មហា​សេដ្ឋិនី​វ័យក្មេង​បំផុត ប្រចាំ​​ទឹក​ដី​អាមេរិក៖ ធ្វើ​ជំនួញ​ជាមួយ​ជំនាញ​នៅ​ក្នុង​ចំណូល​ចិត្ត​នឹង​ជួយ​ឱ្យយើង​ជោគ​ជ័យ​

នាង Whitney Wolfe Herd អាយុ 31 ឆ្នាំ បច្ចុប្បន្ន​មាន​ទ្រព្យ​ 1.5​ ពាន់​លាន​ដុល្លារ​អាមេរិក

នាង Whitney Wolfe Herd អាយុ 31 ឆ្នាំ កាលពីដើម​ខែកុម្ភៈ​នេះ បានក្លាយ​ជាម​ហា​សេដ្ឋិនី​រកស៊ី​មានបាន​ដោយ​ខ្លួនឯង​ក្នុង​វ័យ​នៅ​ក្មេង​ជាងគេ ក្រោយពី​កម្មវិធី (app) ណាត់ជួប​គ្នា ឈ្មោះ Bumble ដែល​នាង​បាន​បង្កើតឡើង ត្រូវបានធ្វើ IPO។

យោងតាម​ឯកសារ​ដែល​បាន​ផ្ញើ​ទៅកាន់​ផ្សារ​ហ៊ុន ជាមួយនឹង​ភាគហ៊ុន 11.6% នៅក្នុង​ក្រុមហ៊ុន នាង Wolfe Herd បច្ចុប្បន្ន​មានទ្រព្យ 1.5 ពាន់​លាន​ដុល្លារ និង​ជាម​ហា​សេដ្ឋិនី​វ័យក្មេង​បំផុត​នៅ​សហរដ្ឋអាមេរិក។ នាង​ក៏​ជា CEO ក្មេង​បំផុត​ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​ចូល​ផ្សារ​ហ៊ុន​នៅ​ប្រទេស​នេះ​ផងដែរ។

Bumble គឺជា​កម្មវិធី​ណាត់ជួប​គ្នា​ធំ​ទី​ពីរ​ដែល​បានធ្វើ IPO (បោះ​ផ្សាយលក់​​មូល​បត្រ​ជា​សាធារណៈ​លើក​ដំបូង​) បន្ទាប់ពី Match Group ដែលជា​ក្រុមហ៊ុនមេ​របស់ Match.com ឆ្នាំ 2015។ Match Group ក៏​ជា​អ្នកកាន់កាប់ Tinder និង​ធ្លាប់​ព្យាយាម​ទិញ Bumble កាលពី​ឆ្នាំ 2017 ក្នុងតម្លៃ 450 លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន តម្លៃ​មូលធន​ទីផ្សារ​របស់ Bumble ត្រូវបាន​កំណត់​ត្រឹម 8.3 ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​រកបាន​ចំណូល 417 លាន​ដុល្លារ​ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2020 កើនឡើង​ច្រើន​ធៀប​នឹង 363 លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ 2019។

នាង Wolfe Herd បាន​បង្កើត Bumble ក្នុង​ឆ្នាំ 2014 ក្រោយពី​បាន​ប្ដឹង Tinder (ក្រុមហ៊ុន​ចាស់​របស់ខ្លួន) ដោយសារតែ​បញ្ហា​បៀតបៀន​កេរ្ដិ៍ខ្មាស។ Wolfe Herd បាន​ចោទប្រកាន់ថា អតីត​ចៅហ្វាយ​របស់​នាង គឺ​លោក Justin Mateen បាន​គំរាមកំហែង និង​ដកតំណែង​សហ​ស្ថាបនិក Tinder របស់​នាង។ Tinder ក្រោយមក​ក៏បាន​បដិសេធ ហើយ​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​អាថ៌កំបាំង។

ក្រោយពី​បាន​ចាក​ចេញពី Tinder នាង Wolfe Herd បាន​សហការ​ជាមួយ​មហាសេដ្ឋី Andrey Andreev (ជា​អ្នក​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការកសាង​កម្មវិធី​ណាត់ជួប​នៅក្នុង​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​ឡាទីន) ដើម្បី​បង្កើត Bumble ក្នុង​ឆ្នាំ 2014។ នៅលើ​ថ្នាល Bumble មានតែ​ស្ត្រី​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​អាទិភាព។ ប្រការនេះ​គឺ​ផ្ទុយ​ពី Tinder រួម​នឹង​កម្មវិធី​ណាត់ជួប​ដទៃទៀត។

Andreev ចាក​ចេញពី​ក្រុមហ៊ុន​កាលពី​ឆ្នាំ 2019 ក្រោយពី Forbes បាន​ចុះផ្សាយ​ការស៊ើបអង្កេត​មួយ​ដែល​ចោទប្រកាន់ថា មានការ​រើសអើង​ស្ត្រីភេទ​នៅក្នុង​ការិយាល័យ​នាទី​ក្រុង​ឡុង​ដ៍ ជា​កន្លែង​ដែល Andreev ទទួលខុសត្រូវ។ បញ្ហា​នេះ​គឺ​ដើរ​បញ្ច្រាស​នឹង​គោលការណ៍​របស់ Bumble។ ក្រុមហ៊ុន​បានធ្វើការ​ស៊ើបអង្កេត និង​បានប្រកាសថា ព័ត៌មាន​នេះ​មិន​ពិត។

ឆ្នាំ 2020 Blackstone Group បាន​ទិញ​ភាគហ៊ុន​របស់លោក Andreev នាំឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Bumble កើន​ដល់ 3 ពាន់​លាន​ដុល្លារ​អាមេរិក។ Bumble គ្រប់គ្រង​ទាំង​កម្មវិធី​ណាត់ជួប​មួយទៀត​ដែលមាន​ឈ្មោះថា Badoo។ បច្ចុប្បន្ន app ទាំងពីរ​នេះ​មាន​វត្តមាន​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 150 ក្នុង​ពិភពលោក និង​មាន​អ្នកប្រើប្រាស់​ជាង 40 លាន​នាក់​ជា​រៀងរាល់ខែ។

លោក Andrey Andreev និង​នាង​​ Whitney Wolfe Herd

វិថី​ទៅកាន់​ជោគជ័យ​របស់ Wolfe Herd មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ ប៉ុន្តែ នាង​យល់ថា គ្រប់គ្នា​អាច​ចាប់ផ្ដើម​ធ្វើ​ជំនួញ និង​ជោគជ័យ​បាន​ដូចគ្នា។ «ដំបូង ចូរ​ស្វែងរក​ឱ្យឃើញ​នូវ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន។ បើសិនជា​អ្នក​ពិតជា​មានចំណេះដឹង​ក្នុង​វិស័យ​ណាមួយ អ្នកនឹង​រកឃើញ​វិធី​ដើម្បី​ធ្វើ​ជំនួញ» នាង Wolfe Herd បាន​ប្រាប់ CNBC ដូច្នេះ។ នាង​បន្តថា៖ «ឧទាហរណ៍ អ្នក​គឺជា​ចុងភៅ​ឆ្នើម​ម្នាក់ ដូច្នេះ ចូរ​បង្កើត blog មួយ និង​និយាយ​អំពី​វិធី​ច​ម្អិ​ត​អាហារ ហើយ​ចាប់ផ្ដើម​លក់​រូបមន្ត»។

កាលពី​ឆ្នាំ 2017 Wolfe Herd ត្រូវបាន Forbes បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជី 30 Under 30 នៅក្នុង​វិស័យបច្ចេក​វិទ្យា​​សម្រាប់​ឯក​ជន​ភាព​ (Consumer technology)។ Bumble ក៏បាន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង​នៅក្នុង​ថ្ងៃ​ជួញដូរ​ដំបូង នៅពេល​មូល​ប​ត្រ​បាន​ឡើងថ្លៃ​ជិត​ទ្វេដង​នៃ​តម្លៃ IPO៕

ប្រភព៖ CNBC, Forbes
ប្រែសម្រួល​៖ បុត្រា

Advertisement