«អ្នក​ស្នង​មរតក» របស់ Samsung ត្រូវបាន​លើកលែងទោស

កាលពី​ថ្ងៃទី 09 ខែសីហា ក្រសួងយុត្តិធម៌ កូរ៉េខាងត្បូង បានប្រកាសថា នឹង​លើកលែងទោស​ដល់​អនុប្រធាន និង​ជា «អ្នក​ស្នង​មរតក» នៃ​ក្រុមហ៊ុន Samsung លោក Lee Jae-yong នៅ​ចុង​សប្ដាហ៍​នេះ។

នៅក្នុង​ប្រកាស​មួយ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Park Beom-kye បាន​លើកឡើងថា លោក Lee Jae-yong នឹង​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃទី 13 សីហា ក្នុងឱកាស​ទិវា​រំដោះជាតិ 15 សីហា។ រដ្ឋាភិបាល កូរ៉េខាងត្បូង តែងតែ​ដោះលែង​អ្នកទោស​ដោយមាន​លក្ខខណ្ឌ ឬ​លើកលែងទោស​នៅក្នុង​ទិវា​នេះ ដើម្បី​លើកកម្ពស់​ស្មារតី​សាមគ្គី​ជាតិ។ ការសម្រេច​នេះ ត្រូវបានធ្វើ​លើកឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​លើកលែងទោស​នៃ​ក្រសួងយុត្តិធម៌ កូរ៉េខាងត្បូង។ លោក Lee Jae-yong បាន​បំពេញ​កាតព្វកិច្ច​តាម​ការណែនាំ​នានា​ដើម្បី​អាច​ទទួលបាន​ការលើក​លែង​ទោស ក្រោយពី​ការអនុវត្ត​ទោស​រួចរាល់​បាន 60%។

លោក Park Beom-kye បានឱ្យដឹងថា ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ បញ្ហា​សេដ្ឋកិច្ច​ទូទាំង​សកលលោក រួម​នឹង​វិបត្តិ COVID-19 ត្រូវបាន​ចាត់ទុកថា​ជា​កត្តា​រួមចំណែក​នាំឱ្យមាន​ការចេញ​សេចក្ដីសម្រេច​នេះ។

លោក Lee Jae-yong (កណ្ដាល)

ប៉ុន្តែ យោងតាម​ច្បាប់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ លោក Lee Jae-yong នឹង​មិនអាច​ត្រលប់​ចូលធ្វើការ​នៅ​ក្រុមហ៊ុន Samsung ក្នុង​រយៈពេល 5 ឆ្នាំ។ ច្បាប់​នេះ ហាម​មិនឱ្យ​បុគ្គល​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ ឬ​ខ្វះ​ការទទួលខុសត្រូវ​លើទឹក​ប្រាក់​ដែល​លើសពី 500 លាន​វ៉ុ​ន (436,300 ដុល្លារ​អាមេរិក) ធ្វើការ​ក្នុង​ក្រុមហ៊ុន​ដែល​ជាប់ទាក់ទង​នឹង​អំពើ​ខុសច្បាប់​របស់​ពួកគេ ក្នុង​រយៈពេល 5 ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ។

កាលពី​ថ្ងៃទី 18 មករា ឆ្នាំ 2021 តុលាការ​កំពូល​របស់​ទីក្រុង​សេ​អ៊ូ​ល នៃ​ប្រទេស​កូរ៉េខាងត្បូង បានប្រកាសថា លោក Lee Jae-yong (អាយុ 52 ឆ្នាំ) ដែលជា​អនុប្រធាន​នៃ​ក្រុមហ៊ុន Samsung បាន​ប្រព្រឹត្ត​អំពើ​សូកប៉ាន់​អតីត​ប្រធានាធិបតី Park Geun-hye ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​នៅក្នុង​ការ​ស្នង​មរតក និង​ដើម្បី​ទទួលបាន​ការធានា​លើ​សិទ្ធិ​គ្រប់គ្រង Samsung។ តុលាការ​ក៏បាន​កាត់ទោស​បុគ្គល​ដែលមាន​អំណាច​ខ្លាំង​របស់ Samsung រូបនេះ ឱ្យ​ជាប់ពន្ធនាគារ​រយៈ 2 ឆ្នាំកន្លះ។

មុននេះ ក្រុមហ៊ុន Samsung រួម​នឹង​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម របស់ កូរ៉េខាងត្បូង (Korea Chamber of Commerce and Industry) បានស្នើ​ឱ្យមាន​ការដោះលែង​បណ្ដោះអាសន្ន ឬ​ការលើកលែងទោស​ដោយ​ប្រធានាធិបតី ដើម្បី​ជួយ​ឱ្យ​លោក Lee Jae-yong អាច​ផ្ដោតលើ​ការគ្រប់គ្រង​ក្រុមហ៊ុន​ធំ​បំផុត​របស់​ប្រទេស​នេះ ក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ក្នុងស្រុក និង​ពិភពលោក កំពុង​ជួប​បញ្ហា​ដោយសារ COVID-19៕

Advertisement