កប៉ាល់​ដឹកទំនិញ​ស្វ័យប្រវត្ត​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ដំបូងបង្អស់​ក្នុង​ពិភពលោក

ន័​រ​វែ​ស៖ កប៉ាល់ Yara Birkeland ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី អាច​ដឹក​បាន 103 កុងតឺន័រ ជាមួយ​ល្បឿន 24 គីឡូម៉ែត្រ/ម៉ោង និង​មិនចាំបាច់​មាន​ក្រុម​នាវិក​ទៅជា​មួយ។

ក្រុមហ៊ុន​ផលិត​គីមី Yara International (ន័​រ​វែ​ស) ប្រកាសថា ពួកគេ​ផលិត​បាន​កប៉ាល់​ដឹកទំនិញ​ស្វ័យប្រវត្ត ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ដំបូង​គេ​ក្នុង​លោក នេះ​បើតាម​ការចេញផ្សាយ​រប​ស់ CNN កាលពី​ថ្ងៃទី 25 សីហា។ តាម​ផែនការ កប៉ាល់​ដែលមាន​ឈ្មោះថា Yara Birkeland នេះ នឹងធ្វើ​ដំណើរ​ជា​លើកដំបូង​ពី​ទីរួមស្រុក Heroya ទៅ​ទីរួមស្រុក Brevik នៅ​ចុង​ឆ្នាំនេះ ដោយ​មិនចាំបាច់​មាន​នាវិក។ ជំនួស​មកវិញ វា​នឹង​ត្រូវបាន​តាមដាន​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ចំនួន​បី​ដែល​នៅលើ​ដីគោក។

Yara Birkeland មិនមែនជា​កប៉ាល់​ដំបូង​គេ​ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្ត​នោះទេ ប៉ុន្តែ តំណែង​នេះ​បាន​ទៅលើ​ស្រឡាង​ស្វ័យប្រវត្ត​មួយគ្រឿង​ដែល​បង្ហាញខ្លួន​កាលពី​ឆ្នាំ 2018 នៅ ហ្វាំ​ង​ឡង់។ ក៏ប៉ុន្តែ Yara Birkeland គឺជា​កប៉ាល់​ដឹក​កុងតឺន័រ​ដំបូង​គេ​ដែល​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី។ នេះ​បើតាម Yara International។

«Yara Birkeland ត្រូវបាន​គេ​នឹក​គិតដល់​តាំងពី​ឆ្នាំ 2017 ហើយ​ក្រោយមក វា​ក៏ត្រូវ​បាន​សហការ​សាងសង់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Kongsberg Maritime និង​ក្រុមហ៊ុន​ផលិត​កប៉ាល់ Vard។ កប៉ាល់​នេះ​អាច​ដឹក​បាន 103 កុងតឺន័រ និង​ធ្វើដំណើរ​ក្នុង​ល្បឿន 24 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើ​អាគុយ 7 MWh» នេះ​បើតាម Jon Sletten ប្រធាន​រោងចក្រ​របស់ Yara International នៅ Porsgrunn។ កប៉ាល់​នេះ​នឹង​បញ្ចូល​ថាមពល​នៅឯ​ចំណត់ មុននឹង​ធ្វើដំណើរ​ទៅកាន់​កំពុងផែ​កុងតឺន័រ​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ និង​ត្រលប់​មកវិញ។ Yara Birkeland អាចធ្វើ​ការជំនួស​រថ​យន្ត​ដឹកទំនិញ 40,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។

បច្ចុប្បន្ន ការងារ​លើកដាក់​ទំនិញ​នឹង​ត្រូវការ​មនុស្ស ប៉ុន្តែ Sletten ឱ្យដឹងថា មិនយូរ​ទៀត​ទេ គ្រប់​សកម្មភាព​របស់​កប៉ាល់​នេះ​នឹង​ត្រូវបាន​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។

សាស្ត្រាចារ្យ Rudy Negenborn មកពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft (ហូ​ឡង់) ឱ្យដឹងថា អនាគត កប៉ាល់​ស្វ័យប្រវត្ត​ដូចជា Yara Birkeland នឹងត្រូវ​ធ្វើ​អន្ត​រកម្ម​ជាមួយនឹង​កប៉ាល់​ដទៃ​ដើម្បី​គូសវាស​ផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍ ក្នុង​បំណង​​ចៀស​វាង​​បញ្ហា​ស្ទះផ្លូវ។

បើសិនជា​ពុំមាន​ក្រុម​នាវិក​ត្រួតពិនិត្យ និង​ថែទាំ កប៉ាល់​ដូច Yara Birkeland នឹងត្រូវ​បំពាក់​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្វ័យប្រវត្ត ដែល​អាច​រកឃើញ និង​ដោះស្រាយ​បញ្ហា ឬ​រាយការណ៍​ប្រាប់​មនុស្ស​ដើម្បី​ចេញទៅ​ជួយ។ ក្រៅពី​បញ្ហា​បច្ចេកទេស បណ្ដា​បញ្ហា​ផ្លូវច្បាប់​ក៏​នឹង​កើតមានឡើង​នៅពេល​កប៉ាល់​ស្វ័យប្រវត្ត​ធ្វើដំណើរ​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ៕

Advertisement