3 ម៉ូ​ដែល បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​អស់​រយៈពេល 3 ឆ្នាំ។

ម៉ូ​ដែល​រថយន្ត​ខាងលើនេះ មាន​ឈ្មោះថា VF31, VF32 និង VF33 ក្នុងនោះ VF31 គឺជា​រថយន្ត​ប្រភេទ SUV ខ្នាតតូច និង​មានតែ​កំណែ​ប្រើ​អគ្គិសនី​ប៉ុណ្ណោះ ចំណែក VF32 គឺជា​ប្រភេទ SUV ខ្នាត​មធ្យម ខណៈដែល VF33 ជា​ប្រភេទ SUV ខ្នាត​ធំ។ VF32 និង VF33 សុទ្ធ​តែមាន​កំណែ​អគ្គិសនី និង​កំណែ​សាំង។

VinFast VF31

រថយន្ត​ទាំងនេះ​សុទ្ធ​តែមាន​បំពាក់​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​កម្រិត 2-3។ មុខងារ​ឆ្លាត​វៃ​ចំនួន 30 នៅលើ​ក្នុង​រថយន្ត​នេះ​ត្រូវបាន​ចែកជា 7 ប្រភេទ រួមមាន ប្រព័ន្ធ​ជំនួយការ​បើកបរ​ឆ្លាត​វៃ ប្រព័ន្ធគ្រប់គ្រង​គន្លង​ចរាចរណ៍ ប្រព័ន្ធគ្រប់គ្រង​ការធ្វើដំណើរ ប្រព័ន្ធ​ព្រមាន​ការប៉ះទង្គិច​ពហុ​ទិស ប្រព័ន្ធ​កាត់បន្ថយ​បញ្ហា​ប៉ះទង្គិច​ទូទៅ ប្រព័ន្ធ​ចូល​ចត​ស្វ័យប្រវត្តិ​ឆ្លាត​វៃ និង​ប្រព័ន្ធ​តាមដាន​អ្នកបើកបរ។

កំណែ​លំដាប់​ខ្ពស់​របស់ VF31, VF32 និង VF33 ក៏​សុទ្ធ​តែមាន​អង្គ​ញាណ LiDAR កាមេរ៉ា​មើលឃើញ​ឧបសគ្គ​រយៈ​ចម្ងាយ 687 ម៉ែត្រ ចំនួន 17 គ្រាប់ និង​អង្គ​ញាណ 360 អង្សា​ចំនួន 19 គ្រាប់​ដែល​អនុញ្ញាតឱ្យ​ព្រមាន និង​ចាត់ការ​នៅក្នុង​ល្បឿន​លើសពី 100 គម/ម៉ោង។

VinFast VF32

កំណែ​លំដាប់​ខ្ពស់​របស់​ម៉ូ​ដែល​រថយន្ត​ទាំងនេះ​ក៏ត្រូវ​បាន​បំពាក់​បន្ថែម​នូវ​មុខងារ​បើកបរ​ស្វ័យប្រវត្តិ​កម្រិត 4 មួយចំនួនទៀត ដូចជា ការបង្កើត​ផែនទី 3 ទិស​ស្វ័យប្រវត្ត រួម​នឹង​មុខងារ​ត​ភ្ជាប់​ប្រព័ន្ធ​ចរាចរណ៍​ឆ្លាត​វៃ។

តាម​គម្រោង VF31 កំណែ​ស្ដង់ដា​នឹង​ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​នៅ​វៀតណាម ចាប់ពី​ខែឧសភា ឆ្នាំ 2021 និង​ប្រគល់ជូន​ដល់ដៃ​អតិថិជន​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2021។ VF32 និង VF33 នឹង​ទទួល​ការបញ្ជាទិញ​នៅ​វៀតណាម​ចាប់ពី​ខែកញ្ញា ឆ្នាំ 2021 និង​ប្រគល់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ 2022 ខណៈ​នៅ​អាមេរិក កាណាដា និង​អឺរ៉ុប ទទួល​ការបញ្ជាទិញ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2021 និង​ប្រគល់​ចាប់ពី​ខែ មិថុនា ឆ្នាំ 2022៕

VinFast VF33

ក្រៅពី​មាន​រោងចក្រ​ទំនើប​លេចធ្លោ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ប្រចាំ​នៅ​វៀតណាម ក្រុមហ៊ុន VinFast បច្ចុប្បន្ន​មាន​បណ្ដាញ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ R&D (Research and development)  នៅ​អូស្ត្រាលី អាល្លឺម៉ង់ និង​អាមេរិក និង​មជ្ឈមណ្ឌល​ធ្វើតេស្ត​រថយន្ត​ទំនើប​នៅ​អូស្ត្រាលី​ផងដែរ៕

ប្រភព៖ Vingroup, Taiwannews

Advertisement