មិន​នឹកស្មានថា អាច​​រកបាន​ប្រាក់​​ខ្ទង់​សែន​ដុល្លារ/ខែ ក្រោយពី​បាត់បង់​ការងារ​ជាជាង​កាត់​ស​ត់ ដោយសារ Covid-19! តើ​មាន​អ្វី​ជាពិសេស និង​អាថ៌កំបាំង​នៃ​ជោគជ័យ​នេះ?

កំលោះ​ Ben Gulliver

វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស Covid-19 បាន និង​កំពុង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ធ្លាក់ខ្លួន​ក្រ​ដោយសារ​គ្មាន​ការងារ​ធ្វើ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​បានក្លាយ​ជា​អ្នកមាន​ដោយសារ​វីរុស​នេះដែរ។

កំលោះ Ben Gulliver អាយុ 20 ឆ្នាំ ដើមឡើយ​គឺជា​បុគ្គលិក​នៅ​ហាង​កាត់​ស​ត់ Advanced Hair Studio នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស។ ខែមីនា ឆ្នាំ 2020 កំលោះ Ben បាន​ក្លាយជា​មនុស្ស​គ្មាន​ការងារ​ធ្វើ ដោយសារតែ​រដ្ឋាភិបាល​ដាក់​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់ Covid-19។

ក្នុងពេល​នៅផ្ទះ Ben មានគំនិត​រកស៊ី​ដោយ​ខ្លួនឯង។ ភ្លាមនោះ គាត់​ក៏​ចូលទៅ​កាន់​ទំព័រ Youtube ដើម្បី​ស្រាវជ្រាវ​ឱ្យដឹងថា ខ្លួន​គួរតែ​លក់​អ្វីខ្លះ។ Ben និយាយថា៖ «ខ្ញុំ​បានគិត​ដល់​ផលិតផល​ដែល​ល្អ ផលិតផល​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ»។

ក្នុង​បន្ទប់​គេង​ដ៏​តូច​របស់ខ្លួន Ben ចាប់ផ្ដើម​ស្វែងរក​ប្រភព​ទំនិញ​ដែល​ទាក់ទង​នឹង​ការសម្អាត​មាត់​ធ្មេញ ដែលមាន​ប្រភពពី​ចិន ហើយ​ក្រោយមក​គឺ​ម៉ាស៊ីន​ធ្វើ​លំ​ហាត់ប្រាណ និង​ប៉ាន់តែ។ល។ ដូច​អ្វីដែល​ខ្លួន​បានគិត ផលិតផល​ទាំងនេះ​សុទ្ធតែ​ទទួលបាន​ការ​ជាវ​យ៉ាងច្រើន ដែល​នេះ​បាន​នាំឱ្យ Ben រកបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​សន្ធឹក។

ខែ​ខ្លះ Ben លក់បាន​ប្រាក់​ជាង 2 សែន​ផោន (ប្រហែល 273,828 ដុល្លារ​អាមេរិក) ហើយ​មាន​ខែ​ខ្លះ​ក៏​រកបាន​ជាង 1 សែន​ផោន (136,914 ដុល្លារ) ក្នុង​រយៈពេល​តែ 10 ថ្ងៃ។

Ben បង្ហើប​ឱ្យដឹងថា៖ «យើង​ចែកចាយ​ផលិតផល​តាមរយៈ​ផ្សារ​អន​ឡាញ Amazon ហើយ​យើង​លក់ទំនិញ​ទូទាំង​ពិភព​លោក ចាប់ពី​អាមេរិក អាហ្វ្រិក រហូតដល់​អាស៊ី។ មកដល់​បច្ចុប្បន្ន ខ្ញុំ​រកបាន​ជាង 1 លាន​ដុល្លារ​អាមេរិក នេះ​គឺជា​ប្រាក់ចំណូល មិនមែន​ប្រាក់ចំណេញ​នោះទេ ប៉ុន្តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​នឹង​ជោគជ័យ​នេះ»។

Ben បន្តថា «ខ្ញុំ​ចង់​ជួយ​ដល់​យុវវ័យ​ក្នុងការ​ចាប់ផ្ដើម​ការរក​ស៊ី​ផ្ទាល់ខ្លួន និង​ផ្ដល់យោបល់​ដល់​ពួកគេ។ អ្វីដែល​ពួកគេ​ត្រូវការ នោះ​គឺ​កម្លាំងចិត្ត​ដើម្បី​ចាប់ផ្ដើម»។

«ឱ្យតែ​អ្នកមាន​កុំព្យូទ័រ​យួរដៃ ឬ​ទូរស័ព្ទ​មួយគ្រឿង និង​មានភ្ជាប់​អ៊ី​ន​ធើ​ណិ​ត អ្នក​អាចបង្កើត​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង។ ចូរ​កុំ​បោះបង់​អ្វីមួយ​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​អ្នក»។ ប្រការ​មួយគត់​ដែល Ben ចង់​ផ្ដាំ​ដល់​គ្រប់គ្នា នោះ​គឺ «ការប្ដេជ្ញាចិត្ត» ព្រោះថា វា​អាចជួយ​ឱ្យ​ពួកគេ​បង្កើតបាន​នូវ​ប្រការ​ខុសប្លែក​ពីមុន។

Ben បាន​លក់​ការងារ​អាជីវកម្ម​ផ្នែក​លក់​ម៉ាស៊ីន​សម្អាត​ធ្មេញ​ទៅឱ្យ​អ្នកវិនិយោគ​ជនជាតិ​អាមេរិក​ម្នាក់​ក្នុងតម្លៃ​ខ្ទង់លាន​ដុល្លារ​អាមេរិក ក្រោយពី Ben លក់ទំនិញ​អស់​រាប់ពាន់​មុខ​នៅក្នុង​អំឡុង​មាន​បម្រាម​គោចរ។

កាលពី​នៅ​ក្មេង Ben ធ្លាប់ «ធ្វើ​ជំនួញ» តូចតាច ដោយ​ទិញ​ស្ករ​គ្រាប់​មាន​ដង​តម្លៃ 15 កាក់ រួច​លក់​ឱ្យ​មិត្តភក្ដិ​ក្នុងតម្លៃ 1 ផោន។ អាយុ 14 ឆ្នាំ Ben ធ្លាប់​រកបាន 1,000 ផោន (ជាង 1,000 ដុល្លារ​អាមេរិក) ពី​ការលក់​ខោអាវ ក្នុង​រយៈពេល 1 ខែ។

Ben បាន​ប្រាប់ថា ក្រោយពី​បញ្ចប់​ការសិក្សា​កម្រិត​មធ្យម​ក្នុង​វ័យ 16 ឆ្នាំ គាត់​ធ្លាប់​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​បទពិសោធន៍​ថ្មី។ «ពេលនោះ ខ្ញុំ​នឹក​ផ្ទះ​ណាស់ ប៉ុន្តែ បទពិសោធន៍​នៅទីនេះ​ពិតជា​អស្ចារ្យ។ ខ្ញុំ​រៀន​បាន​ប្រការ​ជាច្រើន ហើយ​ប្រការ​ធំធេង​ដែល​ខ្ញុំ​ប្រមូលបាន នោះ​គឺ​ទំនាក់ទំនង»៕

ប្រភព៖ Birminghammail

Advertisement