CEO របស់ Coinbase ទទួលបាន​ជោគជ័យ បន្ទាប់ពី​ចាត់ទុក Bitcoin ជា «គូស្នេហ៍​ដំបូង»

ដូចដែល​បាន​រាប់រាប់​ក្នុង​អត្ថបទ​មុន Coinbase ដែលជា​ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក (ឌីជីថល) ធំជាងគេ និង​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​សហរដ្ឋអាមេរិក ទើបតែ​បានដាក់​ពាក្យស្នើសុំ​ធ្វើ IPO (បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង) ជា​ផ្លូវការ។ Coinbase គឺជា​ថ្នាល​ដ៏​ធំ​មួយ​ដែល​ជួយ​ឱ្យ​អតិថិជន​អាច​ទិញ លក់ និង​រក្សាទុក​រូបិយវត្ថុ​ឌីជីថល ដូចជា Bitcoin និង Ether ជាដើម។ Coinbase ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្សារ​ឈ្មួញកណ្ដាល​​ផ្នែក​រូបិយវត្ថុ​ឌីជីថល ដែល​ប្រកួតប្រជែង​ផ្ទាល់់​ជាមួយនឹង Coinmama, CEX.IO និង Gemini។ យោងតាម CNN ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase រៀបចំ​គម្រោង​ធ្វើ IPO នៅ​ខែធ្នូ​ខាងមុខ។

ព័ត៌មាន​នៅលើ​គេហទំព័រ​របស់ Coinbase ឱ្យដឹងថា មាន​អ្នកវិនិយោគ​លើ​រូបិយវត្ថុ​ឌីជីថល ចំនួន 43 លាន​នាក់ កំពុង​ប្រើប្រាស់ Coinbase ដែល​ការជួញដូរ​នេះ​មានតម្លៃ​សរុប​ស្មើនឹង 455 ពាន់​លាន​ដុល្លារ​អាមេរិក និង​កាន់កាប់​ទ្រព្យ​សរុប 9 ម៉ឺន​លាន​ដុល្លារ​នៅ​ទូទាំង​ប្រព័ន្ធ Coinbase។

Advertisement

Coinbase ត្រូវបាន​បង្កើតឡើង​ដោយ Brian Armstrong និង Fred Ehrsam កាលពី​ខែមិថុនា ឆ្នាំ 2012។ ក្រុមហ៊ុន​នេះ​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ បច្ចុប្បន្ន Brian បាន​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​ម្នាក់​នៅ​សហរដ្ឋអាមេរិក ដោយមាន​ទ្រព្យ 6.5 ពាន់​លាន​ដុល្លារ នេះ​បើតាម​ស្ថិតិ​របស់​សារព័ត៌មាន Forbes។ ក្រោយពី​ប្រមូល​ទុន​បាន 300 លាន​ដុល្លារ​ពី​មូលនិធិ​វិនិយោគ Tiger Global កាលពី​ឆ្នាំ 2018 ក្រុមហ៊ុន Coinbase ត្រូវបាន​កំណត់​ថ្លៃ​ត្រឹម 8 ពាន់​លាន​ដុល្លារ។

Brian Armstrong ចាត់ទុក Bitcoin ជា «គូស្នេហ៍​ដំបូង»

Brian Armstrong កើត​ថ្ងៃទី 25 មករា ឆ្នាំ 1983 គឺជា CEO បច្ចុប្បន្ន​របស់ Coinbase ដែលជា​ផ្សារ​ជួញដូរ Bitcoin ធំ​បំផុត និង​ពេញនិយម​បំផុត​ក្នុង​ពិភពលោក។ បុរស​នេះ​ធ្លាប់បាន​បង្ហាញ​វត្តមាន​ជាច្រើនលើក​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់ Under 40 និង​ត្រូវបាន​សរសើរ​ថា​ជា «Rockstar មួយរូប​នៅក្នុង​សហគមន៍ Bitcoin»។ Brian Armstrong គឺជា​អ្នកគាំទ្រ​នៅ​ជួរមុខ​ទាក់ទង​នឹង​ការប្រើប្រាស់ និង​ជួញដូរ Bitcoin។

មហា​សេដ្ឋី Brian Armstrong

លោក Brian Armstrong បានដឹង​ច្បាស់​អំពី Bitcoin ជា​លើកដំបូង កាលពី​ឆ្នាំ 2010។ មុននេះ លោក​ធ្លាប់បាន​និយាយប្រាប់​អំពី​ការដែល​លោក​បានដឹង​ការពិត​ថា មាន​ទីផ្សារ​ជាច្រើន​កំពុង​ជួញដូរ Bitcoin ហើយ​ភ្លាមនោះ លោក​ក៏​មើលឃើញ​ឱកាសល្អ។ Brian Armstrong ចាប់ផ្ដើម​គិត​រក​វិធី​ដើម្បី​ប្រើប្រាស់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ ហើយ​វា​គឺជា​វិធី​ដែល Coinbase ត្រូវបាន​បង្កើតឡើង។

នៅ​ខែឧសភា ឆ្នាំ 2011 Brian Armstrong ចាប់ផ្ដើម​ចូលធ្វើ​ការឱ្យ Airbnb ក្នុងនាម​ជា​វិស្វករ​ផ្នែក​ទន់។ Brian Armstrong  បាន​ចូល​ជា​សមាជិក​របស់ UniversityTutor.com ក្នុង​គ្រា​កំពុងធ្វើការ​ឱ្យ Airbnb។ លោក​ធ្វើការ​នៅទីនេះ​បាន​ជាង​មួយឆ្នាំ ហើយក៏​ចាកចេញ​នៅក្នុង​ខែមិថុនា 2012 នៅពេល​បង្កើត Coinbase។

ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​សេដ្ឋកិច្ច ក៏ដូចជា​បទពិសោធន៍​លើ​ការសរសេរ​កូដ​កុំព្យូទ័រ Brian Armstrong បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ជំហាន​ចេញ​ធ្វើ​ជំនួញ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ នៅពេល​បានដឹង​ច្បាស់​អំពី Bitcoin បុរស​នេះ​ក៏បាន​រិះរក​វិធី​ដើម្បី​ពង្រីក​ទីផ្សារ​សម្រាប់​រូបិយវត្ថុ​អេឡិចត្រូនិក​មួយ​នេះ។

ខែកក្កដា ឆ្នាំ 2017 Brian Armstrong និង Fred Ehrsam បាន​រួមដៃគ្នា​បង្កើត Coinbase។ Coinbase ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្សារ​មួយ​ដែល​អនុញ្ញាតឱ្យ​គ្រប់គ្នា​ទិញ Bitcoin។ រដូវក្ដៅ​ឆ្នាំ 2012 Brian និង Fred បាន​ទៅ​ចុះឈ្មោះ Coinbase នៅក្នុង​ថ្នាល​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​បើកមុខ​ជំនួញ​ថ្មី Y Combinator។ ថ្នាល​នេះ​មានឈ្មោះ​ល្បីល្បាញ ដោយ​សារបាន​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​ថ្មី​ជាច្រើន ដូចជា Dropbox, Weebly, Reddit និង Airbnb ជាដើម។ Coinbase បានបង្ហាញ​ខ្លួន​ពេញលេញ​កាលពី​ខែតុលា 2012 នៅពេល​ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ទិញ និង​លក់ Bitcoin តាមរយៈ​ការផ្ទេរ​ប្រា​ក់នៅ​ធនាគារ។

Coinbase គឺជាថ្នាលដ៏ធំមួយដែលជួយឱ្យអតិថិជនអាចទិញ លក់ និងរក្សាទុករូបិយវត្ថុឌីជីថល ដូចជា Bitcoin និង Ether ជាដើម

រៀបរាប់​អំពី​ដំណាក់កាលដំបូងៗ សហ​ស្ថាបនិក​របស់ Coinbase លោក Brian បាន​និយាយថា៖ «Coinbase គឺជា​របកគំហើញ​ដ៏​សំខាន់​សម្រាប់​សម័យ​ទំនើប និង​នាំឱ្យ​ពិភពលោក​ត្រូវ​ផ្លាស់ប្ដូរ។ ពិតជា​អស្ចារ្យ​នៅពេល​បានឃើញ​ប្រព័ន្ធ​ទាំងមូល​កំពុង​រីកចម្រើន​ជុំវិញ​របកគំហើញ​ដ៏​មហិមា​នេះ ប៉ុន្តែ សម្រាប់​ខ្ញុំ Bitcoin នៅតែ​ជា​ក្ដី​ស្នេហ៍​ដំបូង»។

សន្យាថា​នឹង​បរិច្ចាគ​ទ្រព្យ​ភាគច្រើន​របស់លោក កាលពី​អាយុ​ទើបតែ 34ឆ្នាំ

កាលពី​ខែធ្នូ ឆ្នាំ 2018 នៅក្នុង​វ័យ 34 ឆ្នាំ លោក Brian Armstrong បាន​ចុះកិច្ចសន្យា​ជា​ផ្លូវការ​មួយ ជាមួយនឹង The Giving Pledge ដែល​ត្រូវបាន​មហាសេដ្ឋី Warren Buffett និង Bill Gates បង្កើតឡើង​កាលពី​ឆ្នាំ 2010។ បុគ្គល​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​គឺ សុទ្ធតែជា​មហាសេដ្ឋី ឬ​ជិត​ក្លាយជា​មហាសេដ្ឋី ប៉ុន្តែ​មានចិត្ត​សប្បុរស ចង់​បរិ​ច្ឆា​គ​ទ្រព្យ​ភាគច្រើន​របស់ខ្លួន​សម្រាប់​សកម្មភាព​មនុស្សធម៌។

មុន​នោះ Brian ក៏​សកម្ម​នៅក្នុង​កិច្ចការ​មនុស្សធម៌ ដោយ​លោក​បាន​បង្កើត GiveCrypto (givecrypto.org)។ អង្គ​ការមិន​ស្វែងរក​កម្រៃ​នេះ ទទួលយក បែងចែក​ប្រាក់​អេឡិចត្រូនិក និង​ធ្វើការ​ប្រគល់​ប្រាក់​ដោយផ្ទាល់​ទៅឱ្យ​អ្នកក្រីក្រ​ដែលជា​ក្រុម​គោលដៅ​របស់​ពួកគេ៕

ប្រភព​៖ Forbes, BI
ប្រែសម្រួល​៖ បុត្រា

Advertisement