ប្រធានស្ដីទី​នៃ​ក្រុមហ៊ុន Samsung យល់ព្រម​ទទួលទោស​ជាប់ពន្ធនាគារ 18 ខែ

លោក Lee Jae-yong ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ 2017

នៅក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ថ្ងៃទី 25មករា មេធាវី​របស់​អនុប្រធាន និង​ជា​ប្រធានស្ដីទី​របស់​ក្រុមហ៊ុន Samsung បាន​អះអាងថា លោក Lee Jae-yong  បាន «បន្ទាបខ្លួន​ទទួលយក» សាលក្រម​តុលាការ​ដែល​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 30 ខែ។

យោងតាម Bloomberg អ្នក​ស្នង​មរតក Samsung លោក Lee Jae-yong បានសម្រេច​ចិត្ត​មិន​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការកាត់ក្ដី​របស់​តុលាការក្រុង​សេ​អ៊ូ​ល​នោះទេ។ ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ថ្ងៃទី 25 មករា មេធាវី​របស់លោក Lee បាន​បញ្ជាក់ថា កូនក្ដី​របស់ខ្លួន​បាន «ដាក់ខ្លួន​ទទួលយក» ការកាត់ក្ដី​របស់​តុលាការ និង​យល់ព្រម​ជាប់ពន្ធនាគារ​រយៈពេល 18។

កាលពី​សប្ដាហ៍​មុន តុលាការ​ជាន់ខ្ពស់​នៃ​ទីក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​បានប្រកាស​សាលក្រម​ដាក់ពន្ធនាគារ​ចំពោះ​លោក Lee រយៈពេល 2.5 ឆ្នាំ ព្រោះតែ​អំពើពុករលួយ។ ប៉ុន្តែ លោក Lee ដែលជា​អនុប្រធាន និង​ជា​ប្រធានស្ដីទី​របស់​ក្រុមហ៊ុន Samsung នឹងត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ​ត្រឹមតែ 18 ខែ​ប៉ុណ្ណោះ ដោយសារ​មុននេះ លោក​បាន​អនុវត្តតាម​សាលក្រម​បាន 1 ឆ្នាំ មុនពេល​ត្រូវបាន​ដោះលែង​កាលពី​ខែកុម្ភៈ ឆ្នាំ 2018។

ដំបូង​ឡើយ ក្រុម​ចៅក្រម​កូរ៉េខាងត្បូង​បានស្នើ​ឱ្យ​ដាក់ពន្ធនាគារ 9 ឆ្នាំ ចំពោះ​លោក Lee។ ប៉ុន្តែ សារព័ត៌មាន Yonhap Television News បានឱ្យដឹងថា ក្រុម​ចៅក្រម ក្រោយមក មិនបាន​ជំទាស់​នឹង​ការ​ស្នើឱ្យ​ដាក់ទោស​ជាប់ពន្ធនាគារ​រយៈពេល 2.5 ឆ្នាំ សម្រាប់​លោក Lee នោះដែរ។

សាលក្រម​នេះ​បានបញ្ចប់​ករណី​អាស្រូវ​ពុករលួយ​ដែល​បានអូសបន្លាយ​ពេល​អស់​ជាច្រើន​ឆ្នាំ ទាក់ទង​នឹង​ករណី​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​ត្រូវ​បាត់បង់​តំណែង។ លោក Lee ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់​ប្រាក់​សរុប​ចំនួន 8.6 ពាន់​លាន​វ៉ុ​ន (7.8 លាន​ដុល្លារ​អាមេរិក) ទៅឱ្យ​អតីត​ប្រធានាធិបតី Park Geun-hye និង​មិត្ត​ជិតស្និទ្ធ​របស់លោក​ស្រី គឺ​អ្នកស្រី Choi Soon-sil ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរ​សេ​អ៊ូ​ល ក្នុង​បំណង​ពង្រីក​អំណាច​គ្រប់គ្រង Samsung។

ភាគី​ខាង​ក្រុមហ៊ុន Samsung Electronics មិន​ធ្វើ​អធិប្បាយ​អ្វី​ទាក់ទង​នឹង​ការសម្រេច​មិន​ប្ដឹង​ឡើង​ឧទ្ធរណ៍​របស់លោក Lee នោះទេ ខណៈ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ កាលពី​ថ្ងៃទី 25 មករា បាន​កើន 3% នៅក្នុង​ផ្សារ​ហ៊ុន​សេ​អ៊ូ​ល បន្ទាប់ពី​បាន​កើន​ជាង 40% ក្នុង​ឆ្នាំ 2020។

អវត្តមាន​របស់លោក Lee នៅក្នុង​ក្រុមហ៊ុន អាចធ្វើឱ្យ​មានការ​យឺតយ៉ាវ ឬ​ស្មុគស្មាញ​ចំពោះ​ខ្ទង់​វិនិយោគធំៗ ឬ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​ក្រុមហ៊ុន​នេះ។ លោក Lee បាន​ដើរតួនាទី​វិជ្ជមាន​មួយ​នៅក្នុង​ក្រុមហ៊ុន ដោយ​លោក​តែង​ចូលរួម​ក្នុង​ព្រឹត្តិ​​ការណ៍​​បើកចំហ និង​ព្រឹត្តិ​ការណ៍​​ដែល​ទាក់ទង​នឹង​រដ្ឋាភិបាល​ជាដើម ក្រោយពី​លោក​បាន​ចេញពី​ពន្ធនាគារ​កាលពី​ឆ្នាំ 2018៕

ប្រភព៖ Bloomberg

Advertisement