អាជ្ញាធរ​ចិន ចាប់ខ្លួន​ប្រធាន​ទំនាក់ទំនង​សាធារណៈ​របស់​បណ្ដាញ​សង្គម Weibo

ប្រធាន​ទំនាក់ទំនង​សាធារណៈ​របស់ Weibo ដែលជា​បណ្ដាញ​សង្គម​ធំជាងគេ​នៅ​ប្រទេស​ចិន ត្រូវបាន​ចាប់ខ្លួន ព្រោះតែ​ជាប់​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើពុករលួយ។

Weibo ដែលជា​បណ្ដាញ​សង្គម​មាន​អ្នកប្រើប្រាស់​ច្រើនជាងគេ​​បង្អស់​នៅ​ប្រទេស​ចិន គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Sina Corporation។ កាលពី​ថ្ងៃទី 10 សីហា បណ្ដាញ​សង្គម​នេះ​បានប្រកាសថា លោក Mao Taotao ដែលជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់ Weibo ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ព្រោះតែ​ជាប់​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើ​សូកប៉ាន់ បង្ក «ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន»។

ប្រកាស​របស់ Weibo មាន​ឃ្លា​សរសេរថា៖ «យោងតាម​គោលការណ៍​របស់​ក្រុមហ៊ុន និង​ច្បាប់​រដ្ឋ យើង​សម្រេច​ដកតំណែង Mao ហើយ​នឹងមិន​រើសយក​គាត់​មក​ធ្វើការ​ទៀត​ទេ»។

លោក Mao បាន​ចូលធ្វើការ​នៅក្នុង​ក្រុមហ៊ុន Weibo កាលពី​ឆ្នាំ 2010 ហើយក៏​ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​គណៈកម្មការ​ទីផ្សារ និង​ផ្សព្វផ្សាយ។ Weibo មិនបាន​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុម​អ្នកយកព័ត៌មាន ខណៈ Mao ក៏​ទាក់ទង​មិនទាន់បាន។

ចំនួន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ដែល​បាន​ជាប់​ក្នុងការ​ស៊ើបអង្កេត​ទាក់ទិន​នឹង​បញ្ហា​ពុករលួយ បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​គ្រា​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដែល​ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​ប្រធានាធិបតី ស៊ី ជីន​ពីង ត្រូវបាន​ជំរុញ​យ៉ាងខ្លាំង​ក្លា។

កាលពីដើម​ឆ្នាំ 2020 អតីត​អនុប្រធាន​ក្រុមហ៊ុន Kuaishou ក៏​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពុករលួយ ខណៈដែល Tencent Holdings បានឱ្យដឹង​ដែរ​ថា ម្នាក់​ក្នុងចំណោម​នាយក​ប្រតិបត្តិ​របស់ខ្លួន ក៏​កំពុង​ត្រូវបាន​អាជ្ញាធរ​ស៊ើបអង្កេត ដោយ​ត្រូវ​សង្ស័យថា ជាប់ទាក់ទង​នឹង «អំពើពុករលួយ​លក្ខណៈ​ឯកជន»៕

Advertisement