ធនាគារជាតិចិន លើកទឹកចិត្តពលរដ្ឋក្នុងការបង្កើតកូនចៅ ដើម្បីប្រជែងផ្នែកសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក និងឥណ្ឌា

ធនាគារ​ប្រជាជន​ចិន (PBOC/People’s Bank of China) យល់ថា ប្រទេស​នេះ​គួរតែ «ផ្ដល់​សេរីភាព​ទាំងស្រុង និង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បង្កើត​កូនចៅ» ដើម្បី​បង្កើន​កម្លាំង​ពលកម្ម ដែល​នឹង​ជួយ​ទីក្រុង​ប៉េកាំង ក្នុងការ​ប្រ​កូត​ប្រជែង​បាន​ជោគជ័យ​ជាមួយនឹង​បណ្ដា​ប្រទេស ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​ឥណ្ឌា នៅក្នុង​វិស័យសេដ្ឋកិច្ច។

យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​សប្ដាហ៍​កន្លង ទីភ្នាក់ងារសារព័ត៌មាន Sputnik បាន​រាយការណ៍​ថា PBOC ព្យាករ​ថា នៅក្នុង​រយៈពេល 30ឆ្នាំ​ខាងមុខ ចំនួន​ប្រជាជន​ចិន​អាច​ថយចុះ​ប្រមាណ 32លាន​នាក់ ខណៈដែល​តួលេខ​ពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក អាច​កើន​បន្ថែម 50លាន​នាក់ នៅមុន​ដំណាច់ឆ្នាំ2049 ក្នុងនោះ​ក៏មាន​ពលរដ្ឋ​អន្តោប្រវេសន៍​ដ៏​ច្រើនសន្ធឹក​សន្ធាប់។

ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​ព្រមាន​ថា កម្លាំង​ពលកម្ម​នៅ​ប្រទេស​ចិន​នឹងត្រូវ​ថយចុះ​ក្នុងអំឡុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ក្នុង​គ្រា​ដែល​សហរដ្ឋអាមេរិក នឹង​បានឃើញ​ការកើនឡើង​នៃ​កម្លាំង​ពលកម្ម​នេះ។

នៅក្នុង​លទ្ធផល​នៃ​ការស្រាវជ្រាវ ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់ថា៖ «ដើម្បី​កាត់បន្ថយ​គម្លាត​ជាមួយនឹង​សហរដ្ឋអាមេរិក នៅក្នុង​អំឡុង​បួន​ទសវត្សរ៍​កន្លងទៅ ប្រទេស​ចិន​ពឹងផ្អែក​ទៅលើ​កម្លាំង​ពលកម្ម​ដែលមាន​តម្លៃ​ទាប និង​ចំនួន​ប្រជាជន​ដ៏​ច្រើន​សម្បើម។ យើង​នឹងត្រូវ​ផ្អែកទៅលើ​អ្វីខ្លះ​ក្នុង​រយៈពេល 30ឆ្នាំ​ខាងមុខ? ប្រការនេះ​គួរឱ្យ​យើង​យកមក​ពិចារណា»។

ពួកគេ​បាន​ព្យាករ​ថា នៅ​ឆ្នាំ2030 ចំនួន​ប្រជាជន​ចិន អាច​កើន​ដល់​ចំណុចកំពូល​បំផុត ប្រមាណ 1.46ពាន់​លាន​នាក់ ហើយ​ក្រោយមក​នឹង​ថយចុះ​នៅត្រឹម 1.40ពាន់​លាន​នាក់​នៅ​ឆ្នាំ2050។

PBOC ព្យាករថា នៅក្នុងរយៈពេល 30ឆ្នាំខាងមុខ ចំនួនប្រជាជនចិនអាចថយចុះប្រមាណ 32លាននាក់

ក្នុង​គ្រា​នោះដែរ ប្រទេស​ឥណ្ឌា នឹងមាន​ការកើនឡើង​ទាំង​ចំនួន​ប្រជាជន ទាំង​កម្លាំង​ពលកម្ម។ ការស្រាវជ្រាវ​បានបង្ហាញ​ថា មហា​យក្ស​នៅ​អាស៊ី​ខាងត្បូង​នេះ​អាច​ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​នៅ​ឆ្នាំ2027។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន «ស្វែងយល់​អំពី​ការប្ដូរ​ផ្លាស់​ច្បាស់ក្រឡែត​នៅ​ចំពោះមុខ​ស្ថានការណ៍» និង​ប្រញាប់​កែប្រែ​គោលនយោបាយ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ផែនការ​គ្រួសារ ដោយ​ការអនុញ្ញាតឱ្យ​គ្រួសារនីមួយៗ អាច «បង្កើតកូន​ចាប់ពី​បីនាក់​ឡើងទៅ» រួម​នឹង​គំនិត​ផ្ដួចផ្ដើម​ដទៃទៀត។

ចិន បច្ចុប្បន្ន​នៅតែ​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក ដោយមាន 1.43ពាន់​លាន​នាក់។ ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​មកនេះ រដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ​គ្រប់គ្រង​ការបង្កើត​កូនចៅ​យ៉ាង​តឹងរ៉ឹង។ កាលពី​ឆ្នាំ2013 គោលនយោបាយ​ខាងលើ ត្រូវបាន​បន្ធូរបន្ថយ ដោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​គ្រួសារនីមួយៗ អាចយ​កកូន​ច្រើន​បំផុត​ត្រឹម​ពីរ​នាក់។

កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេស​ចិន (Ministry of Public Security of China) បាន​រាយការណ៍​ថា តួលេខ​នៃ​ទារក​ដែល​កើត​នៅ​ប្រទេស​នេះ បាន​ថយចុះ​យ៉ាងតិច15% នៅក្នុង​ឆ្នាំ2020 ក្នុង​គ្រា​ដែល​វិបត្តិ Covid-19 និង​ឱនភាព​សេដ្ឋកិច្ច​កំពុង​កើតឡើង៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement