ផ្សារ​ជួញដូរ​ប្រាក់​អេឡិចត្រូនិក​ធំជាងគេ​ក្នុង​ពិភពលោក Coinbase ធ្វើ IPO

បច្ចុប្បន្ន អ្នកវិនិយោគ​លើ​រូបិយវត្ថុ​អេឡិចត្រូនិក​ជាង 43 លាន​នាក់ នៅក្នុង​ប្រទេស​ចំនួន​ជាង 100 កំពុង​ប្រើប្រាស់​ផ្សារ​ជួញដូរ Coinbase។

ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase បានដាក់​ពាក្យស្នើសុំ​ធ្វើ IPO (បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង) ប្រការនេះ​ធ្វើឱ្យ​ទីផ្សារ​រូបិយវត្ថុ​អេឡិចត្រូនិក កាន់​តែមាន «អំណាច» ថែមទៀត។

ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2012 Coinbase គឺជា​ថ្នាល​ដ៏​ធំ​មួយ​ដែល​ជួយ​ឱ្យ​អតិថិជន​អាច​ទិញ លក់ និង​រក្សាទុក​រូបិយវត្ថុ​ឌីជីថល (អេឡិចត្រូនិក) ដូចជា Bitcoin និង Ether ជាដើម។ Coinbase ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្សារ​ឈ្មួញកណ្ដាល​ផ្នែក​រូបិយវត្ថុ​ឌីជីថល ដែល​ប្រកួតប្រជែង​ផ្ទាល់់​ជាមួយនឹង Coinmama, CEX.IO និង Gemini។ យោងតាម CNN ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase រៀបចំ​គម្រោង​ធ្វើ IPO នៅ​ខែធ្នូ​ខាងមុខ។

ភាគី​ខាង​ក្រុមហ៊ុន Coinbase បានឱ្យដឹងថា ការធ្វើ IPO នេះ​នឹង​ត្រូវធ្វើ​នៅលើ​ផ្សារ​ហ៊ុន Nasdaq ដោយ​ប្រើប្រាស់​ឈ្មោះ COIN។ ព័ត៌មាន​នៅលើ​គេហទំព័រ​របស់ Coinbase ឱ្យដឹងថា មាន​អ្នកវិនិយោគ​លើ​រូបិយវត្ថុ​ឌីជីថល ចំនួន 43 លាន​នាក់ កំពុង​ប្រើប្រាស់ Coinbase ដែល​ការជួញដូរ​នេះ​មានតម្លៃ​សរុប​ស្មើនឹង 455 ពាន់​លាន​ដុល្លារ​អាមេរិក និង​កាន់កាប់​ទ្រព្យ​សរុប 9 ម៉ឺន​លាន​ដុល្លារ​នៅ​ទូទាំង​ប្រព័ន្ធ Coinbase។

តម្លៃ​សរុប​នៃ Bitcoin ដែល​កំពុង​ត្រូវបាន​ជួញដូរ​នាបច្ចុប្បន្ន បាន​ឡើងដល់​ជាង 1 លាន​លាន (1,000,000,000,000) ដុល្លារ​អាមេរិក​នៅក្នុង​សប្ដាហ៍​កន្លង បន្ទាប់ពី​តម្លៃ​របស់ Bitcoin បាន​កើន​ដល់​ជិត 60,000 ដុល្លារ/Bitcoin។ ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​របស់ Bitcoin បាន​ធ្លាក់ចុះ និង​កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 51,000 ដុល្លារ/Bitcoin។

Tesla, Mastercard, Bank of New York និង​ក្រុមហ៊ុនធំៗជាច្រើន​ទៀត បានប្រកាស​ជា​សាធារណៈ​ថា ពួកគេ​បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ Bitcoin នា​ប៉ុន្មាន​ខែ​កន្លងទៅថ្មីៗនេះ ដែល​ប្រការនេះ​បាន​ជួយ​ឱ្យ​ភាពស្របច្បាប់​របស់ Bitcoin កាន់តែ​ត្រូវបាន​លើកកម្ពស់។

យ៉ាងណាក៏ដោយ Bitcoin និង​រូបិយវត្ថុ​អេឡិចត្រូនិក​មួយចំនួន​ផ្សេងទៀត នៅតែ​ប្រឈមមុខ​នឹង​ការប្រែប្រួល​ខ្លាំង ដោយសារ​តម្លៃ​របស់​វា​ឡើង-ចុះ​មិន​ទៀងទាត់៕

គួរ​អាន​៖ Bitcoin បង្កើតបាន​សេដ្ឋី​ដុល្លារ​ចំនួន 100,000នាក់ ក្នុង​រយៈពេល 3ខែ

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement