Apple Car! ក្រោយ​ពី​មាន​ដំណឹងចចាមអារ៉ាម ទាំង Hyundai ទាំង Kia សុទ្ធតែបដិសេធរឿងសហការជាមួយ Apple

ក្រុមហ៊ុន Apple របស់​សហរដ្ឋអាមេរិក កំពុងតែ​ពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​យ៉ាងតិច​ចំនួន 6 អំពី​​កិច្ចសហការ​ដើម្បី​អភិវឌ្ឍ​រថយន្ត Apple Car ប៉ុន្តែ​ពេលនេះ ទាំង Hyundai ទាំង Kia សុទ្ធតែ​បាន​ច្រាន​ចោល​ដំណឹង​ចចាមអារ៉ាម​ដែលថា ខ្លួន​នឹង​សហការ​ជាមួយ Apple។

យោងតាម​សារព័ត៌មាន Bloomberg ក្រុមហ៊ុន Hyundai Motor និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Kia Motors របស់ Hyundai សុទ្ធតែ​បាន​បញ្ជាក់ថា មិនបាន​ពិភាក្សា​អ្វី​ជាមួយនឹង​ក្រុមហ៊ុន Apple អំពី​ការសហការ​ផលិត​រថ​យន្ត​អគ្គិសនី​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នោះទេ។ នេះ​គឺជា​ការអះអាង​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ក្រោយ​មាន​ដំណឹង​ចចាមអារ៉ាម​ជាច្រើន​ដែល​ត្រូវបាន​សារព័ត៌មាន​នានា​ចុះផ្សាយ​នាពេល​កន្លងមក។

ប្រភពព័ត៌មាន​ឱ្យដឹងថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​កូរ៉េខាងត្បូង កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​អំពី​ការអភិវឌ្ឍ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ប៉ុន្តែ​សេចក្ដីសម្រេច​ចុងក្រោយ​មិនទាន់​ត្រូវបាន​ប្រកាស​នៅ​ឡើយ។ Hyundai និយាយថា ទាំងនេះ​គ្រាន់តែ​ជាការ​ពិភាក្សា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន​មួយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Bloomberg និយាយថា Apple បាន​ផ្អាក​ការចរចា​ជាមួយនឹង Hyundai និង Kia កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន។ ក៏ប៉ុន្តែ សារព័ត៌មាន Nikkei បាន​អះអាងថា Apple កំពុងតែ​ចរចា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​យ៉ាងតិច​ចំនួន 6 ទាក់ទង​នឹង​ការអភិវឌ្ឍ និង​ផលិត​រថយន្ត​អគ្គិសនី Apple Car។

ផែនការ​របស់ Apple សម្រាប់​ការផលិត​រថយន្ត​អគ្គិសនី​កំពុងស្ថិត​ក្នុង​ភាពអាថ៌កំបាំង ក៏ប៉ុន្តែ​ពួកគេ​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង។ មូលហេតុ​គឺ​ដោយសារ គម្រោង Apple Car មាន​សក្ដានុពល​ក្នុងការ​ផ្លាស់ប្ដូរ​វិស័យ​ឧស្សាហកម្ម​រថយន្ត ពោលគឺ​ដូច​ទៅនឹង​វិធី​ដែល iPhone និង iPods បាន​ផ្លាស់ប្ដូរ​ទីផ្សារ​ទូរស័ព្ទ​យ៉ាង​ដូច្នោះ​ដែរ៕

ប្រភព​៖ Bloomberg

Advertisement