ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង​ក្នុង​ឆ្នាំ2021 និង2022

សេដ្ឋកិច្ចកម្ពុជា នឹង​កើនឡើង 4% នៅ​ឆ្នាំ​ក្នុង​ឆ្នាំ2021 ហើយនឹង​កើន 5.5% ក្នុង​ឆ្នាំ2022។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី28 ខែមេសា ឆ្នាំ2021។

ទន្ទឹម​នឹង​របាយ​ការណ៍​ខាង​លើ​ នាយិកា​ប្រចាំ​កម្ពុជា​នៃ​ធនាគារ ADB លោកស្រី Sunniya Durrani-Jamal ថ្លែងថា៖ “ក្នុង​ឆ្នាំ2020 ដោយសារ​ការ​រាតត្បាត​ជាស​កល នៃ​វីរុស​Covid-19 សេដ្ឋកិច្ចកម្ពុជា​ក៏បាន​ធ្លាក់ចុះ 3.1%។ យើង​រំពឹងថា សេដ្ឋកិច្ច (កម្ពុជា) នឹង​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ2021 ដោយសារ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល។

កំណើន​សេដ្ឋកិច្ចកម្ពុជា​ ក្នុង​ឆ្នាំ​ 2019-2020 និង​ការ​ព្យាករ​សម្រាប់​ឆ្នាំ​2021 និង​ឆ្នាំ​2022

ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ជារួម​របស់​កម្ពុជា នឹងមាន​ការយឺតយ៉ាវ ដោយសារ​ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើបឡើង​វិញ​របស់​វិស័យ​នានា​នៅ​កម្ពុជា ដែល​បាន​រងគ្រោះ​ព្រោះតែ​វិបត្តិ Covid-19។ រាជរដ្ឋាភិបាល ចាំបាច់ ត្រូវ​រក្សា​ជំហរ​គោលនយោបាយ​សារពើពន្ធ​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ2021 និង​ឆ្នាំ2022។ នេះ​បើតាម លោកស្រី Sunniya Durrani-Jamal។

នៅ​ឆ្នាំ2020 ធនាគារ ADB បានអនុម័ត​ផ្តល់ប្រាក់​កម្ចី និង​ជំនួយ ឥត​សំណង​ចំនួន 477លាន​ដុល្លារ និង​កៀរគរ​បាន​ថវិកា​បន្ថែមចំនួន 281.3លាន​ដុល្លារ តាមរយៈ​សហ​ហិរញ្ញប្បទាន សម្រាប់​កម្ពុជា។ ថវិកា​របស់ ADB ដែល​ត្រៀម​សម្រាប់​ផ្ដល់​ដល់​កម្ពុជា​ក្នុង​ឆ្នាំ2022-2023 រួមមាន កម្ចីសម្បទាន ចំនួន 1.35 ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង​ចំនួន 32.4លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការស្តារ​សេដ្ឋកិច្ច​ដែល​រង​ឥទ្ធិពល​ពី​វិ​វ​ប​ត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​​ Covid-19។

កម្ពុជា ស្ថិតនៅក្នុងលំដាប់ទី6 នៃតារាង​ប្រៀប​ធៀប​ការ​ព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់​​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

នៅក្នុង​តំបន់​អាស៊ីអាគ្នេយ​ទាំងមូល​ដែលមាន 11ប្រទេស សេដ្ឋកិច្ច​របស់​វៀតណាម ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន 6.7% ខ្ពស់​ជាងគេ​បង្អស់​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ សម្រាប់​ឆ្នាំ2021។ ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី នឹងមាន​កំណើន 6% ស្មើគ្នា ខណៈ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី មាន​កំណើន 4%។ រីឯ កម្ពុជា​វិញ ស្ថិតនៅក្នុង​លំដាប់​ទី6 នៃ​តារាង​ព្យាករ​អំពី​កំណើនសេដ្ឋកិច្ច​នេះ៕

ប្រភព៖ ADB
ប្រែសម្រួល​៖ បុត្រា

Advertisement