WTO ជិត​មាន​អគ្គនាយិកា​ស្បែក​ខ្មៅ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​សារ​​គូប្រជែង​បាន​ដកខ្លួន

លោក​ស្រី Ngozi Okonjo-Iweala

លោកស្រី Ngozi Okonjo-Iweala មកពី​ប្រទេស​នី​ហ្សេ​រី (Nigeria) នឹង​ក្លាយជា​ស្ត្រី​ដំបូង​គេ និង​ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​គេ​ដែល​ដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដោយសារ​គូប្រជែង​មកពី​កូរ៉េខាងត្បូង​បាន​ដកខ្លួន។

លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 5 កុម្ភៈ បានប្រកាស​ដកខ្លួន​ចេញពី​ការប្រកួត​ដណ្ដើម​តំណែង​អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ លោកស្រី Yoo Myung-hee និង​លោកស្រី Ngozi Okonjo-Iweala គឺជា​បេក្ខភាព​ចុងក្រោយ​នៅក្នុង​ការ​ប្រជែង​នេះ។

លោកស្រី Ngozi Okonjo-Iweala ដែលជា​អ្នកសេដ្ឋកិច្ច និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា ទទួលបាន​ការគាំទ្រ​ពី​សមាជិកសំខាន់ៗរបស់ WTO មានដូចជា ចិន អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី។ ប៉ុន្តែ សហរដ្ឋអាមេរិក​បែរ​ជា​គាំទ្រ​បេក្ខភាព Yoo Myung-hee មកពី​កូរ៉េខាងត្បូង​ទៅវិញ បណ្ដាលឱ្យ​ការជ្រើសរើស​ជួប​ការលំបាក ដោយសារតែ​ការជ្រើសរើស​មេដឹកនាំ​ថ្មី ទាមទារ​ឱ្យមាន​ការយល់ព្រម​ពី​សមាជិក​ទាំង​អស់នៃ​អង្គការ​នេះ។ ការជ្រើសរើស​លោកស្រី Okonjo-Iweala អាច​ត្រូវ​ចំណាយពេល​ច្រើន​បន្ថែមទៀត ពោលគឺ​រហូតដល់​អាមេរិក​មាន​តំណាង​ថ្មី។

លោក​ស្រី Yoo Myung-hee

ការសម្រេចចិត្ត​ដកខ្លួន​របស់លោក​ស្រី Yoo Myung-hee ត្រូវបាន​ធ្វើឡើង​ក្រោយពី​បាន​ប្រឹក្សា​យោបល់​ជាមួយ​សហរដ្ឋ​​អាមេរិក។ លោកស្រី​ថា WTO មិនមាន​មេដឹកនាំ​អស់​ពេល​ជា​យូរ​មកហើយ ចាប់តាំងពី​លោក Roberto Azevedo បាន​ចាក​ចេញពី​តំណែង​នេះ​កាលពី​ខែសីហា ឆ្នាំ 2020 ឆាប់​ជាង​មួយឆ្នាំ​បើ​ធៀប​នឹង​ផែនការ។ ការចាកចេញ​របស់លោក Roberto Azevedo ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល WTO កំពុង​ជាប់គាំង​នៅក្នុង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ចិន និង​​សហរដ្ឋ​​អាមេរិក។

អតីត​រដ្ឋាភិបាល​រប​ស់លោក Trump បាន​រិះ​យ៉ាងខ្លាំង​ក្លា និង​មិន​អើពើ​ដល់​តួនាទី​របស់​អង្គការ​នេះ ក្នុង​បំណង​យកពន្ធ​លើ​ការនាំ​ចូល​ពី​កាណាដា ម៉ិ​ក​ស៊ិ​ក ចិន និង​អឺរ៉ុប។ ដូច្នេះ លោកស្រី Ngozi Okonjo-Iweala នឹង​ជួប​ការលំបាក​ខ្លាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ខាងលើ។

លោកស្រី Ngozi Okonjo-Iweala បានធ្វើ​ការឱ្យ​ធនាគារពិភពលោក (WB) អស់​រយៈពេល 25 ឆ្នាំ ក្នុងតួនាទី​ជា​អ្នកសេដ្ឋកិច្ច និង​អភិវឌ្ឍ​ពិភពលោក។ ក្រោយមក បន្តិចម្ដងៗ លោកស្រី​ក៏បាន​ឈាន​ចូលទៅ​ក្បែរ​តំណែង​ជា​មេដឹកនាំ​នៃ​អង្គការ WTO។ លោកស្រី​ក៏​ជា​ប្រធាន Gavi ដែលជា​អង្គការ​មួយ​កំពុង​ជួយ​ដល់​ការ​ចែកចាយ​វ៉ាក់សាំង Covid-19 នៅ​ទូទាំង​​ពិភព​​លោក និង​ទើបតែ​បានបញ្ចប់​អាណត្តិ​របស់លោក​ស្រី កាលពី​ខែធ្នូ ឆ្នាំ 2020៕

ប្រភព៖ CNN

Advertisement