សណ្ឋាគារ​អវកាស​ដំបូង​គេ​​បង្អស់​ក្នុង​ពិភពលោក នឹង​ហោះចូល​គន្លង​គោចរ​ចាប់ពី​ឆ្នាំ 2025

ការសាងសង់​សណ្ឋាគារ​អវកាស​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់ផ្ដើម ហើយ​វា​គ្រោង​នឹង​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​គន្លង​គោចរ​ក​ម្ពា​ស់ទាប​របស់​ផែនដី នៅក្នុង​ឆ្នាំ 2025 ខាងមុខ។

ទីភ្នាក់ងារសារព័ត៌មាន​អង់គ្លេស Daily Mail កាលពី​ថ្ងៃទី 1 មីនា ឆ្នាំ 2021 បាន​ចុះផ្សាយ​ថា សណ្ឋាគារ​អវកាស​ដែលមាន​ឈ្មោះថា Voyager Station នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OAC របស់​សហរដ្ឋអាមេរិក។ Voyager Station នឹងមាន​រូបរាង​ជា​រង្វង់​មូល​ដ៏​ធំ ដោយមាន​អង្កត់ផ្ចិត 61 ម៉ែត្រ ដែល​ក្នុងនោះ​មាន​ភោជនីយដ្ឋាន រោងកុន ស្ប៉ា និង​បន្ទប់​សម្រាប់​ទេសចរ​ចំនួន 400 នាក់។

នៅលើ Voyager Station ក៏មាន​កាប៊ីន​ភ្ជាប់​បន្ថែម​នៅ​ជុំវិញ​សណ្ឋាគារ ដែល​គ្រោង​នឹង​លក់​ទៅឱ្យ​ទី​ភ្នា​ក់​អវកាស​អាមេរិក (NASA) និង​អឺរ៉ុប (ESA) សម្រាប់​ការសិក្សា​ស្រាវជ្រាវ។ ក្រុមហ៊ុន OAC ឱ្យដឹងថា គម្រោង​នេះ​នឹងត្រូវ​បើក​ដំណើរការ​ទទួលភ្ញៀវ​ចាប់ពី​ឆ្នាំ 2027។

OAC មិនទាន់​ប្រកាស​អំពី​ខ្ទង់ចំណាយ​នៅក្នុង​ការសាងសង់ Voyager Station ប៉ុន្តែ ក្រុមហ៊ុន​នេះ​បង្ហើប​ឱ្យដឹងថា ការចំណាយ​លើ​ការសាងសង់​នឹង​អាច​កាត់បន្ថយ​បាន​ច្រើន ដោយសារតែ​មធ្យោបាយ​ដឹកជញ្ជូន​ពី​ផែនដី​អាច​ប្រើប្រាស់​ឡើងវិញ ដូចជា​កាំជ្រួច Falcon 9 និង​យានអវកាស Starship របស់​ក្រុមហ៊ុន SpaceX ជាដើម។

ខ្ទង់ចំណាយ​សម្រាប់​ការដឹកជញ្ជូន​សម្ភារ​ឡើងទៅ​កាន់​ទី​អវកាស​គឺ 8,000ដុល្លារ/គីឡូក្រាម ប៉ុន្តែ ការប្រើប្រាស់ Falcon 9 ការចំណាយ​នេះ​អាច​ធ្លាក់​មក​នៅត្រឹម 2,000ដុល្លារ/គីឡូក្រាម៕

ប្រភព​៖ Daily Mail
ប្រែសម្រួល​៖ បុត្រា​

Advertisement