អ្នក​ជីក​ត្បូង​ពេជ្រ​ក្រីក្រ ជាង 3ពាន់​នាក់ នៅ​អាហ្វ្រិក​ខាងត្បូង ហាក់​អស់​សង្ឃឹមថា “នឹង​បាន​ផ្លាស់ប្ដូរ​ជីវភាព”

ប្រជាជន​អាហ្វ្រិក​ខាងត្បូង ជាង 3ពាន់​នាក់ ដែល​បាន និង​កំពុង​នាំគ្នា​ជីក គាស់​ដី ក្នុង​បំណង​ស្វែងរក​ត្បូង​មានតម្លៃ ដោយ​សង្ឃឹមថា នឹង​បាន​ផ្លាស់ប្ដូរ​ជីវភាព​ដោយសារ​ត្បូង​ពេជ្រ ក៏ប៉ុន្តែ ត្បូង​ដែល​ពួកគេ​រកបាន មានតម្លៃ​ទាប​ណាស់។ នេះ​បើតាម Ravi Pillay ដែលជា​សមាជិក​ម្នាក់ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​ទេសចរណ៍ របស់​ខេត្ត KwaZulu-Natal។

ក្រុមមន្ត្រី​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី20 ខែមិថុនា បានឱ្យដឹងថា មនុស្ស​ពី​គ្រប់ទិសទី​ក្នុងប្រទេស​នេះ បាននាំគ្នា​សម្រុកចូល​មកកាន់​ភូមិ KwaHlathi ដែល​ស្ថិតនៅក្នុង​ខេត្ត KwaZulu-Natal ចាប់ពី​ថ្ងៃទី12 ខែមិថុនា ក្រោយពី​គង្វាល​សត្វ​ម្នាក់ គាស់​បាន​ថ្ម​ចម្លែក ស្រដៀង​នឹង​ត្បូង quartz ដ៏​មានតម្លៃ។

«ការពិនិត្យ វាយតម្លៃ​នានា បាន​បញ្ជាក់ថា ត្បូង​ទាំងឡាយ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ភូមិ​នេះ មិនមែនជា​ពេជ្រ ដូចដែល​មនុស្ស​ជាច្រើន​រំពឹងទុក។ តម្លៃ​របស់​វា មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ ប៉ុន្តែ បើ​មាន (តម្លៃ) វា​ក៏​ប្រាកដជា​ទាប​ឆ្ងាយ បើ​ធៀប​នឹង​ត្បូង​ពេជ្រ» Ravi Pillay រៀបរាប់។

នៅ​តំបន់​ជាច្រើន នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង អត្រា​បាត់បង់​ការងារ និង​ភាពក្រីក្រ ដែលមាន​កម្រិត​ខ្ពស់ ធ្វើឱ្យ​ពលរដ្ឋ​ជួប​ការលំបាក និង​សង្ឃឹមលើ​ការរុករក​ត្បូង​នៅក្នុង​ភូមិ KwaHlathi។

Ravi Pillay និយាយថា ថ្វីបើ​ពលរដ្ឋ​ដែល​មករក​ត្បូង បាន​ថយ​ចុះមក​នៅត្រឹម​ប្រហែល 500នាក់ ប៉ុន្តែ រណ្ដៅ​ជម្រៅ​រហូតដល់ 1ម៉ែត្រ ដែល​ពួកគេ​បាន​បន្សល់ទុក អាច​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ចិញ្ចឹម។

Ravi Pillay ក៏មាន​ការព្រួយបារម្ភ​ថា ការដែល​មនុស្ស​ប្រមូលផ្ដុំ​ច្រើន អាច​នាំឱ្យ​ឆ្លង​រាលដាល​នៃ​វីរុស​Covid-19 ដូច្នេះ អាជ្ញាធរ បាន​ស្នើឱ្យ​គ្រប់គ្នា ប្រញាប់​ចាកចេញ ពុំ​នោះទេ នឹង​អាច​ត្រូវ​ប៉ូលិស​ធ្វើ​អន្តរាគមន៍ បើសិនជា​ចាំបាច់៕

ប្រភព៖ Guardian
ប្រែ​សម្រួល៖ បុត្រា

Advertisement