កំណើនសេដ្ឋកិច្ច​ពិភពលោក អាច​ឡើងដល់​កំពូល នៅក្នុង​ត្រីមាស​ទី​បី

សេដ្ឋកិច្ច​នៅ​ទូទាំង​សកលលោក​សម្រាប់​ត្រីមាស​ទី​បី នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ 2021 ប៉ុន្តែ វីរុស​បំប្លែង​​ខ្លួន Delta របស់ COVID-19 ត្រូវបាន​គេ​ចាត់ទុកជា​ហានិភ័យ​គួរឱ្យ​បារម្ភ។

តំបន់​សេដ្ឋកិច្ច​នានា​នៃ​ពិភពលោក ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ខ្ពស់​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ ដែល​នេះ​ជួយ​ឱ្យ​បណ្ដា​ប្រទេស តាម​ជិត​ទាន់ សហរដ្ឋអាមេរិក និង​ចិន។ នេះ​បើតាម ការសិក្សា​ស្រាវជ្រាវ​មួយចំនួន ទៅលើ ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ (Purchasing Managers Index / PMI)។

ទិន្នន័យ​ដែល​ត្រូវបាន IHS Markit ប្រកាស​កាលពី​ថ្ងៃទី 23 កក្កដា បាន​បង្ហាញថា សហរដ្ឋអាមេរិក ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​ត្រីមាស​ទី​ពីរ នឹង​ថយចុះ​បន្តិច​ក្នុង​ត្រីមាស​ទី​បី ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​បន្ត​មានកំណត់ កង្វះ​ពលករ និង​ការរីក​រាលដាល​នៃ​វ៉ា​រ្យ៉​ង Delta របស់ COVID-19។

PMI សរុប​របស់ សហរដ្ឋអាមេរិក បាន​ថយ​ចុះមក​នៅត្រឹម 59.7 ពិន្ទុ ក្នុង​ខែកក្កដា ទាប​ជាង​បន្តិច​ធៀប​នឹង 63.7 ពិន្ទុ ក្នុង​ខែមិថុនា។ អត្រា​លើ 50 ពិន្ទុ បញ្ជាក់ថា សកម្មភាព​ផលិត នៅតែ​បន្ត​កើនឡើង។

ផ្ទុយ​មកវិញ PMI នៃ​តំបន់​ដែល​ប្រើប្រាស់​រូបិយវត្ថុ Euro បាន​កើន​ឡើងដល់ 60.6 ពិន្ទុ ក្នុង​ខែ​នេះ ខ្ពស់ជាង បើ​ធៀប​នឹង​ពិន្ទុ 59.5 ក្នុង​ខែមិថុនា។ សញ្ញា​នេះ​បង្ហាញថា សេដ្ឋកិច្ច​អឺរ៉ុប កំពុងតែ​ងើបឡើង​យ៉ាង​ឆាប់រហ័ស។

ខណៈដែល​ក្រុម​សេដ្ឋវិទូ ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់ សហរដ្ឋអាមេរិក បាន​ឡើងដល់​ចំណុចកំពូល​កាលពី​ត្រីមាស​កន្លង កំណើន​របស់​ពិភពលោក ក៏​ត្រូវគេ​ព្យាករ​ថា នឹង​ឡើងដល់​ចំណុច​ខ្ពស់បំផុត​ក្នុង​ត្រីមាស​បច្ចុប្បន្ន។ JPMorgan ព្យាករ​ថា GDP របស់ អាមេរិក និង ចិន នឹង​បន្ថយល្បឿន​ក្នុង​ត្រីមាស​ទី​បី ប៉ុន្តែ ជំនួស​មកវិញ កំណើនសេដ្ឋកិច្ច​របស់ អឺរ៉ុប អាចមាន​ល្បឿន​លឿន​ជាង​កំណើនសេដ្ឋកិច្ច​របស់ អាមេរិក កាលពី​ត្រីមាស​ទី​ពីរ​ទៅទៀត។ បូករួម​ជាមួយនឹង​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់​របស់ ប្រទេស ឥណ្ឌា កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល អាច​ឡើងដល់​កំពូល​បំផុត​ក្នុង​ឆ្នាំ 2021 នៅ​ត្រីមាស​ទី​បី។

យ៉ាងនេះ​ក្ដី វីរុស​បំប្លែង​ខ្លួន​ប្រភេទ Delta របស់ COVID-19 នៅ​តេ​ជា​ឧបសគ្គ​ធំ​សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក។ «Delta អាច​រារាំង​ការ​ងើប​ឡើងវិញ​របស់​វិស័យ​មួយចំនួន ពិសេស​គឺ ទេសចរណ៍ និង​សណ្ឋាគារ» នេះ​បើតាម Christine Lagarde ប្រធាន​ធនាគារកណ្ដាល​អឺរ៉ុប។

Chris Williamson ប្រធាន​ក្រុម​អ្នកសេដ្ឋកិច្ច​ប្រចាំ IHS Markit ក៏បាន​ទទួលស្គាល់ថា Delta បង្ក​ហានិភ័យ​ធំធេង​ដល់​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច សហរដ្ឋអាមេរិក៕

ប្រភព៖ WSJ
ប្រែ​សម្រួល៖ បុត្រា

Advertisement