លោក Andy Jassy អ្នកស្នងតំណែង CEO របស់ Amazon

លោក​ Jeff Bezos (ស្ដាំ) និង​លោក​ Jassy

នៅពេល Jeff Bezos ចាក​ចេញពី​តំណែង​អគ្គនាយក​ប្រតិបត្តិ លោក Andy Jassy ដែលជា​អ្នកបើក​ផ្លូវ​ឱ្យ​យុគសម័យ cloud-computing នៅ Amazon នឹង​ចូលមក​គ្រប់គ្រង​តំណែង CEO នេះ។

ក្រុមហ៊ុន Amazon បានប្រកាស​ឱ្យដឹងថា ក្រោយ​រយៈពេល 27 ឆ្នាំ ស្ថាបនិក Jeff Bezos នឹង​លែង​ជា CEO របស់​ក្រុមហ៊ុន​នេះ​ទៀតហើយ ចាប់ពី​ត្រីមាស​ទី​បី ឆ្នាំ 2021។ នេះ​គឺជា​លើកដំបូង​ដែល​លោក Bezos ប្រគល់​សិទ្ធិ​ចាត់ចែង​ក្រុមហ៊ុន​ទៅឱ្យ​អ្នកផ្សេង រាប់​ចាប់ពី Amazon នៅ​ជាឃ្លាំង​សៀវភៅ​អន​ឡាញ​ដ៏​តូច​មួយ​កាលពី​ខែកក្កដា ឆ្នាំ 1994។

Andy Jassy កើត​ឆ្នាំ 1968 បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន Amazon ចាប់ពី​ឆ្នាំ 1997 បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​សាលា​ពាណិជ្ជកម្ម Harvard (HBS)។ «ខ្ញុំ​បាន​ចូលរួម​ប្រលង​លើកចុងក្រោយ​នៅ HBS ក្នុង​ថ្ងៃ​សុក្រ​ដំបូង​នៃ​ខែឧសភា ឆ្នាំ 1997។ ខ្ញុំ​បាន​ចូលធ្វើការ​នៅ Amazon នៅ​ថ្ងៃ​ចន្ទ​នៃ​សប្ដាហ៍​បន្ទាប់​នោះ។ ពេលនោះ សូម្បីតែ​ការងារ ឬ​តំណែង​សម្រាប់​ខ្ញុំ ក៏​ខ្ញុំ​មិនបាន​ដឹង​ដែរ» Jassy ធ្លាប់បាន​ប្រាប់ HBS កាលពី​ខែកញ្ញា ឆ្នាំ 2020។

ឆ្នាំ 2006 Jassy បាន​ចូលរួម​បង្កើត Amazon Web Services (AWS) ជា​សេវាកម្ម​រក្សា​ទិន្នន័យ (cloud-computing) ដែល​កំពុង​ត្រូវបាន​ក្រុមហ៊ុន សាលារៀន និង​រដ្ឋាភិបាល​រាប់លាន​ស្ថាប័ន​ក្នុង​ពិភពលោក​ប្រើប្រាស់​ដើម្បី​ដំណើរការ​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ (app)។ Jassy កាន់តំណែង​ជា CEO របស់ AWS ចាប់ពី​ឆ្នាំ 2016 ប៉ុន្តែ បច្ចុប្បន្ន Amazon មិនទាន់បាន​ប្រកាស​អំ​ពី​អ្នក​ដែល​ត្រូវ​ឡើងមក​ជំនួស​តំណែង​របស់លោក​នៅឡើយ ក្រោយពី​លោក​ក្លាយជា CEO របស់ Amazon។

លោក Andy Jassy ជាអ្នកស្នងតំណែង CEO របស់ Amazon

ល្បីឈ្មោះ​ជា​គេហទំព័រ​ផ្សារ​អន​ឡាញ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ប៉ុន្តែ ប្រភព​ចំណូល​ធំ​បំផុត​របស់ Amazon បែរជា​បានមកពី AWS ទៅវិញ។ Amazon បាន​យកឈ្នះ​លើ​ក្រុមហ៊ុនធំៗជាច្រើន ដូចជា Microsoft និង Oracle ជាដើម និង​កំពុង​កាន់កាប់ 30% នៃ​ចំណែក​ទីផ្សារ​ក្នុង​វិស័យ cloud-computing។

លោក Jassy ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកមាន​ការយល់ដឹង​ច្បាស់​អំពី​បច្ចេកទេស​លម្អិត និង​ជាទី​ប្រឹក្សា​របស់ Bezos។ ​ជួន​កាល​​លោក​ក៏​ឡើង Twitter ចែករំលែក​អំពី​ការយល់ឃើញ​ផ្ទាល់ខ្លួន​ចំពោះ​បញ្ហា​នានា​ក្នុងសង្គម​ផងដែរ។

នៅក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​បុគ្គលិក Amazon លោក Jeff Bezos ធ្លាប់បាន​អះអាងថា លោក «ជឿជាក់​ទៅលើ Andy Jassy ទាំងស្រុង ដោយ​ថា Jassy នឹង​ជា​អ្នកដឹកនាំ​ពូកែ​បំផុត»។ អ្នកវិភាគ Dan Ives ក៏​ធ្លាប់បាន​អធិប្បាយ​ថា Jassy គឺជា «មេដឹកនាំ​ម្នាក់​ដែលមាន​អំណាច​បំផុត» មិន​ត្រឹមតែ​នៅក្នុង​វិស័យ​រក្សា​ទិន្នន័យ​ប៉ុណ្ណោះ​ទេ តែ​នៅក្នុង​ពិភព​ជំនួញ​ទៀតផង។

លោក Jassy ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់បំផុត​នៅក្នុង​ក្រុមហ៊ុន Amazon ដោយ​ទទួលបាន 20 លាន​ដុល្លារ​ក្នុងអំឡុង 3 ឆ្នាំ​កន្លងទៅនេះ។ ប្រភពព័ត៌មាន​មួយចំនួន​បានឱ្យដឹងថា Microsoft និង Uber ក៏​ធ្លាប់បាន​បញ្ចុះបញ្ចូល Jassy ឱ្យមក​ធ្វើជា CEO នៃ​ក្រុមហ៊ុន​ទាំងនេះ​ផងដែរ៕

ប្រភព៖ NYT

Advertisement