ជូន​សែក​ដល់​ពិធី​ការិនី​ម្នាក់ តែ​ត្រូវ​នាង​បដិសេធ៖ មហាសេដ្ឋី Bill Gates​​ ក៏​ផ្ដល់​មេរៀន​យ៉ាង​ធំ​មួយ​ដល់​នាង

ម្ចាស់​ Microsoft និង​ពិធីការិនី​មួយ​រូប​ នៅ​ក្នុង​កិច្ច​សម្ភាស​មួយ

មហាសេដ្ឋី​ជនជាតិ​អាមេរិក លោក Bill Gates បាន​ជូន​មេរៀន​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ ដល់​ពិធី​ការិនី​​ស្រស់ស្អាត​មួយរូប ដែល​បាន​បដិសេធ​មូលប្បទានប័ត្រ​របស់លោក។

នៅពេល​អ្នក​ជោគជ័យ អ្នក​តែង​ស្ថិតនៅ​ក្នុងចំណោម​មហាសេដ្ឋី​ដែល​ត្រូវបាន​គេ​រំលឹក និង​សួរនាំ​អំពី​វិធីសាស្ត្រ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ ហើយ មហាសេដ្ឋី Bill Gates ក៏​ដូច្នេះ​ដែរ។ មួយ​ក្នុងចំណោម​រឿងរ៉ាវ​របស់លោក Bill Gates ដែល​ត្រូវបាន​គេ​យកមក​និយាយ​ច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ នោះ​គឺ​រឿង​ទាក់ទង​នឹង​ពិធី​ការិនី​ទូរទស្សន៍​ដ៏​ស្រស់ស្អាត​មួយរូប និង​មូលប្បទានប័ត្រ​មួយ​សន្លឹក។

រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅក្នុង​កិច្ច​សម្ភាស​មួយ របស់​ពិធី​ការិនី (MC) មួយរូប ជាមួយនឹង​មហាសេដ្ឋី Bill Gates។ ស្រី​ស្អាត​ជា MC នេះ បាន​សួរ​ទៅ​លោក Gates ថា៖ «អ្វី​ទៅជា​គន្លឹះ​សំខាន់​ដែលនាំឱ្យ​លោក​ជោគជ័យ?»។

ជំនួស​ឱ្យ​ការឆ្លើយ​ត្រង់​ទៅនឹង​សំនួរ ម្ចាស់​ក្រុមហ៊ុន Microsoft ក៏បាន​ហូត​មូលប្បទានប័ត្រ​មួយ​សន្លឹក​ចេញ រួច​ចុះហត្ថលេខា ហើយ​ហុច​ឱ្យ​ស្រី​ស្អាត​រូបនេះ ដោយ​ប្រាប់​ឱ្យ​នាង​បន្ថែមចំនួន​ទឹកប្រាក់​ទៅតាម​ចិត្ត​របស់​នាង។ នៅ​ចំពោះមុខ​សកម្មភាព​បែបនេះ​របស់​មហាសេដ្ឋី Bill Gates នាង MC ក៏បាន​បដិសេធ រួច​ក៏​សួរ​សំនួរ​នេះ​ជាថ្មី។

មហា​សេដ្ឋី​ Bill Gates នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ពិធីការិនី​ដ៏​ស្រស់​ស្អាត

មហាសេដ្ឋី​កើត​ឆ្នាំ 1955 រូបនេះ នៅតែ​ធ្វើ​ដូច​អំបាញ់មិញ ដោយ​ហុច​សន្លឹក​សែក​នោះ​ឱ្យ​​ទៅ​នាង​ម្ដងទៀត តែ​នាង​នៅតែ​បដិសេធ​ដដែល។ ចុងក្រោយ លោក Gates ក៏បាន​ហែក​សែក​មួយ​សន្លឹក​នោះ​ចោល ហើយ​ឆ្លើយថា៖ «គន្លឹះ​ជោគជ័យ​របស់ខ្ញុំ​គឺ មិន​បោះបង់ចោល​ឱកាស​ដែល​ខ្ញុំ​មាន មិន​ដូច​អ្វីដែល​នាង​ទើបតែ​បានធ្វើ​សោះឡើយ។ នាង​គួរ​ណាស់​តែ​បាន​ក្លាយជា​ពិធី​ការិនី​ដែលមាន​ប្រាក់​ច្រើនជាងគេ​ក្នុង​ពិភពលោក»។

តាមរយៈ​រឿងនេះ យើង​ដឹង​ច្បាស់​ថា ឱកាស​មិន​ចេះតែ​កើតឡើង​គ្រប់ពេល​នោះទេ ដូច្នេះ ត្រូវតែ​ចាប់យក​វា​ឱ្យបាន​លឿន​បំផុត នៅពេល​វា​បានមក​ក្បែរ​យើង៕

Advertisement